លោក Francis Mugisha ដែលជាអ្នកជំនាញផ្នែកព័ត៌មានវិទ្យាម្នាក់ បានវិលត្រឡប់មកកាន់អ៊ូហ្កង់ដាវិញ បន្ទាប់ពីឆ្លងកាត់បទពិសោធន៍ដ៏អាក្រក់នៅអាស៊ី។
លោកនិយាយថា រឿងដ៏អាក្រក់នេះបានកើតឡើង បន្ទាប់ពីលោកសម្រេចទៅធ្វើការជាអ្នកគ្រប់គ្រងទិន្នន័យ និងអ្នកជំនាញផ្នែកព័ត៌មានវិទ្យានៅប្រទេសឡាវ។
មិនយូរប៉ុន្មានក្រោយពីបានទៅដល់ លោក Mugisha និយាយថា ប្រធានរបស់លោកនៅក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយបានប្រាប់លោកថា លោកបានជំពាក់ប្រាក់ពួកគេចំនួន ២.២២៥ ដុល្លារអាមេរិក។ បន្ទាប់ពីនោះមក ការងាររបស់លោកបានផ្លាស់ប្តូរភ្លាមៗ។
លោក Mugisha ថ្លែងថា៖ «ខ្ញុំមិនរំពឹងថា មានគេមកប្រាប់ខ្ញុំថា ខ្ញុំគឺជាទាសកររបស់គេនោះទេ។ ខ្ញុំត្រូវធ្វើការឱ្យគេនោះទេ»។
លោក Mugisha លើកឡើងថា ពួកគេបានរក្សាទុកលិខិតឆ្លងដែននិងទូរសព្ទរបស់លោក ហើយបានលក់លោកបន្តឱ្យទៅក្រុមហ៊ុនមួយទៀតមានមូលដ្ឋាននៅមីយ៉ាន់ម៉ា ដោយបានបញ្ចូនលោកតាមទូកតាមទន្លេមេគង្គ។ ជាជាងធ្វើការផ្នែកគ្រប់គ្រងទិន្នន័យ លោកត្រូវបានបង្ខំឱ្យធ្វើការឆបោកតាមប្រព័ន្ធអនឡាញ និងធ្វើការជាច្រើនម៉ោងក្រោមលក្ខខណ្ឌដ៏លំបាក។
លោក Mugisha ថ្លែងថា៖ «ប្រសិនបើអ្នកមិនអាចរកមនុស្សបាន ពួកគេនិយាយថាជាថ្ងៃមិនបានផល។ ដូច្នេះ អ្នកត្រូវប្រឈមនឹងការវាយដំ ឆក់ខ្សែភ្លើង ឃុំខ្លួនក្នុងបន្ទប់ជាដើម។ ពេលខ្លះ អ្នកត្រូវគេដាក់ច្រវាក់ជាប់នឹងកៅអី។ ប្រសិនបើអ្នកនិយាយថា៖ «ទេ ខ្ញុំមិនអាចធ្វើការទេ ខ្ញុំចង់ទៅវិញ ពួកគេចាប់ចងអ្នកភ្ជាប់នឹងកៅអី»។
វីអូអេមិនអាចបញ្ជាក់ដោយឯករាជ្យពីការលើកឡើងរបស់លោក Mugisha នោះទេ ប៉ុន្តែសេចក្តីលម្អិតនៃបទពិសោធន៍របស់លោកគឺ ស្រដៀងគ្នានឹងរបាយការណ៍ព័ត៌មានដទៃទៀត និងឯកសារផ្លូវការស្តីពីវិស័យឆបោកតាមប្រព័ន្ធអ៊ីនធឺណិតដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារនេះ។ អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មនុស្សជាង ១២០.០០០នាក់ ត្រូវបានបង្ខំឱ្យធ្វើការតាមកន្លែងឆបោកនៅមីយ៉ាន់ម៉ា។
លោក Mugisha និយាយថា នៅទីបំផុត លោកអាចគេចខ្លួនចេញបានតាមរយៈការទាក់ទងមនុស្សជាច្រើនតាមអាចធ្វើបាន ដូចជា ទៅកាន់ស្ថានទូតនានាដើម្បីសុំជំនួយពីអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ ដែលជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិផ្នែកសិទ្ធិមនុស្ស និងស្ថានទូតអ៊ូហ្កង់ដានៅមីយ៉ាន់ម៉ា។
អាជ្ញាធរក្រុងកំប៉ាឡានិយាយថា ពលរដ្ឋអ៊ូហ្កង់ដាប្រមាណ ៣០នាក់កំពុងជាប់ឃុំក្រោមលក្ខខណ្ឌស្រដៀងគ្នានេះនៅតាមអគារនានានៅមីយ៉ាន់ម៉ា ក្នុងតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាមដែលប្រយុទ្ធនឹងរបបសឹកមីយ៉ាន់ម៉ា។
