ជ័យជម្នះរបស់គណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AK) របស់តួកគី នៅក្នុងការបោះឆ្នោតថ្មីៗនេះ បាននាំឲ្យមានការឆ្លើយតបវិជ្ជមានមួយពីទីផ្សារហិរញ្ញវត្ថុ។ ប៉ុន្តែ ក្រុមអ្នកវិភាគ បានតាស់តឿនឲ្យដឹងថា នៅលើទីផ្សារ មានការព្រួយបារម្ភអំពីថាតើគណបក្សនេះនឹងប្រើប្រាស់អំណាចនយោបាយថ្មីរបស់ខ្លួនយ៉ាងណានោះទេ។
ជ័យជម្នះភ្លូកទឹកភ្លូកដីមិនគួរឲ្យនឹកស្មានដល់មួយពីការឈ្នះឆ្នោតរបស់គណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AK) ត្រូវបានមើលឃើញថា មិនត្រឹមតែអ្នកគាំទ្រប៉ុណ្ណោះទេដែលធ្វើពិធីអបអរសាទរនោះ ទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសនេះក៏មានភាពរស់រវើកផងដែរ។
ទីផ្សារប្រាក់លីរ៉ា (lira) និងផ្សារហ៊ុន បានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានខែនៃការខាតបង់ដោយភាពមិនប្រាកដប្រជានៃនយោបាយ ក្រោយពីការបោះឆ្នោតកាលពីខែមិថុនា និងការរំពឹងទុកថា ប្រទេសតួកគីនឹងឈានទៅរកសម្ព័ន្ធរដ្ឋាភិបាលមួយ។ លោក Inan Demir ប្រធានផ្នែកសេដ្ឋកិច្ចនៃធនាគារ Finansbank ប្រចាំនៅ Istanbul និយាយថាការកើនឡើងដ៏ខ្លាំងនៃទីផ្សារនេះ អាចនឹងមានរយៈពេលខ្លី ដោយសារតែមានចម្ងល់អំពីទិសដៅរបស់គណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AK)។
«ចម្ងល់ទាំងនោះ ទាក់ទងជាសំខាន់អំពីថាតើគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AK) អនុវត្តបែបណា បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងក្លាពីបោះឆ្នោតនោះ និងថាតើពួកគេនឹងប្រើអំណាចដែលនៅក្នុងដៃរបស់ពួកគេពេលនេះ ទៅមុខទៀតយ៉ាងណាខ្លះ»។
អ្នកសង្កេតការណ៍និយាយថា ទីផ្សារកំពុងតែជ្រួលច្រាលដោយការព្រួយបារម្ភមិនដឹងថាតើលោកប្រធានាធិបតី Recep Tayyip Erdogan និងក្រុមអ្នកប្រឹក្សារបស់លោក នឹងបង្កើនអំណាចគ្រប់គ្រងខ្លាំងថែមទៀត ទៅលើគោលនយោបាយសេដ្ឋកិច្ចដែរឬទេ។
លោកប្រធានាធិបតី បានធ្វើការរិះគន់ទៅលើប្រធានធនាគារកណ្តាល លោក Erdem Basci យ៉ាងខ្លាំង ដែលបានលើកឡើងអំពីភាពឯករាជ្យរបស់ធនាគារនេះ ខណៈពេលដែលក្រុមអ្នកប្រឹក្សារបស់លោកកាន់តែជំទាស់នឹងគោលនយោបាយសម្របទីផ្សារ ដែលគាំទ្រដោយរដ្ឋមន្រ្តីហិរញ្ញវត្ថុ Ali Babacan។
សេដ្ឋកិច្ចវិទូ Demir និយាយថា ទីផ្សារទាំងនោះ កំពុងតែឃ្លាំមើលយ៉ាងជិតដិត ដើម្បីឲ្យឃើញពីអ្វីនឹងកើតឡើងចំពោះលោក Babacan។
«ប្រសិនបើលោក Ali Babacan មិនចូលរួមជាមួយក្រុមប្រឹក្សាគណៈរដ្ឋមន្រ្តី នោះទីផ្សារនឹងមានការបារម្ភខ្លាំង។ ហើយនៅខែមេសា ឆ្នាំ២០១៦ នៅពេលដែលអាណត្តិបច្ចុប្បន្នរបស់ទេសាភិបាលធនាគារកណ្តាលត្រូវផុតកំណត់ នោះការតែងតាំងក៏អាចឲ្យជាសញ្ញាណសំខាន់មួយចំនួនដែរ។ ប្រសិនបើការរំពឹងទុកទាំងនោះមិនបានកើតឡើង នោះយើងគួរតែរំពឹងនូវប្រតិកម្មអវិជ្ជមានកាន់តែច្រើនដែលនឹងកើតចេញមកពីទីផ្សារនោះ។ ប្រាក់លីរ៉ារបស់តួកគីកំពុងធ្លាក់ថ្លៃ ហើយវាគឺជាការប្រតិបត្តិដ៏អាក្រក់មួយក្នុងទីផ្សាររូបិយប័ណ្ណ ដែលកំពុងតែងើបឡើង»។
ក្រុមអ្នកវិភាគបាននិយាយថា ភាពមិនច្បាស់លាស់នៅក្នុងទីផ្សារអន្តរជាតិបែបនេះ អាចបន្ថែមសម្ពាធទៅលើប្រាក់លីរ៉ាបន្ថែមទៀត។ ប្រសិនបើធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកនឹងដំឡើងអត្រាការប្រាក់នៅខែក្រោយនេះ ជាមួយនឹងការបន្ថែមសម្ពាធទៅលើទីផ្សាររូបិយប័ណ្ណទៀតនោះ អ្នកវិភាគបានព្រមានថា អ្នកដឹកនាំនយោបាយរបស់ប្រទេសតួកគីនឹងត្រូវបោះជំហានដោយប្រុងប្រយ័ត្ន»៕
ប្រែសម្រួលដោយ សើ សាយ្យាណា