សហភាព​អឺរ៉ុប​សន្យា​ផ្តល់​ប្រាក់ ១៨០លាន​ដុល្លារ​សម្រាប់​វិស័យ​ថាមពល​ដល់​អ៊ុយក្រែន

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី​ Ursula von der Leyen (ខាងស្តាំ) និងនាយកប្រតិបត្តិនៃទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) លោក Fatih Birol ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការគាំទ្រសន្តិសុខថាមពលរបស់អ៊ុយក្រែន នៅទីស្នាក់ការកណ្តាល EU នៅទីក្រុង Brussels ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។

សហភាព​អឺរ៉ុប​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រស្បតិ៍​ថា ​ខ្លួននឹង​ផ្តល់​ឱ្យ​អ៊ុយក្រែន​នូវ​ថវិកា​ប្រហែល ១៨០លាន​ដុល្លារ​ នៅ​ក្នុង​វិស័យ​ថាមពល ដែល​ប្រាក់​ប្រហែល ១១១លាន​ដុល្លារ​នៃ​ប្រាក់​ទាំង​នោះ បាន​មកពី​ទ្រព្យសម្បត្តិ​រុស្ស៊ី​ដែល​ត្រូវ​បាន​បង្កក។ ការ​ប្រ កាស​នេះ​ កើត​ឡើង​មុន​អ្វី​ដែល​គេដឹង​ថា​ ជា​រដូវ​ត្រជាក់​ខ្លាំង​បំផុត​ បន្ទាប់ពី​ការវាយ​ប្រហារ​របស់​រុស្ស៊ី​លើ​បណ្តាញ​ថាមពល។

នៅឯ​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​ព្រុចសែល ប្រធាន​គណៈកម្មការ​អឺរ៉ុប​ លោក​ស្រី Ursula Von der Leyen បាន​និយាយ​ថា​ថវិកា​ប្រហែល៦៧លាន​ដុល្លារ​នឹង​ផ្តល់ទៅ​ទីជម្រក ម៉ាស៊ីន​កំដៅ​ និង​ជំនួយ​មនុស្សធម៌ ខណៈ​ដែល​ចំនួន​ទឹក​ប្រាក់​ដែល​នៅ​សល់​ត្រូវ​បានផ្តល់​ដោយ​ទ្រព្យសម្បត្តិ​រុស្ស៊ី និង​ត្រូវ​ប្រើប្រាស់​សម្រាប់​ជួសជុល​បណ្តាញ​អគ្គីសនី រួម​ជាមួយ​ការវិនិយោគ​ក្នុង​វិស័យ​ថាមពល​កកើត​ឡើង​វិញ។

ចំពោះ​ការប្រើ​ទ្រព្យសម្បត្តិ​រុស្ស៊ី លោក​ស្រី Von der Leyen បាន​និយាយ​ថា«​វា​ជា​ការ ត្រឹមត្រូវ​ដែល​រុស្ស៊ី​បង់​ប្រាក់​សម្រាប់​ការបំផ្លិចបំផ្លាញ​ដែល​ខ្លួន​បាន​ធ្វើ»។ លោក​ស្រី​និយាយ​ទៀត​ថា​ សហភាព​អឺរ៉ុប​នឹង​បន្ត​ដំណើរការ​ផ្ទេរ​ថវិកា​មកពី​ទ្រព្យសម្បត្តិ​រុស្ស៊ី​ សម្រាប់​ស្តារ​ថាមពល​របស់​អ៊ុយក្រែន​ ដែល​រួមមាន​ការធ្វើ​វិមជ្ឈការ​ផលិតកម្ម​ថាមពល​ និង​ការអនុវត្ត​ថាមពល​កកើត​ឡើង​វិញ​ ដូចជា​បន្ទះ​ស្រូប​កម្តៅ​ព្រះ​អាទិត្យ។

លោក​ស្រី Von der Leyen បាន​បន្ត​ទៀត​ថា​ លោក​ស្រី​នឹង​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​កៀវ​នៅ​ថ្ងៃ​សុក្រ​នេះ​ដើម្បី​ពិភាក្សា​ពី​ផែនការ​នៃ​ស្ថានភាព​ថាមពល។

ជំនួយ​ថាមពល​របស់​សហភាព​អឺរ៉ុប​កើតមាន​ឡើង ​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​មកពី​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ឬ IEAដែល​បាន​និយាយ​ថា​ ពីព្រោះ​តែ​ការកើន​ឡើង​នៅ​ក្នុង​ការវាយ​ប្រហារ​របស់​រុស្ស៊ី​លើ​ហេដ្ឋារចនាសម្ពន្ធ​ថាមពល​របស់​អ៊ុយក្រែន អ៊ុយក្រែន​បាន​ប្រឈម​រដូវ​រងា​ ដែល​ប្រហែល​ជាលំបាក​បំផុត​ ដោយសារ​កត្តា​ខ្វះ​ថាមពល ​ចាប់តាំង​ពីការឈ្លានពាន​របស់​រុស្ស៊ី​ក្នុង​ឆ្នាំ២០២២មក។

ថ្លែង​នៅ​ឯ​សន្និសីទ​ជាមួយ​គ្នា​នោះ​ដែរ នាយក​ប្រតិបត្តិ​ទីភ្នាក់ងារ​ថាម​ពល​អន្តរជាតិ​លោក Fatih Birolបាន​និយាយ​ថា​ ការវាយ​ប្រហារ​របស់​រុស្ស៊ី​កាលពី​ចុង​ខែ​មុន​ បាន​ធ្វើ​ឱ្យ​ខូចខាត​មួយ​ផ្នែក​ធំ​នៃ​ហេដ្ឋារចនាសម្ពន្ធ​របស់​អ៊ុយក្រែន៕