បន្ទាប់ពីបានដំណើរការសាកល្បងនៅក្នុងទីក្រុងភ្នំពេញមួយរយៈ ក្រុមហ៊ុនដឹកជញ្ជូន Uber ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក បានប្រកាសដាក់ឲ្យដំណើរការសេវាកម្មរបស់ខ្លួនជាផ្លូវការនៅកម្ពុជា។ សេវាកម្មសាមញ្ញរបស់ Uber គឺចុងប៊ូតុងលើទូរស័ព្ទដៃ រួចធ្វើដំណើរ។
ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ Uber របស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានបើកដំណើរការជាផ្លូវការនៅកម្ពុជាដែលធ្វើឲ្យប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ក្លាយជាប្រទេសទី៧៨ ក្នុងពិភពលោក ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់សេវាដឹកជញ្ជូនថ្មីនេះ។
លោក Brooks Entwistle នាយកគ្រប់គ្រងអាជីវកម្មក្រុមហ៊ុន Uber បានថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សេវាកម្មដឹកជញ្ជូនរបស់ខ្លួន ធ្វើឡើងនៅរាជធានីភ្នំពេញថា Uber នឹងមានវត្តមានតែនៅក្នុងរាជធានីភ្នំពេញ សម្រាប់ជំហានដំបូងនៃអាជីវកម្មរបស់ខ្លួន។
«យើងកំពុងចាប់ផ្តើមដំណើរការនៅទីក្រុងភ្នំពេញនេះ។ យើងផ្តោតទៅលើក្រុងភ្នំពេញ ដែលជាទីក្រុងរបស់កម្ពុជា។ អ្នករាល់គ្នាដឹងហើយថា នៅរាល់ទីក្រុងដែលយើងចាប់ផ្តើម គឺយើងនឹងធ្វើឲ្យប្រាកដថា យើងបានផ្តល់សេវាកម្ម សម្រាប់អ្នកធ្វើដំណើរ និងឱកាសសម្រាប់អ្នកបើកបរ ហើយនិងដំណោះស្រាយល្អបំផុត ដែលយើងអាចផ្តល់បាន នៅមុនពេលយើងគិតអំពីថា តើកន្លែងណាទៀតដែលយើងត្រូវទៅនោះ? ដូច្នេះ សម្រាប់ពេលនេះ យើងផ្តោតទាំងស្រុងក្នុងទីក្រុងភ្នំពេញ ហើយយើងមានក្តីរំភើបណាស់ ហើយត្រៀមរួចរាល់សម្រាប់ដំណើរការក្នុងទីក្រុងភ្នំពេញ»។
ក្រុមហ៊ុន Uber ដែលមានទីតាំងនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក បានប្រើប្រាស់បច្ចេកវិទ្យាដើម្បីផ្តល់សេវាកម្ម ridesharing (ឬការចែកគ្នាចំណាយសម្រាប់ការធ្វើដំណើរ) ដើម្បីដឹកជញ្ជូននៅក្នុងទីក្រុងចំនួនជាង ៦០០ នៅទូទាំងពិភពលោក។
សេវាកម្ម ridesharing (ឬការចែកគ្នាចំណាយសម្រាប់ការធ្វើដំណើរ) ត្រូវបានបង្កើតឡើងដោយស្ថាបនិករបស់ក្រុមហ៊ុន Uber បន្ទាប់ពីស្ថាបនិករបស់ក្រុមហ៊ុននេះ ជួបបញ្ហាលំបាកក្នុងការរកមធ្យោបាយធ្វើដំណើរ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំងកាលពីឆ្នាំ២០០៨។ ក្រុមហ៊ុន Uber ក៏បានផ្តើមអាជីវកម្មរបស់ខ្លួននៅឆ្នាំ ២០១០ ដើម្បីដោះស្រាយបញ្ហានេះ។ នេះបើតាមការបញ្ជាក់របស់លោក Brooks Entwistle នាយកគ្រប់គ្រងអាជីវកម្ម ក្រុមហ៊ុន Uber។
ចាប់តាំងពីឆ្នាំ២០១០មក ជារៀងរាល់ខែ Uber មានភ្ញៀវអ្នកដំណើរជាង ៦៥លាននាក់ ហើយក្រុមហ៊ុននេះ មានអ្នកបើកបរដៃគូសកម្មប្រមាណ ២លាននាក់ នៅទូទាំងពិភពលោក។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក William A. Heidt បានថ្លែងក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់សេវាកម្មក្រុមហ៊ុន Uber ថា ទីក្រុងភ្នំពេញ ក៏ដូចជាបណ្តាទីក្រុងផ្សេងទៀតនៅក្នុងតំបន់អាស៊ី បានប្រឈមនឹងបញ្ហាស្ទះចរាចរ ដោយសារតែកំណើនយានយន្ត ហេតុដូច្នេះ Uber នឹងជួយបំពេញមធ្យោបាយដែលមានស្រាប់ សម្រាប់ដោះស្រាយការកកស្ទះចរាចរណ៍នេះ។
