ខ្យល់ព្យុះទីហ្វុង Rammasun កំពុងបន្តបក់សំដៅទៅប្រទេសចិន បន្ទាប់ពីបានកម្ទេចតំបន់ភាគខាងជើងប្រទេសហ្វីលីពីន។ អាជ្ញារធរអះអាងថា មនុស្សយ៉ាងតិច ៣៨ នាក់បានស្លាប់ និង ៨នាក់បានបាត់ខ្លួនបន្ទាប់ពីខ្យល់ព្យុះនេះ បានបក់កាត់កោះលូហ្សុនកាលពីថ្ងៃពុធ។
មនុស្សរាប់សែននាក់ ក្នុងរដ្ឋធានីម៉ានីល និងតំបន់ជុំវិញនោះ នៅតែមិនទាន់មានភ្លើងអគ្គិសនីប្រើប្រាស់នៅឡើយដោយសារដើមឈើបានរលំកាត់ផ្ដាច់បណ្ដាញខ្សែភ្លើង។អ្នកស្លាប់ភាគច្រើនត្រូវដើមឈើបាក់សង្កត់លើ និងកម្ទេចកំទីដទៃទៀតប៉ះ។
ក្រុមអ្នកព្យាករណ៍អាកាសធាតុជឿថា ខ្យល់ព្យុះនេះនឹងបង្កើតកម្លាំងដល់កម្រិតទីបីនៅពេលដែលវាបក់ឆ្លងកាត់សមុទ្រហើយបុកសំដៅ កោះហៃណានដែលមានមនុស្សជិត ៩លាននាក់រស់នៅ៕