អ្នកកាសែត​២នាក់​នៅ​ខេត្ត​ព្រះវិហារ តវ៉ា​ប្រឆាំង​ការកោះ​ហៅ​របស់​តុលាការ ក្រោយ​ចុះ​យក​ព័ត៌មាន​រឿង​ទន្រ្ទាន​ដី​រដ្ឋ

រូបឯកសារ៖ ប្រជា​ពលរដ្ឋនិង​សមត្ថកិច្ច ប៉ះទង្គិច​ហិង្សា​ដាក់គ្នា​ត្រង់​ចំណុច​ដី​រដ្ឋ​ដែល​បាន​ឈូសឆាយ នៅភូមិក្តាក់ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។ (រូបភាព​ផ្តល់​ឲ្យ​ដោយ ទ្រី សុផល)

អ្នក​សារ​ព័ត៌​មាន​២​នាក់​ក្នុង​ខេត្ត​ព្រះ​វិហារ​ បាន​សុំ​អន្ត​រាគមន៍​ពីក្រសួង​យុត្តិ​ធម៌ និង​អង្គ​ភាព​ប្រឆាំងអំពើ​ពុក​រលួយ ក្រោយ​ពួក​គេ​ត្រូវ​បាន​តុលា​ការ​កោះ​ហៅ នៅ​ក្នុង​សំណុំ​រឿង​ដែល​ពួក​គេ​ចុះ​យក​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២១ អំពី​ការ​ឈូស​ឆាយ​ដី​ព្រៃ​រដ្ឋ ក្នុង​ស្រុក​គូលែន ខេត្ត​ព្រះវិហារ។

ការ​ស្វែង​រក​អន្តរាគមន៍ពី​ស្ថាប័ន​ទាំង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពាក្យ​បណ្តឹង​មួយ​ច្បាប់ ចុះ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០​២១ បន្ទាប់​ពីពួក​គេ​ត្រូវ​បា​ន​តុលាការ​កោះ​ហៅ​ជា​លើក​ទី២ ពាក់​ព័ន្ធ​នឹង​ដំណើរ​រឿង​៤​ករណី ហើយ​ពួកគេ​ខ្លាច​មាន​ការ​ចាប់​ខ្លួន​ពេល​ចូល​បំភ្លឺ​នៅ​តុលាការ។

នៅ​ក្នុង​ពាក្យ​បណ្តឹង​នោះ លោក ទ្រី វិច្ឆិកា អាយុ​២៧​ឆ្នាំ ដែល​ជា​អ្នក​យក​ព័ត៌​មាន​ឲ្យ​ទូរ​ទស្សន៍​ហង្ស​មាស និង​លោក ទ្រី សុ​ផល អាយុ​៣១​ឆ្នាំ ត្រូវ​ជា​បង​ប្រុស​របស់​លោក ដែល​ជា​អ្នក​យក​ព័ត៌​មាន​ឲ្យ​ទូរ​ទស្សន៍ ​NICE TV ប្រចាំ​ខេត្ត​ព្រះ​វិហារ​ដូច​គ្នា បាន​ប្តឹង​លោក ទី ​សុ​វិន​ថាល់ ព្រះរាជ​អាជ្ញា និង​លោក​ វុធ សារី ព្រះ​រាជ​អាជ្ញា​រង អម​សា​លា​ដំបូងខេត្ត​ព្រះ​វិហារ ដែល​បាន​ចុះ​ទៅ​កន្លែង​ឈូស​ឆាយ​ដី​ព្រៃ​រដ្ឋ​ក្នុង​ឃុំ​ត្បែង​ពីរ ស្រុក​ភ្នំគូលែន ជា​មួយ​អ្នក​សារព័ត៌មាន​ទាំង​២នាក់​នោះ។

នៅ​ពេល​ចុះ​ពិនិត្យដី​ព្រៃ​រដ្ឋ​ដែល​ត្រូវ​បានទន្រ្ទាន​នោះ ក៏​មាន​ការ​ប៉ះទង្គិច​ហិង្សា​កើត​ឡើង​ផង​ដែរ។

