សកម្មជនគណបក្សភ្លើងទៀនពីរនាក់ដែលត្រូវបានចាប់ខ្លួនកាលពីដើមសប្តាហ៍នេះ បានប្តឹងឧទ្ធរណ៍ជំទាស់នឹងដីកាឃុំខ្លួនបណ្តោះអាសន្ន ដែលមានន័យថា ពួកគេមិនសុខចិត្តនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែលសម្រេចឃុំខ្លួនពួកគេនៅពន្ធនាគារព្រៃស។ នេះបើតាមមេធាវីការពារក្តីរបស់សកម្មជនទាំងពីរ។
សកម្មជនគណបក្សភ្លើងទៀនទាំងពីរនាក់នោះ រួមមាន លោក ខឹម ចាន់វណ្ណៈ ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន រាជធានីភ្នំពេញ និងអ្នកស្រី ឆាយ ចិន្តា ប្រធានចលនាស្ត្រីខណ្ឌជ្រោយចង្វារ ដែលត្រូវបានចាប់ខ្លួន កាលពីថ្ងៃចន្ទ នៅក្នុងសំណុំរឿងពីរផ្សេងគ្នា។
លោក ជូង ជូងី មេធាវីការពារក្តីឱ្យសកម្មជនទាំងពីរនាក់នេះ ប្រាប់វីអូអេថា កូនក្តីរបស់លោកបានប្តឹងឧទ្ធរណ៍ចំពោះដីកាឃុំខ្លួនបណ្តោះអាសន្ន និងប្តឹងឧទ្ធរណ៍ចំពោះសាលក្រមមុនអង្គសេចក្តី ត្រង់ចំណុចទាំងមូល ដែលមិនសុខចិត្តនឹងការសម្រេចរបស់តុលាការដែលឃុំខ្លួនពួកគេ។
លោកថ្លែងថា៖ «យើងប្រើពាក្យប្តឹងឧទ្ធរណ៍។ ករណីលោក ខឹម ចាន់វណ្ណៈ នៅដំណាក់ការចៅក្រមស៊ើបសួរ គេបានសម្រេចឃុំខ្លួនគាត់តាមដីកាសម្រេច អ៊ីចឹងខ្ញុំបានប្ដឹងឧទ្ធរណ៍នឹងដីកាសម្រេចឃុំខ្លួនហើយ គោលបំណងទាមទារឱ្យដោះលែងគាត់វិញ»។
លោកបន្ថែមថា៖ «ដោយឡែក ឆាយ ចិន្តា គឺគេឃុំខ្លួនគាត់តាមសាលក្រម ដោយហេតុថាករណីលោកស្រី ឆាយ ចិន្តា គឺតុលាការបានបញ្ចប់ការស៊ើបសួរ ព្រោះសំណុំរឿងគាត់ច្រើនឆ្នាំហើយ គឺគេបានបញ្ចប់ការស៊ើបសួរ រុញទៅជម្រះ។ អ៊ីចឹងគេចាប់ខ្លួន ឆាយ ចិន្តា តាមដីកាបង្គាប់ឱ្យចាប់ខ្លួន។ ហើយគេក៏ចេញសាលក្រមសម្រេចឃុំខ្លួន គាត់ក៏ខ្ញុំប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមឃុំខ្លួនហ្នឹងហើយ»។
អ្នកស្រី ឆាយ ចិន្តា ត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនឹងបទល្មើស«ក្លែងបន្លំឯកសារសាធារណៈ»។ ចំណែកលោក ខឹម ចាន់វណ្ណៈ ត្រូវបានតុលាការចេញដីកាបញ្ជាឱ្យចូលខ្លួន ដើម្បីសាកសួរដំណើររឿង«ក្លែងបន្លំឯកសារ» និង«ប្រើប្រាស់ឯកសារក្លែង»។
យោងតាម«ដីកាបង្គាប់ឱ្យចាប់ខ្លួន»របស់សាលាដំបូងរាជធានីភ្នំពេញដែលចេញកាលពីខែតុលា ឆ្នាំ ២០២៣ ដោយចៅក្រមស៊ើបសួរលោក អួង វុទ្ធា អ្នកស្រី ឆាយ ចិន្តា ត្រូវបានចោទប្រកាន់ពីបទ«ក្លែងបន្លំឯកសារសាធារណៈ» ដែលប្រព្រឹត្តនៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលអំឡុងខែមីនា ឆ្នាំ ២០២២ ដោយបទល្មើសព្រហ្មទណ្ឌ មានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ ដោយសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២។ នេះបើតាមដីកាដែលវីអូអេទទួលបាន។
ក្នុង«ដីកាបង្គាប់ឱ្យចាប់ខ្លួន»ដដែលនោះ លោក អួង វុទ្ធា បានបញ្ជាឱ្យកងកម្លាំងសាធារណៈ ស្រាវជ្រាវរកចាប់ខ្លួន និងនាំខ្លួនអ្នកស្រី ឆាយ ចិន្តា មកតុលាការ។
បើតាមគ្រួសារ និងមេធាវីការពារក្តី អ្នកស្រី ឆាយ ចិន្តា ត្រូវបានចោទប្រកាន់ពីបទ«ក្លែងបន្លំឯកសារសាធារណៈ»ទាក់ទងនឹងការដាក់បេក្ខជន ដើម្បីឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២។
ប៉ុន្តែកូនប្រុសរបស់អ្នកស្រី ឆាយ ចិន្តា ប្រាប់វីអូអេដោយសុំមិនបញ្ចេញឈ្មោះ ដោយខ្លាចប៉ះពាល់ការងារថា ម្តាយរបស់លោកមិនបានក្លែងបន្លំឯកសារ ឬស្នាមមេដៃអ្នកណាម្នាក់ឡើយ។ លោកស្នើឱ្យតុលាការដោះលែងម្តាយរបស់លោក ដោយថាម្តាយមាន អាយុ៦៤ឆ្នាំ កំពុងមានជំងឺប្រចាំកាយ ដែលត្រូវការព្យាបាល និងមិនរត់គេចខ្លួនទៅណានោះទេ។
