ប្រែសម្រួលដោយ ឃួន ធារ៉ា
នាយករដ្ឋមន្ត្រីទួកគី លោក រីសឹប តាយយីប អឺដូហ្គឹន (Recep Tayyip Erdogan) បានព្រមាននៅចុងសប្តាហ៍នេះថាប្រទេសរបស់លោក ស្ថិតនៅ«មិនឆ្ងាយ»ពីការធ្វើសង្រ្គាមជាមួយប្រទេសស៊ីរីទេ បន្ទាប់ពីមានការវាយប្រហារដោយកាំភ្លើងត្បាល់ ដែលបានសម្លាប់ជនជាតិទួកគីចំនួនប្រាំនាក់កាលពីសប្តាហ៍មុន។ បទអត្ថាធិប្បាយរបស់លោកបានធ្វើឡើង នៅពេលដែលក្រុមមន្ត្រីទួកគី កំពុងតែសម្តែងការខកចិត្ត ដែលការថ្កោលទោសទៅលើប្រទេសស៊ីរី ពីសំណាក់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ មិនខ្លាំងក្លាដូចដែលទួកគីបានរំពឹងទុក។
រដ្ឋាភិបាលក្រុងអង់ការ៉ា (Ankara) បានទាមទារថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវចាត់វិធានការឲ្យបានខ្លាំងក្លា បន្ទាប់ពីការបាញ់កាំភ្លើងត្បាល់របស់ស៊ីរី បានសម្លាប់ជនជាតិរបស់ខ្លួនចំនួនប្រាំនាក់ នៅទីក្រុងតាមបណ្តោយព្រំដែន អាកខាកាឡេ (Akcakale) នៅសប្តាហ៍នេះ។
ប៉ុន្តែ សម្ពាធនោះ ហាក់ដូចជាពុំសូវមានប្រសិទ្ធិភាព ដូចដែលពួកគេបានរំពឹងទុកនោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសទួកគី លោក សេលខូក អូណាល (Selcuk Unal) ថ្លែងថា៖
«ស្ថានការណ៍នៅឯព្រំដែនទួកគីនិងស៊ីរីនេះ មានភាពធ្ងន់ធ្ងរគួរសមដែរ ហើយខ្ញុំគិតថា អ្នកដែលស្ថិតក្នុងស្ថានភាពដូចយើង នឹងចង់បានបែបផែនមួយឬភាសាខ្លាំងៗជាងនេះ ជាក់ជាពុំខាន។»
ហើយនៅក្នុងកិច្ចប្រជុំជាបន្ទាន់មួយរបស់បណ្តាអគ្គរដ្ឋទូតអង្គការណាតូ (NATO) ក្រោយពីឧបទ្ទវហេតុនេះ អង្គការណាតូ មិនបានស្នើឡើងនូវមាត្រាទីប្រាំនៃធម្មនុញ្ញរបស់ខ្លួន ដែលនឹងតម្រូវឱ្យសមាជិកទាំងអស់ការពារប្រទេសទួកគីនោះទេ។
ក្រុមអ្នកវិភាគនិយាយថា បន្ទាប់ពីមានការច្រានចោលជាច្រើនសារពីសំណាក់សម្ព័ន្ធមិត្តរបស់ខ្លួន ទួកគីយល់ថា ខ្លួនកំពុងតែស្ថិតក្នុងគ្រោះថ្នាក់នៃការទុកឲ្យនៅឯកោហើយ។
លោក ស៊ីណាន អុលហ្គឹន (Sinan Ulgen) ប្រធានវិទ្យាស្ថានស្រាវជ្រាវអេដាម (Edam) ដែលមានមូលដ្ឋាននៅទីក្រុងអ៊ីស្តង់ប៊ុល និយាយថា ឥឡូវនេះ រដ្ឋាភិបាលក្រុងអង់ការ៉ា កំពុងគិតគូរសម្រាប់រយៈពេលវែង។
«ប្រសិនបើចៃដន្យជម្លោះនេះកាន់តែតានតឹងឡើង ពេលនោះទួកគី នឹងស្វះស្វែងរកការគាំទ្រកាន់តែខ្លាំងឡើងថែមទៀតពីសម្ព័ន្ធមិត្តរបស់យើង។ អាស្រ័យហេតុនេះ ការពិគ្រោះយោបល់គ្នាត្រូវបានផ្តួចផ្តើមឡើង គឺដើម្បីរៀបចំមូលដ្ឋានសម្រាប់តម្រូវការនាពេលអនាគត ព្រោះទួកគីមិនចង់ប្រឈមមុខនឹងហានិភ័យនៃវិធានការជាឯកតោភាគីនោះទេ។»
កាលពីថ្ងៃព្រហស្បតិ៍ សភាទួកគី បានអនុម័តញត្តិមួយដើម្បីអនុញ្ញាតឱ្យកងកម្លាំងរបស់ខ្លួន ធ្វើអន្តរាគមន៍នៅក្នុងប្រទេសស៊ីរី។ ប៉ុន្តែ នាយករដ្ឋមន្ត្រីទួកគី លោក រីសឹប តាយយីប អឺដូហ្គឹន បានសង្កត់ធ្ងន់កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសទួកគីមិនចង់ឱ្យមានជម្លោះទេ។
លោកបានថ្លែងថា៖ «យើងគ្មានចេតនាចាប់ផ្តើមសង្គ្រាមជាមួយស៊ីរីទេ» ហើយបានបន្ថែមទៀតថា «គ្មានប្រទេសណាហ៊ានសាកល្បងការប្តេជ្ញាចិត្តរបស់យើងឡើយ។»
លោក អុណាល អ្នកនាំពាក្យក្រសួងការបរទេសទួកគី បានឲ្យដឹងថា ការបោះឆ្នោតសភាគួរតែត្រូវបានចាត់ទុកថាជាការកម្លាមួយទៅរដ្ឋាភិបាលក្រុងដាម៉ាស (Damascus) ប្រឆាំងនឹងការរំលោភបំពានលើទឹកដីខ្លួននាពេលអនាគត។
បើទោះជាមានចេតនារបស់ទួកគីក៏ដោយ លោក អឺដូហ្គឹន បានព្រមានកាលពីថ្ងៃសុក្រថា សង្គ្រាមប្រហែលជាស្ថិតនៅមិនឆ្ងាយប៉ុន្មានទេ ហើយមធ្យោបាយដ៏ល្អបំផុតដើម្បីទទួលបានសន្តិភាពគឺត្រូវត្រៀមខ្លួនសម្រាប់សង្គ្រាម។
យោងតាមការស្ទាបស្ទង់មតិ ជនជាតិទួកគីភាគច្រើនលើសលុបជំទាស់នឹងការធ្វើអន្តរាគមន៍យោធានៅស៊ីរី ហើយការជំទាស់បែបនេះកំពុងតែកើនឡើង។
ក្រុមអ្នកវិភាគនិយាយថា បើទោះជាមានកាជំទាស់យ៉ាងខ្លាំងក្លានៅក្នុងប្រទេសនិងបរទេសក៏ដោយ ឥឡូវនេះ រដ្ឋាភិបាលក្រុងអង់ការ៉ា អាចនឹងចាត់វិធានការដ៏ប្រុងប្រយ័ត្នមួយ។ ប៉ុន្តែគោលជំហរយ៉ាងរឹងមាំរបស់ខ្លួនចំពោះរដ្ឋាភិបាលក្រុងដាម៉ាស នៅតែមិនផ្លាស់ប្តូរឡើយ៕