ក្រុមហ៊ុនបណ្តាញសង្គម Twitter បានដាក់ចេញគោលការណ៍តឹងរ៉ឹងជាងមុនដោយបន្ថែមការហាមប្រាមជុំវិញការប្រើប្រាស់ភាសាអមនុស្សធម៌ពាក់ព័ន្ធនឹងអំបូរនិងជាតិសាសន៍របស់បុគ្គលផ្សេងៗ។
ក្រុមហ៊ុនបណ្តាញសង្គមមួយនេះបានប្រកាសពីការចាប់ផ្តើមអនុវត្តគោលការណ៍ថ្មីបន្ថែមរបស់ខ្លួននេះចាប់ពីថ្ងៃពុធតទៅ។
បណ្តាញសង្គម Twitter លើកឡើងថាខ្លួននឹងដកចេញរាល់ការផុសបង្ហោះណាដែលធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃហើយដែលអ្នកប្រើប្រាស់បានរាយការណ៍មកក៏ដូចជាត្រួតពិនិត្យខ្លឹមសារបង្ហោះទាំងឡាយដែលរំលោភគោលការណ៍របស់ក្រុមហ៊ុន។ជនល្មើសនឹងត្រូវផ្អាកគណនីយមួយរយៈ។
ក្រុមហ៊ុន Twitter បានលើកឡើងថា៖ «តាមការស្រាវជ្រាវបង្ហាញថា ខ្លឹមសារបង្ហោះដែលមានភាពគ្រោតគ្រាតបែបអមនុស្សធម៌អាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរជាក់ស្តែងកើតឡើងនៅលើពិភពលោកហើយយើងចង់ធានាថាមនុស្សកាន់តែច្រើនទៀតនៅជុំវិញពិភពលោកនិងត្រូវបានទទួលការការពារ»៕