យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថាខ្លួនបានកម្ទេចដ្រូន ៦០គ្រឿងនៃដ្រូនទាំងអស់ចំនួន៧៨គ្រឿងរបស់រុស្ស៊ីដែលបានវាយប្រហារតំបន់នានានៅទូទាំងប្រទេសអ៊ុយក្រែន។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថាការបាញ់ស្ទាក់បានកើតមានឡើងនៅក្នុងតំបន់Cherkasy, Chernihiv, Dnipropetrovsk, Kharkiv, Kherson, Kirovohrad, Kyiv, Poltava, Vinnytsia, Zaporizhzhia និងតំបន់ Zhyomyr។
លោក Serhiy Lysak អភិបាលតំបន់ Dnipropetrovsk បាននិយាយនៅលើតេឡេក្រាមថាការវាយប្រហារមួយរបស់រុស្ស៊ីបានធ្វើឱ្យខូចខាតការដ្ឋានហេដ្ឋារចនាសម្ពន្ធមួយកន្លែងនិងមនុស្សម្នាក់រងរបួស។
នៅក្នុងតំបន់ Kherson ពួកមន្ត្រីបានរាយការណ៍ថាការវាយប្រហាររបស់រុស្ស៊ីដែលត្រូវចំមន្ទីរពេទ្យ២កន្លែងហើយបានធ្វើឱ្យមនុស្ស២នាក់រងរបួស។
លោក Filip Pronin អភិបាលតំបន់ Poltava បាននិយាយនៅលើតេឡេក្រាមថាកងទ័ពរុស្ស៊ីបានវាយប្រហារវិទ្យាស្ថានអប់រំមួយកន្លែង ក៏ប៉ុន្តែ លោកមិនបានផ្តល់ព័ត៌មានអំពីមនុស្សស្លាប់និងរងរបួសទេ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបានកម្ទេចគ្រាប់រ៉ុក្កែតមួយគ្រាប់និងដ្រូនអ៊ុយក្រែន២គ្រឿងនៅលើតំបន់ Belgorod។ អភិបាលតំបន់នោះបាននិយាយនៅលើតេឡេក្រាមថាមានការខូចខាតផ្ទះមួយខ្នងហើយថាមនុស្សម្នាក់ទៀតបានរងបួស។
ក្រសួងការពារជាតិបានប្រាប់ឱ្យដឹងទៀតថាប្រព័ន្ធការពារដែនអាកាសរុស្ស៊ីក៏បានបាញ់ទម្លាក់ដ្រូន៣គ្រឿងនៅលើតំបន់ Kursk ហើយនិងដ្រូន២គ្រឿងទៀតនៅលើតំបន់ Bryansk។
សភាអ៊ុយក្រែនបានបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ដើម្បីសុខចិត្តទទួលយកការលា ឈប់ពីតំណែងរបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kulebaមួយថ្ងៃបន្ទាប់ពីលោកបានស្នើសុំលាចេញពីតំណែងនៅពេលមានការរុះរើរដ្ឋាភិបាល។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានស្នើឱ្យលោក Andrii Sybiha អនុរដ្ឋមន្ត្រីរបស់លោក Kuleba ធ្វើជារដ្ឋមន្ត្រីការបរទេសថ្មី៕