តុលាការ​ឃុំ​ខ្លួន​ឧកញ៉ា​ សុខ ប៊ុន​ នៅ​ព្រៃស​ក្នុង​សំណុំរឿង​ហិង្សា​លើ​អតីត​ពិធីការិនី​ទូរទស្សន៍

រូបថត​របស់​ឧកញ៉ា សុខ ប៊ុន ដែល​ជា​រូប​ដកស្រង់​ពី​គេហទំព័រ​ប៉ូលិស​អាំងទែប៉ូល (INTERPOL)។

តុលាការ​ក្រុងភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​ឧកញ៉ា​ សុខ ប៊ុន ​ក្នុង​ពន្ធនាគារ​ព្រៃស ​នា​ថ្ងៃសៅរ៍​នេះ ​នៅក្នុង​សំណុំរឿង​ប្រើប្រាស់​អំពើ​ហិង្សា​លើ​អតីត​ពិធីការិនី​ទូរទស្សន៍​ម្នាក់។

លោកសុខ ខេមរិន្ទ្រ ប្រធាន​នាយក​ដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហា​ផ្ទៃ​ បាន​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ថា៖ «ខាង​ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​សួរ​គាត់​ហើយ​បានចេញដី​ការយក​គាត់​ទៅ​ដាក់​ព្រៃ​ស ម១»។​

លោកបញ្ជាក់​ថា​លោកសុខ ប៊ុន​ត្រូវ​បាន​ចោទ​ពី​បទ«​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់‍»​ដែល​បាន​ប្រព្រឹត្ត​លើ​កញ្ញា​ឯក សុជាតា ហៅ​សាសា​កាលពីថ្ងៃទី​២​ខែ​កក្កដា។

​សមត្ថកិច្ច​កម្ពុជា​បានអះអាង​ថា​ពួកគេទៅទទួល​រូប​លោកសុខ ប៊ុន នៅ​ឯព្រលាន​យន្តហោះអន្តរជាតិ​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​បន្ទាប់​ពី​ជន​នេះ​បាន​រត់​គេច​ខ្លួន​ទៅក្រៅ​ប្រទេស​ក្រោយ​ពី មាន​ព្រឹត្តិការណ៍​វាយដំច្រំធាក់​និង​សម្រាត​កាយជន​រងគ្រោះ​ នៅ​ឯ​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។ លោក​សុខ​ ប៊ុន​ ត្រូវបានចៅក្រម​នៅ​សាលាដំបូង​រាជធានីភ្នំពេញ​សាក​សួរ​ប្រហែល​បី​ម៉ោង​ មុន​នឹង​ឆ្មាំ​ពន្ធនាគារព្រៃស​ នាំ​រូបលោក​ចេញ​ពី​តុលាការ​ ដោយ​គេចពី​ការ​ប្រមាញ់​របស់​អ្នកសារ​ព័ត៌មាន​ផង​ដែរ។

ការបង្ហាញ​មុខ​របស់​លោក​សុខ ប៊ុន​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​និង​ប៉ូលិស​អន្តរជាតិ​អាំងទែប៉ូល​ប្រកាស​ស្វែងរក​ចាប់​ខ្លួន៕​