មន្រ្តីនិយាយថា ប្រតិបត្តិការឆបោកទាំងនោះគឺធ្វើឡើងដោយក្រុមជនអន្ធពាលចិនដីគោក ដែលជាញឹកញាប់លួចនាំជនរងគ្រោះឆ្លងកាត់តាមប្រទេសកេនយ៉ា។ ជនរងគ្រោះបានធ្លាក់ក្នុងដៃក្រុមជនអន្ធពាលនេះនៅពេលដែលពួកគេមកដល់អាស៊ី។
លោក Derrick Basalirwa Kigenyi គឺជាអនុប្រធានផ្នែកសម្របសម្រួលថ្នាក់ជាតិអ៊ូហ្កង់ដាសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។
លោកបាននិយាយថា អាជ្ញាធរអ៊ូហ្កង់ដាបានលើកឡើងពីបញ្ហានេះទៅកាន់នាយករដ្ឋមន្រ្តីមីយ៉ាន់ម៉ាលោក Min Aung Hlaing ដែលបានសន្យាថា ពលរដ្ឋអ៊ូហ្កង់ដាដែលត្រូវបានដោះលែងនឹងមិនត្រូវរងបទចោទប្រកាន់ពាក់ព័ន្ធនឹងបញ្ហាអន្តោប្រវេសន៍នោះទេ។
លោក Derrick Basalirwa Kigenyi ថ្លែងថា៖ «ក៏ប៉ុន្តែពិតណាស់ ពួកគេក៏ទទួលស្គាល់ដែរថា តំបន់នេះគឺគ្រប់គ្រងដោយក្រុមឧទ្ទាម អ្វីដែលពាក់ព័ន្ធនឹងភាពគ្មានច្បាប់ទម្លាប់នៅក្នុងបរិបទសកម្មប្រយុទ្ធគឺ មានលក្ខណៈស្មុគស្មាញ»។
អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាមិនបានឆ្លើយតបនឹងសំណើសុំការអធិប្បាយរបស់វីអូអេនោះទេ។
អ្នកស្រី Mina Chang គឺជាស្ថាបនិកអង្គការក្រៅរដ្ឋាភិបាល Humanity Research Consultants ដែលប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ អ្នកស្រីនិយាយថា ក្រុមជនអន្ធពាលចាត់គោលដៅលើអ្នកដែលចេះនិយាយភាសាអង់គ្លេស និងភាសាដទៃទៀត ដែលគេអាចប្រើឱ្យឆបោកមនុស្សនៅក្រៅប្រទេសចិន។
អ្នកស្រី Mina Chang ថ្លែងថា៖ «ជនពីអាហ្វ្រិកខាងកើតអាចនិយាយភាសាអង់គ្លេសបានល្អ។ ដូច្នេះ មានន័យថា វាកាន់តែងាយស្រួលដើម្បីធ្វើការឆបោក ដោយពួកគេអាចចាត់គោលដៅលើជនជាតិដទៃទៀត ច្រើនជាងជនជាតិចិនអាចធ្វើបាន។ ដូចគ្នានេះដែរ ពេលខ្លះ ពួកឧក្រិដ្ឋជន ចង់ប្រើជនរងគ្រោះឱ្យនិយាយតាមវីដេអូ ដើម្បីឆបោកជនរងគ្រោះដទៃទៀត។ ដូច្នេះគេត្រូវការមនុស្សដែលចេះនិយាយភាសាអង់គ្លេសពិតប្រាកដ ត្រូវទេ? ប្រសិនបើគេដាក់ជនជាតិចិន ដែលមិនចេះនិយាយអង់គ្លេស នោះវាពិបាកនៅក្នុងការធ្វើការងារដូចនេះ»។
អ្នកស្រី Chang លើកឡើងថា សកម្មភាពឧក្រិដ្ឋកម្មនេះត្រូវបានការពារតាមរយៈអំពើពុករលួយជាប្រព័ន្ធនៅមីយ៉ាន់ម៉ា ទាំងនៅក្នុងតំបន់គ្រប់គ្រងដោយរបបសឹក និងតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាម ជាទីដែលក្រុមជនមានអំណាច និងរដ្ឋបាលដឹកនាំផ្តល់ជម្រកដល់ក្រុមជនអន្ធពាលមានមូលដ្ឋាននៅចិនដីគោក៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា