រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានឱ្យដឹងពីការប្តេជ្ញារបស់ខ្លួនក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលទីក្រុងភ្នំពេញ ក្នុងការលើកស្ទួយវិស័យសុខភាពសាធារណៈនៅកម្ពុជាខណៈមន្ត្រីសុខាភិបាលជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូបបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានជួបមន្ត្រីមួយចំនួន ដើម្បីពិភាក្សាកិច្ចការចាំបាច់ជាច្រើនពាក់ព័ន្ធនឹងវិស័យសុខាភិបាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ។
សេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានលើកឡើងថានាយិកានៃមជ្ឈមណ្ឌលប្រយុទ្ធ និងបង្ការជំងឺឆ្លង(CDC) របស់សហរដ្ឋអាមេរិក អ្នកស្រីវេជ្ជបណ្ឌិត Mandy K. Cohen បានជួបពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជា និងដៃគូធ្វើការក្នុងវិស័យសុខភាពសាធារណៈ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកុម្ភៈ។
ក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា និងមន្រ្តីនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អ្នកស្រីវេជ្ជបណ្ឌិត Cohen បានរំឭកពីកិច្ចសហការជាដៃគូដ៏យូរមក ដែលមានរយៈពេល ២២ឆ្នាំរវាង មជ្ឈមណ្ឌលប្រយុទ្ធ និងបង្ការជំងឺឆ្លង(CDC) សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា និងបានគូសបញ្ជាក់ពីសារសំខាន់នៃការបន្តកិច្ចសហការគ្នា នៅក្នុងការការពារ និងរកឃើញទាន់ពេលនូវជំងឺផ្លូវដង្ហើម និងការឆ្លើយតប ហើយនិងការត្រៀមរៀបចំសម្រាប់គ្រាបន្ទាន់ផ្នែកសុខភាពសាធារណៈ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy ត្រូវបានស្រង់សម្តីក្នុងសេចក្តីប្រកាសនោះថា៖«ទស្សនកិច្ចរបស់វេជ្ជបណ្ឌិត Cohen បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះការលើកកម្ពស់វិស័យសុខភាពសាធារណៈ នៅកម្ពុជា។ ភាពជាដៃគូជាបន្តរបស់ CDC អាមេរិក បានជួយកម្ពុជាប្រកបដោយប្រសិទ្ធភាពក្នុងការប្រឆាំងនឹងជំងឺអេដស៍ របេង គ្រុនចាញ់ ផ្តាសាយ និងជំងឺឆ្កែឆ្កួត»។
លោកបន្ថែមថា៖ «រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលរួមមានទាំងCDC និងទីភ្នាក់ងារសហរដ្ឋអាមេរិកដទៃទៀតផ្នែកសុខភាពដែលកំពុងធ្វើការនៅព្រះរាជាណាចក្រកម្ពុជាក៏បានជួយផងដែរដល់អាជ្ញាធរកម្ពុជាក្នុងការធ្វើការឆ្លើយតបបានភ្លាមៗ និងប្រកបដោយប្រសិទ្ធភាពបំផុត ក្នុងចំណោមការឆ្លើយតបប្រកបដោយប្រសិទ្ធភាពបំផុតក្នុងពិភពលោកទៅនឹងការផ្ទុះឡើងនៃជំងឺCovid-19» ។
ចំណែករដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានស្វាគមន៍និងថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក និងប្រជាជនអាមេរិក តាមរយៈការផ្តល់ជំនួយសហប្រតិបត្តិការបច្ចេកទេសដល់វិស័យសុខាភិបាល តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិហៅកាត់ថា(USAID) ជាពិសេសមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងរបស់អាមេរិក(US-CDC)ដែលបានសហការចូលរួមគាំទ្រក្រសួងសុខាភិបាលនិងរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជានិងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់និងរឹងមាំនៅប្រទេសកម្ពុជាជាច្រើននាពេលកន្លងមក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថាអ្នកស្រីវេជ្ជបណ្ឌិត