មនុស្ស​៣​នាក់​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ទន្រ្ទាន​ដី​រដ្ឋ​នេះ ត្រូវ​បាន​តុលាការ​ខេត្ត​ព្រះវិហារ​កោះ​ហៅ ហើយ​សម្រេច​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២១ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។ ប៉ុន្តែ​ក្រោយ​មក មាន​ការ​ដោះ​លែង​អ្នក​ទាំង​នោះ ដោយដាក់​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលា​ការ កាល​ពី​ខែ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២១។ នេះ​បើតា​ម​ពាក្យ​បណ្តឹង​របស់​អ្នក​សារព័ត៌មាន។

អ្នក​សារព័ត៌​មាន​បាន​អះអាង​ថា​ ការ​ដោះ​លែង​នេះ ​មាន​ភាព​មិន​ប្រក្រតី ដោយ​សង្ស័យ​មាន​ការ​សូក​ប៉ាន់។

បើ​តាម​ពាក្យ​បណ្តឹង​របស់​អ្នក​សារព័ត៌មានពី​ដើម​ឡើយ អ្នក​ឈូស​ឆាយ​ដី​ព្រៃរដ្ឋ​នេះ​បា​នប្តឹង​លោក វុធ សាវី ដែល​ជា​ព្រះ​រាជ​អាជ្ញា​រង លោក ចក សម្បត្តិ ដែល​ជា​មន្រ្តី​តុលាការ​មួយ​រូប ព្រម​ទាំង​អ្នក​សារ​ព័ត៌​មាន លោក ទ្រី វិច្ឆិកា និង​លោក ទ្រី សុផល ដោយ​ចោទ​ប្រកាន់​ពី​បទ«លួច​មាន​ស្ថាន​ទម្ងន់​ទោស កំហែង​យក ហិង្សា​ដោយ​ចេតនា និង​គំរាម​កំហែងថា​នឹង​សម្លាប់»។

អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​សារព័ត៌​មាន​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់​ព័ន្ធ គឺ​ក្រោយ​តុលាការ​កោះ​ហៅពួកគេ ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០២១ ពី​ដំណើរ​រឿង​«ធ្វើ​ឲ្យបាត់​ជំនឿ​លើ​សេចក្តី​សម្រេច​របស់​តុលា​ការ បទ​ចុះ​ផ្សាយ​ដោយ​សរសេរ​បញ្ឆិត​បញ្ឆៀង ដើម្បី​ឲ្យ​អ្នក​អាន​មាន​ការ​សង្ស័យ​លើ​បុគ្គល​ណា​ម្នាក់ បទ​ប៉ះ​ពាល់​ដល់​អាថ៌​កំបាំង​ខាង​វិជ្ជាជីវៈ និងបទញុះ​ញង់ឲ្យ​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»។

អ្នក​សារព័​ត៌មាន​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ម្តង​ទៀត នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២១ ក្រោយ​ខក​ខាន​មិន​បាន​ចូល​មក​តុលាការ​កាល​ពី​សប្តាហ៍​មុន។

ដីការ​កោះហៅ​របស់​តុលាការ​ខេត្តព្រះវិហារ ។ (រូបភាព​ផ្តល់​ឲ្យ​ដោយ ទ្រី សុផល)


លោក ទ្រី វិច្ឆិកា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា ​រឿង​នេះ​មាន​ភាព​មិន​ប្រក្រតី ដោយលោក​ចង់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ច្បាស់​លាស់ និង​ចង់​ឲ្យ​មាន​ការផ្ទេរ​សំណុំ​រឿង​នេះ មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ​វិញ។

លោក​ថ្លែង​ថា៖« រឿង​នេះ​ខ្ញុំ​ថា​ មិន​ចង់​មាន​ពាក្យ​បណ្តឹង​តបត​ជាមួយ​តុលាការ​ទេ។ តែ​នេះ​វា​ហាក់​ជា​មា​ន​ភាព​អយុត្តិ​ធម៌ វា​មាន​គំនាប​ខ្លាំង​ពេក​មក​លើខ្ញុំ​ទាំង​២​នាក់ ទើប​ខ្ញុំ​សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ពីព្រោះ​ថា​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​វា​មាន​អាថ៌​កំបាំង​ អំពើ​ពុក​រលួយ​ហើយ។ ហើយ​អញ្ចឹង ខ្ញុំ​ក៏​សំណូម​ពរ​ទៅ​ឯក​ឧត្តម​រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មេត្តា​បើក​ការ​ស៊ើប​អង្កេត​ ចំពោះ​ជន​ទាំង​៣​នាក់ [អ្នក​ឈូស​ឆាយដី​រដ្ឋ​]​ឲ្យ​នៅ​ក្រៅ​ឃុំ​ហ្នឹង»។

