រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ប្រចាំ​តំបន់​អាស៊ី​ពិភាក្សា​កិច្ចការ​សិទ្ធិ​មនុស្ស​ក្នុង​ពេល​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​

អ្នកស្រី ​Amanda Milling ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​របស់​ចក្រភព​អង់គ្លេស​ បាន​ជួប​ជាមួយ​តំណាង​អង្គការ​សិទ្ធិមនុស្ស​មួយចំនួន​របស់​កម្ពុជា កាល​ពី​ថ្ងៃ​ទី​ច័ន្ទ​​ទី​១០ ខែ​មករា ឆ្នាំ​២០២២​ នៅ​រាជធានី​ភ្នំពេញ។ (Facebook/British Embassy in Cambodia)

រដ្ឋមន្ត្រីចក្រភព​អង់គ្លេស​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បាន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​នា​ពេល​ថ្មីៗ​នេះ​មាន​ការ​ចាប់​ខ្លួន​តំណាង​សហជីព​និង​ការ​រឹតត្បិត​សិទ្ធិ​ជា​មូលដ្ឋាន​ផ្សេង​ទៀត​ដូច​ជា​ការ​បង្កើត​គណបក្ស​នយោបាយ។​ នេះ​បើ​តាម​មន្ត្រី​សង្គម​ស៊ីវិល​ដែល​បាន​ជួប​ជាមួយ​អ្នកស្រី​ Amanda Milling ​រដ្ឋមន្ត្រីចក្រភព​អង់គ្លេស​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ដែល​មក​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា​ចាប់​ផ្តើម​ពី​ថ្ងៃទី​១០​ដល់​ថ្ងៃទី​១១ ខែ​មករា។

អ្នកស្រី​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​មន្ត្រី​កម្ពុជា​ក្នុង​នោះ​មាន​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​លោក​ ប្រាក់ សុខុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​លោក​ហង់ ជួន ណារ៉ុន​និង​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​លោក​សាយ សំអាល់។​ អ្នកស្រី​ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​អង្គការ​សិទ្ធិ​មនុស្ស​និង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​កឹម សុខា​ផង​ដែរ។​

អ្នក​នាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​លោក​ស៊ឹង សែនករុណា​ប្រាប់​វីអូអេ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ថា​ អ្នកស្រី​ Amanda Milling​ បាន​ទទួល​ដំណឹង​អំពី​ការ​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​និង​សកម្មជន​សហជីព​នៅ​ពេល​ពួក​គេ​ធ្វើ​កូដកម្ម​ជំទាស់​នឹង​ការ​បណ្តេញ​ចេញ​ពី​ការងារ​ទាំង​បង្ខំ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​(NagaWorld) និង​បាន​បង្ហាញ​ក្តី​បារម្ភ​អំពី​ស្ថានភាព​មិន​ប្រសើរ​ឡើង​នៃ​ការ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រង​ការ​គាប​សង្កត់​ពី​អាជ្ញាធរ។​

លោក​ជឿ​ថា​ចក្រភព​អង់គ្លេស​ដែល​ជា​ប្រទេស​ផ្តល់​តម្លៃ​ដល់​ការ​គោរព​សិទ្ធិ​មនុស្ស​និង​ជា​ប្រទេស​ដែល​មាន​ឥទ្ធិពល​ខាង​ការទូត​មួយ​ក្នុង​សាកលលោក​នឹង​ផ្សព្វផ្សាយ​ពី​បញ្ហា​ដែល​បាន​កើត​ឡើង​នៅ​កម្ពុជា​ដល់​សហគមន៍​អន្តរ​ជាតិ​ផ្សេង​ទៀត​ដែល​អាច​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បែរ​មក​លើក​កម្ពស់​សិទ្ធិ​ជា​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស។​

