កូរ៉េ​ខាង​ជើង​អនុញ្ញាត​ឲ្យ​ជនជាតិ​ម៉ាឡេស៊ី​ពីរ​នាក់​ចាកចេញ

ទង់ជាតិ​កូរ៉េ​ខាង​ជើង​ស្ថិត​នៅ​ពី​ក្រោយ​លួស​របង​នៅ​លើ​របង​ស្ថានទូត​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧។

កូរ៉េ​ខាង​ជើង​អនុញ្ញាត​ឲ្យ​ជនជាតិ​ម៉ាឡេស៊ី​ពីរ​នាក់​ធ្វើ​ការ​នៅ​អង្គការ​ស្បៀង​អាហារ​ពិភពលោក​នៃ​អ.ស.ប.​ចាកចេញ​ពី​ប្រទេស​កុម្មុយនិស្ត​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ពេល​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​បណ្តាល​មក​ពី​ឃាតកម្ម​សម្លាប់​លោក​ Kim Jong ​Nam ​បងប្រុស​ម្តាយ​ទីទៃ​របស់​លោក​ Kim Jong Un ​មេដឹកនាំ​កូរ៉េ​ខាង​ជើង។ ​

លោក​ Najib Razak ​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​បញ្ជាក់​តាម​ Twitter ​ ថា​ អ្នក​ទាំង​ពីរ​បាន​ទៅ​ដល់​ក្រុង​ប៉េកាំង​ដោយ​សុវត្ថិភាព។ ​អ.ស.ប.​និយាយ​ថា ​ជនជាតិ​ម៉ាឡេស៊ី​ពីរ​នាក់​នេះ​ជា​បុគ្គលិក​ស៊ីវិល​អន្តរជាតិ​ ហើយ​មិនមែន​ទៅ​កូរ៉េ​ខាង​ជើង​តាមរយៈ​រដ្ឋាភិបាល​ប្រទេស​របស់​គេ​ទេ។​ អ្នក​ទាំង​ពីរ​នៅ​ក្នុង​ចំណោម​ជនជាតិ​ម៉ាឡស៊ី​១១នាក់​ដែល​ជាប់​នៅ​ក្នុង​ស្ថានទូត​ម៉ាឡេស៊ី​នៅ​ក្រុង​ព្យុងយាង​ ក្រោយពី​កូរ៉េ​ខាង​ជើង​ហាមប្រាម​មិនឲ្យ​ពលរដ្ឋ​ម៉ាឡេស៊ី​ចាកចេញ​ពី​ប្រទេស​កុម្មុយនិស្ត​ឯកោ​នេះ។​ ប្រទេស​ម៉ាឡេស៊ី​បាន​ឆ្លើយតប​ដោយ​ដាក់​បំរាម​ការ​ធ្វើ​ដំណើរ​របស់​ជនជាតិ​កូរ៉េ​ខាង​ជើង​នៅ​ប្រទេស​ម៉ាឡេស៊ី៕​