ចំណែក​លោក ទ្រី សុផល ជា​ភ្នាក់​ងារ​សារព័ត៌មាន​ទូរទស្សន៍​អនឡាញ ​NICE TV បាន​ប្រាប់​វីអូអេ​ថា​ មនុស្ស​ជំនិត​របស់​ព្រះ​រាជ​អាជ្ញា​រង លោក វុធ សាវី បាន​មក​និយាយ​ជាមួយ​លោក​ថា ចង់​ផ្តល់​សំណង​២​ពាន់​ដុល្លារ​អាមេរិក​ដល់​រូប​លោក ប៉ុន្តែ​លោក​មិន​ទទួល​យក ដោយ​លោក​គិត​ថា​រឿង​នេះ​ មាន​ភាព​មិន​ប្រក្រតី និង​អយុត្តិធម៌ សម្រាប់​រូប​លោក និង​ប្អូន​ប្រុស។

លោក​ថ្លែង​ថា៖ «ពេល​ដោះ​លែង​មនុស្ស វា​ទៅ​ខាង​ជន​ល្មើស​៣​នាក់​នោះ វា​សុំ​ទោស​លោកព្រះ​រាជ​អាជ្ញា[ចំនួន]​តែ​២​នាក់ ចុះ​ខ្ញុំ​២​នាក់​ដែល​ជា​ជន​រង​គ្រោះ​ដែរ ហើយ​អត់​មា​ន​ដំណោះ​ស្រាយ​អ្វី​សោះ​ ហើយ​ចំពោះ​លោក វុធ សាវី​ ខ្ញុំ​បាន​តេ​ឡេ​ក្រាម​ទៅ​គាត់ ហើយ​ខល​តាម​ប្រព័ន្ធ​ទូរស័ព្ទ ដើម្បី​ទំនាក់​ទំនង​សួរ​ព័ត៌មាន​[​អំពីការ​ដោះ​លែង] ប៉ុន្តែ​គាត់​មិន​មាន​ការ​ឆ្លើយ​ឆ្លង​ជាមួយ​ខ្ញុំ​ទេ»។

លោក​បន្ត​ថា៖ «ក្រោយ​ដែល​ខ្ញុំ​អត់​ទទួល​យក​លុយ​២​ពាន់​ដុល្លារ​ហ្នឹង​ហើយ​ ស្អែក​ឡើង​តុលាការ​គេធ្វើ​សេចក្តី​ថ្លែង​ការណ៍​បដិ​សេធ និង​ច្រាន​ចោល​ទាំង​ស្រុង​នូវ​ការ​ផ្តល់​ព័ត៌មាន​ដល់​សារព័ត៌មាន​នៅ​ក្នុង​ស្រុក​ដែល​គេ​ខល​មក​សម្ភាស​ខ្ញុំ​ ហើយ​គេ​បាន​ចុះ​ផ្សាយ​។ ដល់​ពេល​អញ្ចឹង​តុលាការ​គេ​ច្រាន​ចោល​ទាំង​ស្រុង​ហើយ គេ​ថា​នឹង​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ចំពោះ​ខ្ញុំ​២​នាក់​បង​ប្អូន។ ប៉ុន្តែ​គ្រា​ន់ខ្ញុំ​ចង់​លើក​ជា​សំណួរមួយ​ថា​ក្នុង​នា​ម​ជា​ជន​រង​គ្រោះ​ ជន​រង​ភាព​អយុត្តិ​ធម៌ តើ​មិន​អាច​ផ្តល់​យុត្តិធម៌ តើ​មិនអាច​ផ្តល់​វីដេអូ ឬ​ភស្តុតាង​ ដើម្បី​ទាម​ទារ​យុត្តិធម៌​មក​ដល់​ខ្លួន​បាន​ទេ​យ៉ាង​ម៉េច?»។