បើ​តាម​លោក ​ស៊ឹង សែនករុណា​ អ្នកស្រី ​Milling​ បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ផល​លំបាក​របស់​ពលរដ្ឋ​ក្នុង​ការ​ចងក្រង​សមាគម​ ឬ​ដំណើរការ​អង្គការ​សមាគម​និង​ការ​បង្កើត​គណបក្ស​នយោបាយក្រោយ​ស្ថានភាព​នយោបាយ​បាន​ប្រែប្រួល​នៅ​ឆ្នាំ​២០១៧​ដែល​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​ប្រាប់​វីអូអេ​បន្ថែម​ថា៖​ «យើង​ឃើញ​មាន​ការ​លំបាក​ច្រើន​អំពី​ការ​បំពេញ​ការងារ។​បេសកកម្ម​ពួកគេ​នៅ​មូលដ្ឋាន​មាន​ការ​រារាំង​មាន​ការ​តាម​ដាន​មាន​ការ​ឃ្លាំមើល​មាន​ការ​បង្ក​លក្ខណៈ​នៅ​ក្នុង​ការ​ចុះ​បញ្ជី​ទាំង​គណបក្ស​នយោបាយ​ចុះ​បញ្ជី​ទាំង​ខាង​សហជីព​អី​ជា​ដើម​ អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ​អី​ជាដើម។​ យើង​ឃើញ​ថា​វា​ជាការ​បង្ក​ការ​លំបាក​ច្រើន​នៅ​ក្នុង​រឿង​ហ្នឹង។​អ៊ីចឹង​ចំណុច​ទាំង​អស់​នេះ​ដែល​គាត់​ចាប់​អារម្មណ៍​ជាង​គេ​នៅ​ក្នុង​រឿង​ហ្នឹង»។​

ក្រៅ​ពី​ផ្តោត​លើ​បញ្ហា​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​កម្ពុជាអ្នកស្រី​ Milling​ បាន​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ចក្រភព​អង់គ្លេស​ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​និង​ធ្វើការ​ជាមួយ​កម្ពុជា​ដែល​ជា​ប្រធាន​សមាគម​អាស៊ាន​ក្នុង​ឆ្នាំ​២០២២​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ​មួយ​ចំនួន​ក្នុង​តំបន់​ដែល​រួម​មាន​ការ​សា្តរ​ឡើង​វិញ​ពី​ជំងឺ​កូវីដ១៩​ ការ​ដោះ​ស្រាយ​វិបត្តិ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​និង​បញ្ហា​ប្រែប្រួល​អាកាសធាតុ។​នេះ​បើ​តាម​សេចក្តី​ប្រកាស​ចេញ​ផ្សាយ​ដោយ​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា។​

បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​ អ្នកស្រី​ Amanda Milling​បាន​បញ្ជាក់​សាជា​ថ្មី​អំពី​សារៈ​សំខាន់​នៃ​ការ​ការពារ​សិទ្ធិ​មនុស្ស​និង​ការ​គាំទ្រ​របស់​ចក្រភព​អង់​គ្លេស​ចំពោះ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​និង​សេរី​ភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​និង​តំបន់​អាស៊ី​អាគ្នេយ៍។​

ក្នុង​សារ​ឆ្លើយ​តប​តាម​អ៊ីមែល​ទៅ​នឹង​សំឡេង​សហ​រដ្ឋ​អាមេរិក​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ ស្ថានទូត​របស់​ចក្រភព​អង់គ្លេស​នៅ​ទីក្រុង​ភ្នំពេញ​បាន​លើក​ឡើង​ថា៖​ «អ្នកស្រី​រដ្ឋមន្ត្រី​បាន​ពិភាក្សា​ការ​តវ៉ា​ខាង​ការងារ​នាពេល​ថ្មីៗ​នេះ​និង​សារៈ​សំខាន់​នៃ​ប្រជាធិបតេយ្យ​នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ក្នុង​រដូវ​ក្តៅ​នេះ[ពាក់​កណ្តាល​ឆ្នាំ​នេះ]»។​

ក្រោយ​ជំនួប​ជាមួយ​លោក ​កឹម សុខា​ កាល​ពី​ថ្ងៃ​អង្គារ​ អ្នកស្រី​ Milling​ បាន​បញ្ជាក់​លើ​ប្រព័ន្ធ​ Twitter​របស់​អ្នកស្រី​ថា៖​ «យើង​ទាំង​ពីរ​នាក់​ចង់​ឃើញ​កម្ពុជា​ដែល​មាន​សន្តិភាព​វិបុលភាព​និង​ប្រជាធិបតេយ្យ។​យើង​បាន​ពិភាក្សា​អំពី​តម្រូវការ​សម្រាប់​ការ​គោរព​សិទ្ធិ​មនុស្ស​ហើយ​ថា​តើ​អ្នក​ជំនាន់​ក្រោយ​កម្ពុជា​អាច​ចូល​រួម​ចំណែក​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​លើ​បញ្ហា​ទាំង​នេះ​យ៉ាង​ដូច​ម្តេច»។​

