ប្រជា​ពលរដ្ឋ​ទីក្រុង​ក្នុង​ប្រទេស​ទុយនេស៊ី​រៀបចំ​កិច្ចដំណើរការ​ទីក្រុង​ដោយ​ខ្លួនឯង

ពលរដ្ឋ​ទុយនេស៊ី ​នាំ​គ្នា​ឈរ​នៅ​មាត់​សមុទ្ទ​ នៃ​ទីក្រុង​ ហ្សាហ្សីស​ ប្រទេស​ ទុយនេស៊ី​ កាល​ពី​ថ្ងៃ​ ទី​១៨​ ខែ​កុម្ភៈ ​ឆ្នាំ​២០១១។

ប្រទេស​ទុយនេស៊ី​នៃ​ទ្វីប​អាហ្រ្វិក​ខាងជើង​ស្ថិតនៅក្នុង​ស្ថានភាពនាំមុខ​គេ​ក្នុងការបះបោរ​របស់​ប្រជា​ពលរដ្ឋ​ប្រឆាំង​ទៅ​នឹង​រដ្ឋាភិបាល​ដែល​បាន​រាលដាល​នៅ​ទូទាំង​ពិភព​អារ៉ាប់។ ឥឡូវនេះ​ទុយនេស៊ី​កំពុង​តែ​ឈាន​ចូល​ទៅ​ក្នុងដំណាក់​កាល​ថ្មី ​ខណៈពេល​ដែល​ប្រទេស​នេះ​ស្វែងរក​ការកសាង​លទ្ធិ​ប្រជាធិបតេយ្យ​ពី​ចំណុច​សូន្យ។

សមាគម​យុវជន​ ក្រុងហ្សាហ្សីស​ ពោរពេញ​ទៅ​ដោយ​មនុស្ស​ជាច្រើន។ ប្រជា​ពលរដ្ឋ​នៅក្នុងមូលដ្ឋាន​កំពុង​ធ្វើ​នំសាន់វិច​និង​សាឡាត់​សម្រាប់​ភ្ញៀវ​របស់​ពួកគេ​ដែល​ជា​កម្មករជនជាតិ​អេហ្ស៊ីប​រាប់រយនាក់​ដែល​បាន​រត់ភៀស​ខ្លួន​ចេញពី​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​លីប៊ី​ហើយ​ឆ្លងកាត់​ចូលមក​ក្នុង​ព្រំដែន​នៃ​ប្រទេស​ទុយនេស៊ី​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៦៥​គីឡូ​ម៉ែត្រ។

តើ​ពួកគេបាន​មក​ដល់​ទីនេះ​ដោយ​របៀប​ណា​គឺជា​ឧទាហរណ៍​មួយ​នៃ​ប្រជាធិបតេយ្យ​ពី​ថ្នាក់​មូលដ្ឋាន​ ដែល​បាន​ចាក់ឫស​សន្សឹមៗ​នៅ​ក្នុង​ប្រទេស​នេះ​មួយ​ខែ​បន្ទាប់​ពី​ក្រុមអ្នកតវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល បាន​បង្ខំអតីត​ប្រធានាធិបតី​ហ្សីន អាល់​អាប៊ីឌីន បេនអាលី (Zine al-Abidine Ben Ali) ឲ្យ​ចាកចេញ​ពី​អំណាច។ លោក ម៉ូហាមេដ ចេលូអាលី (Mohamed Jelouali) ដែលជា​គ្រូបង្រៀន​នៅ​ក្នុង​ទីក្រុង​ ហ្សាហ្សីស ​ពន្យល់​អំពី​របៀប​ដែល​ប្រជា​ពលរដ្ឋ​ក្នុង​ទីក្រុង ​គឺមិនមែន​រដ្ឋាភិបាល​ចាំ​ផ្ទះទេ​បាន​ធ្វើការរៀបចំ​ក្នុង​ការដឹកជញ្ជូន​ជនជាតិ​អេហ្ស៊ីប​មកកាន់​ទីនេះ​ដើម្បី​ទទួល​បាន​ម្ហូប​អាហារ​និង​ជម្រក​ស្នាក់នៅ។

លោក ចេលូអាលី ​និយាយ​ថា ​រដ្ឋាភិបាល​ទុយនេស៊ី​មិនមាន​សកម្មភាព​អ្វី​ទាំងអស់​នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការជួយ​ជនជាតិ​អេហ្ស៊ីប។ តាមការពិត ​រដ្ឋាភិបាល​គឺ​មិនមាន​សកម្មភាព​អ្វី​ទាំងអស់​ នៅ​ក្នុង​ទីក្រុង​នេះ​ទាំងមូល។

