នៅថ្ងៃចន្ទនេះ សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធយោធាផ្លូវអាកាសរួមគ្នាដ៏ធំបំផុតមួយ ដោយមានការចូលរួមពីយន្តហោះចម្បាំងរាប់រយគ្រឿងរបស់ប្រទេសទាំងពីរ ដោយធ្វើត្រាប់ឱ្យដូចការវាយប្រហារជាក់ស្ដែងរយៈពេល ២៤ ម៉ោងក្នុងមួយថ្ងៃ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
សមយុទ្ធផ្លូវអាកាសដែលមានឈ្មោះថា Vigilant Storm នេះនឹងប្រព្រឹត្តិទៅរហូតដល់ថ្ងៃសុក្រខាងមុខ ដោយមានការចូលរួមពីយន្តហោះចម្បាំងចំនួនប្រហែល ២៤០ គ្រឿងដែលធ្វើសមយុទ្ធចេញទៅវាយប្រហារចំនួនប្រហែល ១.៦០០ ជើង។ នេះបើតាមការបញ្ជាក់របស់កងទ័ពជើងអាកាសសហរដ្ឋអាមេរិកនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន។ សេចក្ដីថ្លែងការណ៍នេះបានបន្ថែមថា ចំនួននៃបេសកកម្មវាយប្រហារនៅក្នុងសមយុទ្ធលើកនេះគឺមានចំនួនច្រើនបំផុតមិនធ្លាប់មានពីមុនមក។
សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានបញ្ជាក់ថា ការធ្វើសមយុទ្ធហ្វឹកហ្វឺននេះគឺជាការចាំបាច់ដើម្បីទប់ទល់នឹងការគំរាមកំហែងណាមួយពីប្រទេសកូរ៉េខាងជើង។
សមយុទ្ធនេះក៏នឹងមានការចូលរួមផងដែរពីយន្តហោះចម្បាំងបំបាំងកាយ F-35 របស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង និងយន្តហោះចម្បាំងផ្សេងៗជាច្រើនទៀត។ ប្រទេសអូស្ត្រាលីក៏នឹងបញ្ជូនយន្តហោះចាក់សាំងលើអាកាសឱ្យមកចូលរួមក្នុងសមយុទ្ធនេះផងដែរ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន កូរ៉េខាងត្បូងទើបនឹងបានបញ្ចប់សមយុទ្ធលើទីលានជាក់ស្តែងដែលមានរយៈពេល ១២ ថ្ងៃ ដែលសមយុទ្ធនេះរួមមានការធ្វើត្រាប់តាមជាក់ស្ដែងនូវការចុះចតលើទឹកផងនិងលើគោកផង និងសមយុទ្ធឆ្លងកាត់ទន្លេជាដើម ដែលក្នុងនោះសមយុទ្ធខ្លះបានធ្វើឡើងជាមួយនឹងកងទ័ពរបស់សហរដ្ឋអាមេរិក។
កន្លងមក ប្រទេសកូរ៉េខាងជើងបានថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ដោយបាននិយាយថាការធ្វើសមយុទ្ធទាំងនេះគឺជាការហ្វឹកហាត់ដើម្បីត្រៀមចូលឈ្លានពានខ្លួន និងជាភ័ស្តុតាងនៃគោលនយោបាយអមិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលកូរ៉េខាងត្បូង៕