Cohen បានបញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិការរួមគ្នាពង្រឹងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅដែល បានកំណត់ដោយផែនការយុទ្ធសាស្រ្តសុខាភិបាល២០២២-២០៣០ ព្រមទាំងសហការបន្តពង្រឹងសន្តិសុខសុខភាពសាកលបន្ថែមទៀត តាមរយៈការបន្តគាំទ្រការបណ្តុះបណ្តាលមន្ត្រីសុខាភិបាល ដើម្បីជួយក្នុងការអនុវត្តកម្មវិធីសុខភាពសាធារណៈនៅកម្ពុជា និងបន្តជួយកម្ពុជាលើការអនុវត្តផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជាលោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិកបានរួមចំណែកគួរឱ្យកត់សម្គាល់ក្នុងការស្តាវិស័យសុខាភិបាលនៅកម្ពុជា ក្នុងនោះគឺការលើកកម្ពស់សុខភាពសាធារណៈ ដោយភាគីអាមេរិកបានផ្តល់វ៉ាក់សាំង និងថ្នាំពេទ្យជាច្រើនទៀតដើម្បីបង្ការជំងឺឆ្លងផ្សេងៗ និងព្យាបាលជំងឺកុមារនៅកម្ពុជា។ លោកបន្ថែមថា កម្ពុជានៅត្រូវការជំនួយបន្ថែមទៀតពីសហរដ្ឋអាមេរិកក្នុងការពង្រឹងវិស័យសុខាភិបាលរបស់ខ្លួន។
លោកថ្លែងថា៖«ប្រមុខរដ្ឋាភិបាលអាមេរិកត្រូវការជួយដល់ប្រជាពលរដ្ឋខ្មែរយើងបន្តទៀត ពីព្រោះយើងមិនទាន់បានជាប្រទេសមួយដែលមាន គេហៅមានបច្ចេកវិទ្យាជឿនលឿនដូចប្រទេសដែលមហាអំណាចធំៗហ្នឹងទេ។ អ៊ីចឹង យើងត្រូវការជំនួយ ដូចជាសម្ភារៈពេទ្យ ដូចជាថ្នាំពេទ្យ ដែលយើងត្រូវការជានិច្ចហ្នឹងដើម្បីជួយដល់ប្រជាពលរដ្ឋយើង»។
វីអូអេមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រីវេជ្ជបណ្ឌិតឱ វណ្ណឌីនបានទេនៅថ្ងៃសុក្រនេះ។ វីអូអេក៏មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លងនៃក្រសួងសុខាភិបាលកម្ពុជា លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានដែរ។
អំឡុងពេលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា អ្នកស្រីវេជ្ជបណ្ឌិត Cohen បានទៅមើលកន្លែងលក់សត្វបក្សីរស់នៅផ្សារអូរឫស្សី មន្ទីរពេទ្យកុមារជាតិ មន្ទីរពិសោធន៍នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមជ្ឈមណ្ឌលCDCកម្ពុជា ដើម្បីពិនិត្យមើលពីកិច្ចប្រឹងប្រែងរួមគ្នាដ៏ខ្លាំងរវាងCDC អាមេរិក និងដៃគូនានាដើម្បីការពារតាមដាន និងឆ្លើយតបនឹងការគំរាមកំហែងនៃវីរុសផ្លូវដង្ហើមថ្មីៗ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ។
អ្នកស្រីក៏បានចុះពិនិត្យដោយផ្ទាល់នៅមណ្ឌលសុខភាពទួលគោកនៅភ្នំពេញ អំពីកិច្ចសហការគ្នាជាដៃគូក្នុងមូលដ្ឋាន ក្នុងការដោះស្រាយបញ្ហាជំងឺអេដស៍ និងជំងឺឆ្លងដទៃទៀត។
លើសពីនេះ អ្នកស្រីបានទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងផងដែរ ដើម្បីឈ្វេងយល់បន្ថែមពីការជួយឧបត្ថម្ភរបស់សហរដ្ឋអាមេរិក ក្នុងការនាំមកនូវយុត្តិធម៌ គណនេយ្យភាពនិងការអភិរក្សនូវវត្ថុចងចាំពីជនរងគ្រោះដោយសារអំពើឃោរឃៅ។
សហរដ្ឋអាមេរិកបានរួមចំណែកជួយវិស័យសុខាភិបាលកម្ពុជាជាច្រើន រួមមានកម្មវិធីរបស់ប្រធានាធិបតីអាមេរិក សំដៅទប់ស្កាត់ការចម្លងជំងឺអេដស៍ជាបន្ទាន់(PEPFAR) ដើម្បីធ្វើឱ្យលែងមានជំងឺអេដស៍នៅត្រឹមឆ្នាំ២០៣០ លើកកម្ពស់ការលុបបំបាត់ជំងឺគ្រុនចាញ់ លើកកម្ពស់សន្តិសុខជាសាកលផ្នែកសុខភាព ការឆ្លើយតបនឹងជំងឺCovid-19និងពង្រីកការចាក់វ៉ាក់សាំងការពារ កាត់បន្ថយអត្រាមរណភាពមាតានិងទារក និងការពង្រឹងប្រព័ន្ធសុខាភិបាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា៕