រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Anthony Blinken និងរដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បានសន្ទនាគ្នាតាមទូរសព្ទ កាលពីយប់ថ្ងៃអង្គារ មុនទស្សនកិច្ចដែលបានរំពឹងទុករបស់លោក Blinken ទៅកាន់ទីក្រុងប៉េកាំង។
លោក Blinken បានសរសេរសារនៅលើបណ្តាញសង្គម Twitter ថាលោកនិងលោក Qin Gang បានពិភាក្សាគ្នាអំពី«កិច្ចប្រឹងប្រែងជាបន្តដើម្បីរក្សាមធ្យោបាយទាក់ទងគ្នា និងអំពីបញ្ហាទ្វេភាគីព្រមទាំងបញ្ហាពិភពលោក»។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Matthew Miller បានបន្ថែមក្នុងសេចក្តីថ្លែងការណ៍មួយថាលោក Blinken «បានបញ្ជាក់យ៉ាងច្បាស់ថាសហរដ្ឋអាមេរិកនឹងបន្តប្រើការប្រាស័យទាក់ទងការទូត ដើម្បីលើកឡើងអំពីការព្រួយបារម្ភនិងអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការផងដែរ»។
សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសចិនអំពីការសន្ទនាតាមទូរស័ព្ទ បាននិយាយថាលោក Qin បានថ្លែងប្រាប់លោក Blinken ថា សហរដ្ឋអាមេរិកគួរតែឈប់លូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ចិន និងធ្វើឱ្យទន់ខ្សោយដល់ផលប្រយោជន៍សន្តិសុខ និង ការអភិវឌ្ឍរបស់ចិន។ ក្រសួងការបរទេសចិនក៏បាននិយាយដែរថាខ្លួនសង្ឃឹមថាសហរដ្ឋអាមេរិកនៅតែធ្វើការជាមួយចិន ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា និងដើម្បីលើកស្ទួយកិច្ចសហប្រតិបត្តិការ។
លោក Blinken បានលុបចោលគម្រោងទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីខែកុម្ភៈនៅពេលដែលមានភាពតានតឹងដែលមានរួមទាំងការបង្ហោះបាឡុងចារកម្មចិនមួយឆ្លងកាត់សហរដ្ឋអាមេរិកនិងការប្រឆាំងជំទាស់របស់ចិន ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកលើកោះតៃវ៉ាន់។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃពុធនេះថាលោក Blinken នឹងធ្វើទស្សនកិច្ចនៅប្រទេសចិននៅចុងសប្តាហ៍នេះ។
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AFP និងReuters។