ព្រឹទ្ធសភាកម្ពុជាបានប្រកាសច្រានចោលសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាមេរិក ដែលបានផ្តល់ការយល់ព្រមលើសេចក្តីស្នើច្បាប់ស្តីពីលទិ្ធប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២២ ព្រឹទ្ធសភាកម្ពុជាបានលើកឡើងថា ច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា ឆ្នាំ ២០២២ (Cambodia Democracy and Human Rights Act of 2022) ឬ S.3052 ត្រូវបានអនុម័តដោយគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក នាពេលថ្មីៗនេះ ត្រូវបានធ្វើឡើង ដោយផ្អែកលើ «ហេតុផលភូមិសាស្ត្រនយោបាយ ជាងគុណតម្លៃសិទ្ធិមនុស្ស»។
ព្រឹទ្ធសភាកម្ពុជាដែលគ្រប់គ្រងដោយគណបក្សកាន់អំណាច បានបង្ហាញ «ការខកចិត្តយ៉ាងខ្លាំង» ហើយបដិសេធទាំងស្រុង ចំពោះខ្លឹមសារដែលមានលក្ខណៈលម្អៀង គ្មានមូលដ្ឋាន មានការរើសអើង និងបានទាត់ចោលផងដែរ លើប្រភពព័ត៌មានមិនច្បាស់លាស់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលបានរួមចំណែកដល់ការអនុម័តសេចក្តីស្នើច្បាប់ខាងលើនេះ។ ព្រឹទ្ធសភាថែមទាំងបានរិះគន់ខ្លឹមសារសេចក្តីស្នើច្បាប់នោះ ជុំវិញការបោះឆ្នោតនៅកម្ពុជាផងដែរ។
សេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភាកម្ពុជាបានសរសេរក្នុងន័យដើមថា៖ «ការអះអាងដែលថា គ្មានការបោះឆ្នោតណាមួយនៅកម្ពុជា មានលក្ខណៈសេរី និងយុត្តិធម៌ គឺជាការបដិសេធ ទាំងស្រុងចំពោះការពិត» ។
ព្រឹទ្ធសភាកម្ពុជាបានយោងតាមក្រុមអ្នកសង្កេតការណ៍របស់សហរដ្ឋអាមេរិកដឹកនាំដោយអតីតសមាជិកសភាលោក Stephen J. Solarz ដែលបានពណ៌នាថា ការបោះឆ្នោតនៅកម្ពុជាកាលពីឆ្នាំ ១៩៩៨ គឺជា «អច្ឆរិយហេតុលើដងទន្លេមេគង្គ»។ បន្ថែមលើនេះ ព្រឹទ្ធសភាកម្ពុជាអះអាងថា ការបោះឆ្នោតបន្តបន្ទាប់មកទៀតក៏ត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិរាប់ពាន់នាក់ បានវាយតម្លៃថា មានលក្ខណៈសេរី យុត្តិធម៌។
ព្រឹទ្ធសភាកម្ពុជាបានចាត់ទុកវិធីសាស្ត្រដែលគណៈកម្មាធិការព្រឹទ្ធសភាអាមរិកប្រកាន់យកនោះ «គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ និងបង្កឲ្យរាំងស្ទះដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ»របស់កម្ពុជា។
សេចក្តីស្នើច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា ឆ្នាំ ២០២២ ដែលត្រូវគេកំណត់សម្គាល់ថា S-3052 ត្រូវបានគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាមេរិកអនុម័តកាលពីថ្ងៃអង្គារទី ១៩ ខែកក្កដា ឆ្នាំ ២០២២។
សេចក្តីស្នើច្បាប់នេះត្រូវបានស្នើឡើងដោយលោក Ed Markey សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យនៃរដ្ឋ Massachusetts កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២១។ សេចក្តីស្នើច្បាប់នេះមានគោលបំណងលើកកម្ពស់ការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ ស្តារលទ្ធិប្រជាធិបតេយ្យ សេរីភាពនយោបាយនិងសិទ្ធិមនុស្សនៅកម្ពុជា និងតម្រូវឲ្យដាក់ទណ្ឌកម្មបុគ្គលទាំងឡាយណា ដែលរំលោភសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ដោយការបង្កកទ្រព្យសម្បត្តិដែលមាននៅសហរដ្ឋអាមេរិក ហាមឃាត់ទិដ្ឋាការមិនឲ្យចូលសហរដ្ឋអាមេរិក និងមិនឲ្យពលរដ្ឋអាមេរិកាំងធ្វើពាណិជ្ជកម្មជាមួយ។
អ្នកវិភាគនយោបាយលោក សេង សារី ប្រាប់វីអូអេកាលពីថ្ងៃអាទិត្យ ទី ២៤ ខែកក្កដាថា ស្ថាប័នអំណាចទាំងបីនៃរដ្ឋាភិបាលទីក្រុងភ្នំពេញ រួមមាននីតិប្រតិបត្តិ នីតិប្បញ្ញត្តិ និងតុលាការ ជារឿយៗច្រានចោលមតិរិះគន់ទាំងទទឹងទិស ទាក់ទិនការដើរធ្លាក់ថយក្រោយនៃនយោបាយសេរីពហុបក្ស និងបញ្ហាផ្សេងទៀត ហើយថែមទាំងបានចាត់ទុកមតិរិះគន់ថា មានចរិតប្រឆាំង។
