បេសកជន​អ.ស.ប. ជំរុញ​ឲ្យ​មាន​«ការចូលរួម​របស់​ភាគី​ទាំង​អស់‍»​ក្នុង​វិធានការ​របស់​អាស៊ាន​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា

  • ​Reuters

រូបឯកសារ៖ អ្នក​ស្រី Noeleen Heyzer ជា​បេសកជន​ពិសេស​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា។

បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ បាន​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ គាំទ្រ​កិច្ច​ប្រឹងប្រែង​របស់​អន្តរជាតិ​ដើម្បី​ឲ្យ​មាន​ការ​ចូលរួម​របស់​ភាគី​ទាំងអស់​នៅ​ក្នុង​វិបត្តិ​នៅប្រទេស​មីយ៉ានម៉ា​ដែល​គ្រប់គ្រង​ដោយ​ពួក​យោធា ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​មេដឹកនាំ​ជាន់ខ្ពស់​ម្នាក់ក្នុង​តំបន់​ បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​នោះ​ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា។ នេះ​ បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

អ្នក​ស្រី Noeleen Heyzer បេសកជន​ពិសេស​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា បាន​ធ្វើ​ការសន្ទនា​តាម​អនឡាញ​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន​ ដែល​ជា​ប្រធាន​ថ្មី​របស់​សមាគម​អាស៊ាន ហើយ​បាន​ស្វះស្វែង​រក​កិច្ច​ប្រឹងប្រែង​សហការណ៍​នៅ​ក្នុង​ការផ្តល់​ជំនួយ​មនុស្ស​ធម៌​ និង​ស្វះស្វែង​ធ្វើ​ឲ្យ​ជឿនលឿន​នៅ​ក្នុង​ផែនការ​សន្តិភាព៥ចំណុច​ដែល​ជាប់​គាំង។ នេះ​ បើ​តាម​សេចក្តីថ្លែងការណ៍​របស់​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃព្រហស្សតិ៍​នេះ។

លោក ហ៊ុន សែន បាន​ទៅ​ជួប​លោក Min Aung Hlaing កាលពី​សប្តាហ៍​មុន។ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស បាន​និយាយ​ថា ទស្សនកិច្ច​នេះ ហាក់ដូចជា​ធ្វើ​ឲ្យ​មានភាព​ស្របច្បាប់​ដល់​រដ្ឋប្រហារ​កាលពី​ឆ្នាំ​ទៅ​របស់​ពួក​យោធា ​ហើយ​នឹង​ការបង្ក្រាប​លើ​សកម្មជន​ប្រជាធិបតេយ្យនិង​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​របស់​រដ្ឋាភិបាល​អ្នក​ស្រី Aung San Suu Kyi ​ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​អំណាច។

មីយ៉ាន់ម៉ា ស្ថិត​នៅ​ក្នុង​ភាពចលាចល​ជិត​មួយ​ឆ្នាំ​ហើយ ដោយ​ពួក​យោធា បាន​បង្ក្រាប​ការតវ៉ា​ប្រឆាំង​ និង​បាន​ធ្វើការ​វាយប្រហារ​លើ​កងទ័ព​ជនជាតិ​ភាគ​តិច ​និង​កងជីវពល​ដែល​ទើប​បង្កើត​ថ្មី​ដែល​ពួក​យោធា​ហៅ​ថា «ភេរវជន»។ អង្គការ​សហប្រជាជាតិ​លើកឡើងថា ជន​ស៊ីវិល​យ៉ាង​តិច​ណាស់​ក៏​១ពាន់ ៤រយ​នាក់ ត្រូវ​បាន​សម្លាប់ បើ​តាម​ការ​ឲ្យដឹង​ពី​ក្រុម​សកម្មជន។

«បេសកជន​ពិសេស បាន​គាំទ្រ​វិធានការ​ស្ថាបនា​ទំនុកចិត្ត​ដែល​ទាក់ទិន​នឹង​ភាគី​ទាំង​អស់ ដោយ​រួមបញ្ចូល​ទាំង​អង្គការ​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​ផង»។ នេះ​ បើ​តាម​សេចក្តី​ថ្លែងការណ៍​ដែល​និយាយ​អំពី​ការពិភាក្សា​របស់​អ្នក​ស្រី Heyzer ជាមួយ​លោក ​ហ៊ុន សែន។

ជម្លោះក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​បណ្តាល​ឲ្យ​មាន​ការមិន​ស្រុះស្រួល​គ្នា​នៅ​ក្នុង​សមាគម​អាស៊ាន​អំពី​ថា តើ​ត្រូវ​ដោះស្រាយ​ជាមួយ​មីយ៉ាន់ម៉ា​យ៉ាង​ដូចម្តេច ក្រោយពេល​ដែល​ឧត្តម​សេនីយ៍​កំពូល​មីយ៉ាន់ម៉ា​ មិនត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ដែលជា​រឿង​មិន​ដែល​បាន​កើតមាន​ឡើង កាលពី​ឆ្នាំ​ទៅ​ដោយសារ​ការខកខាន​មិន​បាន​គោរព​ការតាំងចិត្ត​ដើម្បី​សន្តិភាព។

បេសកជន​របស់​ប្រធាន​អាស៊ាន​មុន ​គឺ​ប្រទេស​ព្រុយណេ បាន​ដាក់លក្ខខ័ណ្ឌ​មួយ​មុន​ដំណើរ​ទស្សនកិច្ច​ថា ​ត្រូវ​តែ​មានការ​ជួប​ប្រជុំ​ជាមួយ​ភាគី​ទាំង​អស់​ដែល​ពួក​យោធា​បាន​ច្រាន​ចោល​។ លោក ​ប្រាក់ សុខុន ដែលជា​បេសកជន​អាស៊ាន​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា នៅពេល​ដែល​កម្ពុជា​កាន់តំណែង​ជាប្រធាន​អាស៊ាន​នៅ​ឆ្នាំនេះ​ បាន​និយាយ​ថា វិធី​ដោះស្រាយ​បែបនោះ មិន​មាន​ផ្លែផ្កា​ទេ។

អ្នក​ស្រី Heyzer បាន​ជំរុញ​ឲ្យ​លោក ​ប្រាក់ សុខុន ធ្វើការ​ជាមួយ​អ្នក​ស្រី ​និង​សហគមន៍​អន្តរជាតិ«ស្តីពី​យុទ្ធសាស្ត្រ​ដែល​មាន​ការសម្រប​សម្រួល​គ្នា​ ឆ្ពោះ​ទៅកាន់​ការបង្កើត​បរិយាកាស​មួយ​សម្រាប់​ការសន្ទនា​ដែល​រួម​មាន​ភាគី​ពាក់ព័ន្ធ​ទាំង​អស់‍»។

សេចក្តីថ្លែងការណ៍នោះ បាន​បញ្ជាក់​ទៀត​ថា «អ្នក​ស្រី​បេសកជន​ពិសេស បាន​សង្កត់​លើ​ដំណោះស្រាយ​ដែល​ត្រូវ​កើតចេញពី​ការទាក់ទិន​ដោយ​ផ្ទាល់ ​ហើយ​នឹង​ការស្តាប់​ប្រកប​ដោយ​ការយកចិត្ត​ទុកដាក់​ពី​ភាគី​ទាំងអស់​ដែល​បានរងផល​ប៉ះពាល់»៕