លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan បានធានាជាថ្មីឡើងវិញថា លោកជាអ្នកកាន់អំណាចក្នុងប្រទេសតួកគី ហើយការប៉ុនប៉ងធ្វើរដ្ឋប្រហារដោយសមាជិករបស់យោធាមួយចំនួនបានបញ្ចប់ហើយ។ ក៏ប៉ុន្តែសម្លេងគ្រាប់បែកផ្ទុះនិងស្នូរកាំភ្លើងនៅតែបន្តឮសូរនៅទូទាំងរដ្ឋធានី អង់ការ៉ា និងទីក្រុង អ៊ីសស្តង់ប៊ុល រហូតដល់ព្រឹកថ្ងៃសៅរ៍នេះ ហើយគេនៅមិនទាន់ច្បាស់នៅឡើយទេ ថានរណាជាអ្នកគ្រប់គ្រងទីស្នាក់ការយោធានៅក្នុងរដ្ឋធានី អង់ការ៉ា។
លោកនាយករដ្ឋមន្ត្រី Binali Yildrim បានថ្លែងសុន្ទរកថាកាលពីរសៀលថ្ងៃសៅរ៍ ដោយបានហៅរាត្រីនោះថាជាស្រមោលខ្មៅសម្រាប់ប្រទេសតួកគី។
លោកបានមានប្រសាសន៍ថា «ឥឡូវនេះ ដំណាក់កាលទី១នៃហេតុការណ៍នេះ បានមកដល់ទីបញ្ចប់ហើយ។» ដោយលោកបានបញ្ជាក់ថា សកម្មភាពដែលទាហាននិងមន្ត្រី២៨៣៩នាក់បានធ្វើរដ្ឋប្រហារនឹងត្រូវទទួលទោសពេញលេញ។
បច្ចុប្បន្ននេះ ទោសប្រហារជីវិតមិនត្រូវបានអនុញ្ញាតនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសតួកគីនោះទេ ប៉ុន្តែលោក Yildrim បានលើកឡើងថា រដ្ឋាភិបាលប្រហែលជាស្វះស្វែងកែប្រែច្បាប់នេះ។ ចាប់តាំងសេចក្តីប្រកាសនេះបានចេញផ្សាយ ប្រយោគដែលថា «ខ្ញុំចង់ឲ្យមានទោសប្រហារជីវិត» បានក្លាយជាប្រយោគពេញនិយមនៅលើបណ្តាញសង្គម Twitter នៅក្នុងប្រទេសតួកគី។
លោក Erdogan បានជិះយន្តហោះទៅកាន់ទីក្រុង អ៊ីស្តង់ប៊ុល កាលពីព្រឹកថ្ងៃសៅរ៍នេះ ដោយបានថ្កោលទោសការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ ថាជាសកម្មភាពក្បត់ជាតិ ដែលធ្វើឡើងដោយក្រុមដែលលោកបានពិពណ៌នា ថាជាមន្ត្រីយោធាទុច្ចរិត។
លោកបានថ្លែងទៅកាន់ហ្វូងមនុស្សដែលគ្រវីទង់ជាតិតួកគី នៅខាងក្រៅអាកាសយានដ្ឋាន Ataturk ក្នុងទីក្រុង អ៊ីស្តង់ប៊ុល ថា «ពួកគេបានលើកកាំភ្លើងរបស់ប្រជាពលរដ្ឋភ្ជង់ប្រជាពលរដ្ឋខ្លួនឯង។ រដ្ឋាភិបាលដែលទទួលបានអំណាចដោយសារប្រជាពលរដ្ឋបោះឆ្នោតឲ្យនេះ គឺជាអ្នកគ្រប់គ្រងប្រទេស។ ពួកគេនឹងមិនទទួលបានជោគជ័យនោះទេ ដរាបណាយើងពួតដៃគ្នាប្រឆាំងនឹងពួកគេដោយប្រថុយនឹងអ្វីៗគ្រប់យ៉ាង។»
នៅក្នុងសុន្ទរកថាដែលផ្សាយតាមទូរទស្សន៍កាលពីមុននេះ លោក Umit Dundar អគ្គសេនាធិការស្តីទីបានកោតសរសើរអំពីសហប្រតិបត្តិការរបស់រដ្ឋាភិបាលនិងប្រជាពលរដ្ឋតួកគី ប៉ុន្តែលោកបានព្រមានថា សកម្មភាពរបស់ទាហានដែលបានធ្វើរដ្ឋប្រហារនេះនឹងមិនត្រូវអភ័យទោសឲ្យបានដោយងាយស្រួលនោះទេ៕