លោកថ្លែងថា៖ «ការរំលាយគណបក្សសង្គ្រាះជាតិ ដែលជាគណបក្សធំជាងគេ តំណាងរាស្ត្រទាំងអស់ត្រូវបានយកមកចែកគ្នា សមាជិកក្រុមប្រឹក្សាជាង ៥០០០ នាក់ត្រូវបានយកមកចែកគ្នា... អានេះ វាជារឿងមួយដែលដើរប្រាសចាកគន្លងប្រជាធិបតេយ្យធ្ងន់ធ្ងរណាស់។ ហើយសឹងតែមិនចាំបាច់ទៅរិះគន់អីរឿងផ្សេងទេ គ្រាន់តែរឿងមួយហ្នឹង យើងអាចធ្វើការបូកសរុបបាន ធ្វើការសន្និដ្ឋានបានថា កម្ពុជាពិតជាងាកដើរចេញពីគន្លងប្រជាធិបតេយ្យ»។
លោក សេង សារី បានអះអាងបន្ថែមថា ជំនួយដែលផ្តល់ដោយដៃគូអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា អាចទទួលរងផលប៉ះពាល់ដោយសារស្ថានភាពមិនប្រសើរឡើង ក្នុងវិស័យសិទ្ធិមនុស្ស និងនយោបាយ ព្រោះការជួយគាំទ្រពីសហគមន៍អន្តរជាតិកន្លងមកដល់កម្ពុជា គឺមិនមែនផ្អែកលើហេតុផលថា កម្ពុជាក្រ ឬមានទេ តែដោយសារប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានសន្យាក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ ថា នឹងធ្វើឲ្យមានរបបនយោបាយមួយដែលផ្តល់តម្លៃលើការបោះឆ្នោត និងការគោរពសិទ្ធិមនុស្ស។
វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង តាមទូរស័ព្ទបានទេ កាលពីថ្ងៃអាទិត្យ ទី ២៤ ខែកក្កដានេះ។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត យល់ថា សេចក្តីស្នើច្បាប់ដែលទើបតែត្រូវបានអនុម័តដោយគណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាអាមេរិក អាចនឹងបើកផ្លូវឲ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៀតលើមន្ត្រី ឬបុគ្គលកម្ពុជារូបណា ដែលអាមេរិកកត់សម្គាល់ថាបានធ្វើឲ្យខូចខាតដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា បើសិនសេចក្តីស្នើច្បាប់នេះបានក្លាយជាច្បាប់។
ដោយឡែកនាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីលោក Phil Robertson បានប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ថា ជារឿងគួរឲ្យអស់សំណើច និងបានផ្តល់ការពន្យល់ថា អង្គការឃ្លាំមើលសិទ្ធិមនុស្សមានកំណត់ត្រាជាច្រើននៃការស្រាវជ្រាវ និងការបោះពុម្ពផ្សាយរបាយការណ៍នានា ដោយផ្អែកលើការពិត និងដែលបានបង្ហាញពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា និងទីកន្លែងដទៃទៀត។
លោក Roberson បានសរសេរនៅលើបណ្តាញ Twitter ក្នុងខ្លឹមសារដើមថា៖ «យើងមានកេរ្តិ៍ឈ្មោះជាលក្ខណៈអន្តរជាតិចំពោះការនិយាយការពិតអំពីការរំលោភសិទ្ធិមនុស្ស។ មិនដូចព្រឹទ្ធសភាកម្ពុជាទេ ដែលមានសមាសភាពនៃបក្ខពួកដែលស្និទ្ធនឹងរបបបច្ចុប្បន្ន និងកំពុងកាន់តួនាទី ដែលទទួលបានផលប្រយោជន៍ពីការធ្វើការងារតិចតួច ឬមិនចាំបាច់ធ្វើអ្វីសោះ ហើយចាំតែធ្វើទៅតាមអ្វីក៏ដោយ ឲ្យតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សកាន់អំណាចប្រាប់ឲ្យធ្វើតែប៉ុណ្ណោះ»។
បើតាមខ្លឹមសារនៃសេចក្តីស្នើច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា ឆ្នាំ ២០២២ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏ត្រូវបានស្នើឲ្យតាមដានពិនិត្យមើលសកម្មភាពរបស់យោធាចិននៅកម្ពុជាផងដែរ ក្នុងនោះមានការសាងសង់ពង្រីកមូលដ្ឋានកងទ័ពជើងទឹករាមនៅខេត្តព្រះសីហនុ និងនៅអាកាសយានដ្ឋានតារាសាគរ នៅក្នុងខេត្តកោះកុង។ ការណ៍នេះដោយសារអ្នកតាក់តែងច្បាប់បារម្ភថា វាអាចនឹងមានផលប៉ះពាល់ដល់ផលប្រយោជន៍សម្ព័ន្ធមិត្តនិងដៃគូរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់៕