«ទីក្រុងនៅទូទាំងអាស៊ីក្នុងនោះមានទីក្រុងភ្នំពេញ កំពុងបន្ថែមរថយន្តរាប់សិបពាន់គ្រឿងនៅលើផ្លូវនានាជារៀងរាល់ឆ្នាំ។ សម្ពាធលើហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានក្នុងទីក្រុងជាច្រើន បានកើនកាន់តែខ្លាំង។ បច្ចេកវិទ្យា Uber កំពុងផ្តល់ដំណោះស្រាយលើបញ្ហាទាំងនេះ ដោយការផ្តល់នូវមធ្យោបាយឆ្លាតវៃជាងមុននៃការដឹកជញ្ជូន ជាមួយនឹងឡានមានចំនួនតិច ដឹកមនុស្សបានច្រើន ដែលបានបំពេញបន្ថែមលើប្រព័ន្ធដែលមានស្រាប់»។
យោងតាមរបាយការណ៍របស់កាសែត The New York Times ដែលបានចេញផ្សាយកាលពីខែមិថុនា បានឲ្យដឹងថា Uber ដែលបានប្រមូលទុនពីអ្នកវិនិយោគជាង១.៤លានដុល្លារ ក្រោយការបង្កើតក្រុមហ៊ុន តាំងពីឆ្នាំ ២០០៩ មានម្ចាស់ភាគហ៊ុនជាច្រើន។ អ្នកវិនិយោគរបស់ Uber រួមមានក្រុមហ៊ុនTPG Capital មូលនិធិវិនិយោគសាធារណៈរបស់ប្រទេស Saudi Arabia និងអតិថិជនដែលមានទ្រព្យសម្បតិ្តស្តុកស្តម្ភរបស់ក្រុមហ៊ុនជាច្រើនដូចជា ក្រុមហ៊ុន Morgan Stanley និងក្រុមហ៊ុន Goldman Sachs។
លោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានទទួលស្គាល់ថា បច្ចេកវិទ្យារបស់ក្រុមហ៊ុន Uber នឹងរួមចំណែកដល់ការកាត់បន្ថយចំនួនយានយន្តនៅលើផ្លូវ កាត់បន្ថយផលប៉ះពាល់ផ្សេងៗលើបរិស្ថាន បង្កើនជម្រើសសម្រាប់មធ្យោបាយដឹកជញ្ជូនសម្រាប់ប្រជាជន ដែលរស់នៅ ធ្វើការនិងទស្សនាកម្ពុជា ហើយផ្តល់ឱកាសរកចំណូលដល់ម្ចាស់យានយន្តឯកជន។ លោកថ្លែងបន្ថែមថា ការដាក់ឲ្យដំណើរការសេវាកម្ម Uber នេះ បញ្ជាក់ឲ្យសាធារណជនដឹងថា កម្ពុជា ជាប្រទេសដែលស្វាគមន៍បច្ចេកវិទ្យាថ្មីៗ។
រដ្ឋលេខាធិការរូបនេះបញ្ជាក់ថា៖
«ប្រទេសកម្ពុជា បើកចំហទទួលយកបច្ចេកវិទ្យា និងអាជីវកម្មថ្មីៗ និងគំនិតថ្មីៗ។ ជាលទ្ធផល កម្ពុជានឹងទទួលផលប្រយោជន៍ជាច្រើនពីបទពិសោធន៍របស់ Uber ក្នុងប្រទេសជាច្រើន»។
តាមការពន្យល់របស់អ្នកជំនាញក្នុងក្រុមហ៊ុន Uber អ្នកដែលចង់បានសេវាកម្មពីក្រុមហ៊ុននេះ ត្រូវដំឡើង App ឬកម្មវិធីប្រើក្នុងទូរស័ព្ទ សម្រាប់ធ្វើការទំនាក់ទំនងជាមួយម្ចាស់រថយន្ត។ អ្នកបើកបររថយន្តដែលសហការជាមួយក្រុមហ៊ុន Uber សុទ្ធតែត្រូវបានបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួនត្រឹមត្រូវ ហើយជាអ្នកមានប័ណ្ណបើកបរស្របតាមច្បាប់ប្រទេសកម្ពុជា។
លោក បាន ហេង ជាម្ចាស់រថយន្តមួយគ្រឿង ដែលបានចូលរួមជាមួយក្រុមហ៊ុន Uber និយាយថា Uber បានផ្តល់ចំណូលបន្ថែមទៀត លើការងារដែលលោកមានស្រាប់ ហើយថា ម្ចាស់រថយន្តដទៃអាចពិចារណាចូលរួមជាមួយ Uber រកប្រាក់ចំណូលជាជាងទុករថយន្តខ្លួនឲ្យនៅទំនេរចោល។
«Uber ល្អមែនទែនសម្រាប់ខ្ញុំ សម្រាប់ទាំងចំណូលបន្ថែម ហើយក៏វានឹងអាចជាល្អសម្រាប់បងប្អូនមួយចំនួនផ្សេងទៀត ដែលគាត់ចង់រកចំណូលបន្ថែម ហើយគាត់មានឡាន គាត់ទុកទំនេរចោល ហើយគាត់ចង់រកចំណូលបន្ថែម។ គាត់អាចនឹងបានបទពិសោធន៍ថ្មីៗ ពី Uber ផងដែរបាទ»។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Uber នៅថ្ងៃព្រហស្បតិ៍ដដែលនេះ ក្រុមហ៊ុន Uber និងក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ស្តីអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងការជំរុញបច្ចេកវិទ្យា និង shared mobility (ឬការចល័តរួមគ្នា) ដើម្បីបម្រើសេវាកម្មដល់ប្រទេសកម្ពុជា និងប្រជាជនក្នុងប្រទេសនេះ៕