សង្គ្រាមនៅអ៊ុយក្រែនអាចចប់យ៉ាងងាយបើរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Donald Trump ប្រើវិធីសាស្ត្រផ្អែកលើដំណោះស្រាយ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃសុក្រ ដែលបានស្រង់សម្តីរបស់ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan។
លោក Erdogan ថា៖ «យើងអាចបញ្ចប់សង្គ្រាមនេះបានយ៉ាងងាយ ប្រសិនបើរដ្ឋបាលលោក Trump ប្រើវិធីផ្អែកលើដំណោះស្រាយដើម្បីដោះស្រាយបញ្ហានេះ។ ការសន្ទនា ការទូត និងការព្រមព្រៀងគ្នាបន្ថែមទៀតនឹងបើកទ្វារទៅរកសន្តិភាព មិនមែនអាវុធ គ្រាប់បែក និងជម្លោះទេ»។
លោក Erdogan ថ្លែងដូច្នេះពេលលោកផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មានក្នុងអំឡុងពេលលោកស្ថិតនៅលើយន្តហោះធ្វើដំណើរត្រឡប់មកពីទីក្រុងប៊ុយដាប៉ែសនៃប្រទេសហុងគ្រីវិញ។ លោកបានបន្ថែមថា កិច្ចប្រឹងប្រែងរបស់ក្រុមបស្ចិមប្រទេសដែលដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននឹងពន្លឿនដំណោះស្រាយចំពោះសង្គ្រាមនេះ។
លោក Trump បានថ្លែងក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតថា លោកនឹងនាំមកនូវសន្តិភាពនៅអ៊ុយក្រែនក្នុងពេល ២៤ ម៉ោង បើលោកឈ្នះការបោះឆ្នោត តែលោកមិនបានផ្តល់សេចក្តីពិស្តារអំពីរបៀបដែលលោកអាចស្វះស្វែងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននេះទេ។
តាំងពីខែមីនាមក ប្រទេសតួកគីបានអំពាវនាវឲ្យមានការចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ហើយបានស្ម័គ្រចិត្តធ្វើជាអ្នកសម្រុះសម្រួល ដោយនិយាយថាផលប៉ះពាល់អវិជ្ជមាននៃសង្គ្រាមនេះលើពិភពលោកចាំបាច់ត្រូវតែកាត់បន្ថយ៕