អ្នកស្រី ​Amanda Milling ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​របស់​ចក្រភព​អង់គ្លេស​ បាន​ជួប​ជាមួយ​លោក ​ប្រាក់ សុខុន​ កាល​ពី​ថ្ងៃ​ទី​អង្គារ​ទី​១១ ខែ​មករា ឆ្នាំ​២០២២​ នៅ​រាជធានី​ភ្នំពេញ ក្នុង​ដំណើរ​ទស្សនកិច្ចដែល​ផ្តោត​លើ​ទំនាក់​ទំនង​ទ្វេភាគី​ ពាណិជ្ជកម្ម ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​ និង​បញ្ហា​សិទ្ធិ​មនុស្ស​ផង​ដែរ។ ​(Facebook/Cambodian Ministry of Foreign Affairs)

លោក ​ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​និង​មាន​តួនាទី​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ថ្លែង​ថា​ក្នុង​បញ្ហា​សិទ្ធិ​មនុស្ស​អ្នកស្រី​ Amanda Milling ​ នឹង​អាច​វាយ​តម្លៃ​នៅ​ពេល​ក្រោយ​បន្ទាប់​ពី​ដំណើរ​ទស្សន​កិច្ច​របស់​អ្នកស្រី​នៅ​កម្ពុជា​ក្រោយពី​បាន​ជួប​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដែល​ធ្វើ​ការ​លើ​ការ​ពង្រឹង​សិទ្ធិ​មនុស្ស​នេះ។​

លោក​ប្រាប់​វីអូអេ​យ៉ាង​ដូច្នេះ​ថា៖​ «ធម្មតា​ទេ​ដំណើរ​ទស្សន​កិច្ច​របស់​គាត់​ គាត់​ត្រូវ​ជួប​ជាមួយ​គ្រប់​ភាគី​ ហើយ​ក្នុង​ហ្នឹង​ភាគី​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​គឺ​នឹង​ធ្វើ​ការ​រិះគន់​ផ្តល់​ព័ត៌មាន​មិន​ល្អ​ពី​រដ្ឋាភិបាល​ទៅ​គាត់​ហើយ​ក៏​ប៉ុន្តែ​គាត់​ក៏​ជួប​ជាមួយ​នឹង​តំណាង​រដ្ឋាភិបាល​ដែរ​អ៊ីចឹង​គាត់​ក៏​ទទួល​បាន​ព័ត៌មាន​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ហើយ​គាត់​ក៏អាច​ធ្វើ​ការ​ថ្លឹង​ថ្លែង​និង​ពិចារណា​មើល​បាន​ដែរ»។​

មុន​ដំណើរ​ទស្សន​កិច្ច​របស់​អ្នកស្រី​ Amanda Milling ​នៅ​កម្ពុជា​ សកម្មជន​សង្គម​និង​នយោបាយ​យ៉ាង​ហោច​ណាស់​ជាង​២០​នាក់​ត្រូវ​បាន​ដោះ​លែង។​ ក៏​ប៉ុន្តែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​ អាជ្ញាធរ​បាន​ចាប់​ឃុំ​ខ្លួន​អ្នក​សហជីព​ចំនួន​៨​នាក់​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចំពោះ​តួនាទី​របស់​ពួក​គេ​ក្នុង​ការ​ដឹកនាំ​កូដកម្ម​នៅ​ក្រុមហ៊ុន​នេះ។​ ការ​ចាប់​ខ្លួន​នេះ​នាំ​ឱ្យ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មាន​ការ​បារម្ភ​ជាថ្មី​ចំពោះ​ការ​កើន​ឡើង​នៃ​ការ​គាប​សង្កត់​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ក្នុង​ការ​តស៊ូ​មតិ​និង​ការ​ចងក្រង​សមាគម៕​