លោក មាស រឹទ្ធី អគ្គ​នាយក​រង​នៃ​ស្ថាប័ន​ព័ត៌​មាន​ហង្ស​មាស បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ លោក​ស្នើ​សុំ​ឲ្យ​ខាង​តុលាការ​ពន្លឿន​ការ​ដោះ​ស្រាយ ពាក់ព័ន្ធ​ទៅ​នឹង​ពាក្យ​បណ្តឹង​របស់​លោក ទ្រី វិច្ឆិកា ដែល​ជា​អ្នក​សារ​ព័ត៌​មាននៅ​ស្ថាប័នហង្ស​មាស ដោយ​យុត្តិ​ធម៌។

លោក​ថ្លែង​ថា៖ «សុំ​ឲ្យ​ការ​ផ្ទេរ​ពី​សមត្ថកិច្ច​ពី​នឹង​[ខេត្ត​ព្រះវិហារ] ដើម្បី​កុំ​ឲ្យ​កាត់​ក្តី​ទៅ​វា​លម្អៀង ឲ្យ​វា​យុត្តិ​ធម៌​ទាំង​អស់​គ្នា​ទៅ»។

នៅ​ពេល​វីអូអេ​ទាក់​ទង​ទៅ លោក ​វុធ​ សាវី ព្រះរាជ​អាជ្ញា​រង​ខេត្ត​ព្រះវិហារ​ បាន​ចុចផ្តាច់​ទូរស័ព្ទ ក្រោយ​ដឹង​ថា​ អ្នក​សារព័ត៌​មាន​ សួរ​នាំ​ទាក់​ទិន​នឹង​ការ​សុំ​អន្តរាគមន៍​របស់​អ្នក​សារ​ព័ត៌​មាន​ពីរ​នាក់​នោះ​។

ក្រោយ​មាន​ការ​ផ្សព្វផ្សាយ​រឿង​រ៉ាវ​ដោះ​លែង​មនុស្ស នៅ​តាម​បណ្តា​សារ​ព័ត៌មាន​ក្នុង​ស្រុក សាលា​ដំបូង​ខេត្ត​ព្រះ​វិហារ កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា បាន​ចេញ​សេចក្តី​ថ្លែងការ​ណ៍​មួយ ដោយ​លើក​ឡើង​ថា ​អ្នក​សារ​ព័ត៌​មាន​ទាំង​២​នាក់​នោះ បាន​ធ្វើ​ឲ្យ​បាត់​ជំនឿ​ទុក​ចិត្ត​លើ​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ព្រះ​រាជ​អាជ្ញា​រង។ សេចក្តី​ថ្លែង​ការណ៍​ដដែលនេះ​ បាន​លើក​ឡើង​ទៀត​ថា​ គេហ​ទំព័រ​ទូរទស្សន៍​អន​ឡាញ​«ខ្មែរ​ម្ចាស់​ការ» បានចុះ​ផ្សាយ​ជា​អត្ថបទ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ដោយ​ដាក់​ចំណង​ជើង​ថា​ «តុលា​ការខេត្ត​ព្រះ​វិហារ​បាន​ដោះ​លែង​ជន​ជាប់​ឃុំ​៣​នាក់ [​ពាក់​ព័ន្ធ​ការ​ឈូស​ឆាយ និង​កាន់​កាប់​ដីរដ្ឋ​] ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ខណៈ​ជន​រង​គ្រោះ​ក្នុង​រឿង​អយុត្តិធម៌​ មិន​ទាន់​មាន​ការ​សម្រច​សម្រួល​ ឬ​ទទួល​យក​សំណង​រដ្ឋ​ប្ប​វេណី​នៅ​ឡើយ»។

ការ​ចុះ​ផ្សាយ​អត្ថបទ​សារព័ត៌មាន​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​អយ្យ​ការ​អម​សាលា​ដំបូង​បាន​ប្រតិកម្ម និង​បាន​ឲ្យ​កែ​តម្រូវ ហើយ​ព្រមាន​ថា បើ​មិន​កែ​តម្រូវ​នោះ​ទេ នឹងចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់។

លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​ថ្លែង​ថា ​ក្រសួង​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​អ្នក​សារព័ត៌​មាន​ទាំង​២​នាក់​នោះ ប៉ុន្តែ​មិន​ទាន់​អាច​អត្ថាធិប្បាយ​នា​ពេល​នេះ ដោយ​រង់​ចាំ​ពិនិត្យ​ពាក្យ​បណ្តឹង​ជា​មុន​សិន៕