ដូច​នៅ​កន្លែងផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ដែរ ទីក្រុង​ ហ្សា​ហ្សីស គឺ​ពោរពេញ​ទៅ​ដោយ​ការតវ៉ា​ប្រឆាំង​ទៅ​នឹង​រដ្ឋាភិបាល​នៅ​ក្នុង​ខែមករា។ បន្ទាប់ពី​លោក បេនអាលី បាន​រត់ភៀសខ្លួន ​ប្រជា​ពលរដ្ឋ​នៅ​ទីនេះ ​បាន​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​គណៈកម្មការ​ប្រជា​ពលរដ្ឋមួយ​ដែល​មាន​សមាជិក​៣០​រូប ដើម្បី​តំណាង​ឲ្យ​ពួកគេ។ លោក ចេលូអាលី គឺ​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មការ​នេះ។

លោក​និយាយ​ថា គណៈកម្មការ​ព្យាយាម​ដោះស្រាយ​បញ្ហា​ប្រចាំថ្ងៃនៅ​ក្នុង​ទីក្រុង។ រដ្ឋ​នៅតែ​បើក​ប្រាក់​បៀវត្សរ៍​ឲ្យ​មន្រ្តី​ស៊ីវិល ​ប៉ុន្តែ​ប្រជា​ពលរដ្ឋបាន​បណ្តេញ​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ចេញពី​ការងារ លើកលែង​តែ​អភិបាលក្រុង។

ប្រជា​ពលរដ្ឋ​លោក អាលី ដារ៉ាក បាន​ផ្តល់​ការវាយ​តម្លៃ​ល្អ​មួយ​ដល់​គណៈកម្មការ​ប្រជា​ពលរដ្ឋ។

ដារ៉ាក ​និយាយ​ថា ប្រជា​ពលរដ្ឋ​ក្នុង​ទីក្រុង​គិតថា គណៈកម្មការ​បាន​ធ្វើ​កិច្ចការ​ល្អ ​ក្នុង​ការគ្រប់គ្រង​ស្ថានភាព​នៅ​ក្នុង​ទីក្រុង ​ហ្សាហ្សីស។

ទីក្រុង​ហ្សាហ្សីស​ថែម​ទាំង​មាន​ការរៀបចំ​បណ្តាញសារព័ត៌មាន​ផ្ទាល់​ខ្លួន​ដូចជា​ទូរទស្សន៍​ហ្សាហ្សីស​ផ្សាយ​តាម​អ៊ីនថឺណិត។ លោក វ៉ាលីដ ហ្វែលឡោះ (Walid Fellah) ដែល​មាន​អាយុ​27​ឆ្នាំ​គឺ​សមាជិក​ស្ថាបនិក​មួយ​រូប​នៃ​បណ្តាញ​សារព័ត៌មាន​នេះ។

លោក ហ្វែលឡោះ​ និយាយ​ថា សមាជិក​ទាំងឡាយ​របស់​ទូរទស្សន៍​ហ្សាហ្សីស​បាន​ចូលរួម​នៅក្នុង​ការតវ៉ាប្រឆាំងនឹង​រដ្ឋាភិបាល​នៅ​ក្នុង​ទីក្រុងហ្សាហ្សីស ​ប៉ុន្តែ​ពួកគេ​ក៏​បាន​ថតវីដេអូ​ក្រុម​អ្នកតវ៉ា​ទាំង​នេះ​ដែរ ​ហើយ​ក្រុម​ប៉ូលីសបាន​ធ្វើការ​វាយបង្រ្កាប។ ពួកគេ​បាន​បោះពុម្ពផ្សាយ​នូវ​រឿងរ៉ាវ​គ្រប់បែបយ៉ាង​នៅ​ក្នុង​គេហទំព័រ​ហ្វេសបុគ (Facebook) របស់​ខ្លួន។ ឥឡូវ​នេះ ពួកគេ​កំពុង​បោះពុម្ព​ផ្សាយ​ព័ត៌មាន​ក្នុង​ទីក្រុង​ដែល​រួមទាំង​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ក្រុម​ប្រជាពលរដ្ឋ​រាប់​រយនាក់​ដែល​បានរត់​ភៀសខ្លួន​ចេញ​ពី​ប្រទេស​ទុយនេស៊ី​ទៅ​កាន់​ទ្វីប​អឺរ៉ុប។

លោក​ ហ្វែលឡោះ​ និយាយ​ថា លោក​ជឿជាក់​ថា ​ការផ្លាស់ប្តូរ​នយោបាយ​នៅ​ក្នុង​ប្រទេស​ទុយនេស៊ី នឹង​មក​ដល់​ថ្នាក់មូលដ្ឋាន។ ទីក្រុង​ហ្សាហ្សីស​កំពុង​ព្យាយាម​កសាង​រចនា​សម្ព័ន្ធ​ប្រជា​ធិបតេយ្យ​របស់​ខ្លួន​ដោយ​ខ្លួនឯង។ លោក​ ហ្វែលឡោះ​ និយាយ​ថា ​ប្រសិនបើ​តំបន់​ផ្សេងៗ​ទៀត​ធ្វើ​ដូចគ្នា ​លទ្ធិប្រជាធិបតេយ្យ​នឹង​ចាក់ឫស​នៅក្នុង​ប្រទេស​ទុយនេស៊ី៕