មេធាវីការពារក្តី លោក ជូង ជូងី ប្រាប់វីអូអេថា ការចាប់ខ្លួនអ្នកស្រី ឆាយ ចិន្តា ធ្វើឡើងតាម «ដីកាបង្គាប់ឱ្យចាប់ខ្លួន» ដោយតុលាការសំអាងថាបានចេញដីកាបញ្ជាឱ្យចូលខ្លួនចំនួន ២លើក ប៉ុន្តែអ្នកស្រី ឆាយ ចិន្តា មិនទាន់បានចូលបំភ្លឺ ដោយលើកទី ១ មន្ត្រីបញ្ជូនដីកាឱ្យអ្នកស្រី ចិន្តា យឺតពេល និងលើកទី ២ អ្នកស្រីស្នើពន្យារពេល ដើម្បីរកមេធាវីការពារក្តី។
លោក ជូង ជូងី ថ្លែងថា៖ «កាលពីថ្ងៃទី ១៦ [មករា] គឺតុលាការបានបើកសវនាការ ខ្ញុំបានចូលទៅការពារសិទ្ធិគាត់ គឺបើកសវនាការដេញដោលថាតើក្រៅពីចាប់ខ្លួនគាត់តាមដីកាហើយ តើសម្រេចឃុំខ្លួនគាត់ ឬដោះលែងគាត់? អ៊ីចឹងខ្ញុំជាមេធាវីការពារទាមទារឱ្យដោះលែងគាត់ ដោយខ្ញុំសំអាងថាគាត់មិនគេចវេះទៅណាទេ។ ហើយកាលដែលគាត់មិនបានចូលដោយសារតែការបញ្ជូនដីកាយឺត ហើយគាត់បានសុំពន្យារពេលត្រឹមត្រូវ មានមេធាវីត្រឹមត្រូវ»។
ចំណែកលោក ខឹម ចាន់វណ្ណៈ ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន រាជធានីភ្នំពេញ ត្រូវបាន លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញដីកាបញ្ជាឱ្យចូលខ្លួន ដើម្បីសាកសួរដំណើររឿង«ក្លែងបន្លំឯកសារ» និង«ប្រើប្រាស់ឯកសារក្លែង» ដោយយោងតាមរបាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤។ នេះបើតាមដីកាបញ្ជាឱ្យចូលខ្លួន ចុះថ្ងៃទី១៥ ខែមករា ដែលវីអូអេទទួលបាន។
ក្នុងដីកានោះ លោក សេង ហៀង ក៏បញ្ជាឱ្យនាំខ្លួន លោក ខឹម ចាន់វណ្ណៈ មកបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៤។ ប៉ុន្តែលោក ខឹម ចាន់វណ្ណៈ ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅថ្ងៃទី ១៥ ខែមករានោះ ចំថ្ងៃចេញដីកាតែម្តង។
បន្ទាប់ពីមានការចាប់ខ្លួននោះ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ ប្រាប់វីអូអេកាលពីថ្ងៃអង្គារថា អាជ្ញាធរបានឃាត់ខ្លួនលោក ខឹម ចាន់វណ្ណៈ តាមពាក្យបណ្តឹងរបស់ពលរដ្ឋ ៣នាក់ ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារសាធារណៈលើឯកសារឈរឈ្មោះធ្វើជាបេក្ខជនបម្រុងឈរឈ្មោះក្រុមប្រឹក្សាសង្កាត់ នៅសង្កាត់ផ្សារថ្មីទី ៣ ដែលអ្នកប្តឹងថាមិនបានដឹងខ្លួនអំពីការឈរឈ្មោះនោះទេ។
កូនប្រុសច្បងរបស់លោក ខឹម ចាន់វណ្ណៈ គឺលោក ខឹម ចាន់សុវណ្ណមង្គល អាយុ២១ឆ្នាំ ប្រាប់វីអូអេថា ឪពុករបស់លោកមិនបានធ្វើអ្វីខុសដូចការចោទប្រកាន់ឡើយ និងបានអំពាវនាវឱ្យដោះលែងឪពុក។
លោកបញ្ជាក់ថា៖ «នេះជាការចោទប្រកាន់មួយ ព្រោះគ្រប់ឯកសារ គឺយើងមានការស៊ីញ៉េត្រឹមត្រូវពីសាមីខ្លួនផ្ទាល់»។
លោក ជូង ជូងី ដែលជាមេធាវីការពារក្តីឱ្យលោក ខឹម ចាន់វណ្ណៈ ដែរនោះ ប្រាប់វីអូអេថា លោកកំពុងពិនិត្យមើលដំណើររឿងនៃការចោទប្រកាន់មួយនេះថាពាក់ព័ន្ធនឹង«ក្លែងបន្លំឯកសារ»លើការដាក់បេក្ខជនបម្រុងអ្វីឱ្យពិតប្រាកដ។
គណបក្សភ្លើងទៀនបានចាត់ទុកថា ការចាប់ខ្លួនសកម្មជនទាំង២នាក់នេះជារូបភាពគំរាមកំហែង ដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ មិនឱ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្សប្រឆាំង។ គណបក្សប្រឆាំងនេះក៏អំពាវនាវឱ្យដោះលែងសកម្មជនទាំងពីរនាក់នេះ និងបញ្ឈប់ការចាប់ខ្លួន ការឃុំខ្លួន ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាព៕