វ៉ាស៊ីនតោន៖ នៅប្រទេសទុយនេស៊ី (Tunisia) បញ្ហានយោបាយនៅតែមិនទាន់អាចដោះស្រាយបាននៅឡើយ។ បាតុកររាប់ពាន់នាក់ កំពុងដើរដង្ហែរតាមផ្លូវនានាក្នុងរដ្ឋធានី ដើម្បីទាមទារឲ្យប្រធានាធិបតីចុះចេញពីតំណែង។ ការធ្វើបាតុកម្មនេះធ្វើឡើងមួយថ្ងៃ ក្រោយពេលដែលលោកប្រធានាធិបតីបានស្វះស្វែងរកវិធី ដើម្បីបន្ធូរបន្ថយភាពវឹកវរខាងនយោបាយ ដោយប្តេជ្ញាថា លោកនឹងមិនស្វះស្វែងរកការកាន់អំណាចជាប្រធានាធិបតីមួយអណត្តិទៀតទេ ហើយជម្រុញឲ្យមានកំណែទម្រង់នយោបាយ និងសារព័ត៌មាន។ ជាការឆ្លើយតបចំពោះការទាមទារទាំងនោះ លោកប្រធានាធិបតី ទំនងជាត្រូវកែប្រែយ៉ាងខ្លាំងនូវការគាបសង្កត់ផ្នែកនយោបាយ ដែលមានជាយូរមកហើយនោះ។
កាលពីថ្ងៃសុក្រនេះ ក្រុមបាតុករបានដើរដង្ហែរតាមមហាវិថីដ៏សំខាន់ នៅកណ្តាលក្រុងទូនីស ដោយបានស្រែកពាក្យស្លោកប្រឆាំងនឹងលោកប្រធានាធិបតី Ben Ali ដោយបានហៅលោកថាជា ឃាតករ និងទាមទារឲ្យលោកចុះចេញពីតំណែង។ កាលពី ២៤ម៉ោងមុននោះ ការដើរដង្ហែទាមទារដូចនេះ មិនអាចធ្វើឡើងបានទេ ដោយសារទុយនេស៊ីជាប្រទេសមួយដែលសេរីភាពនៃការបញ្ចេញមតិត្រូវបានគាបសង្កត់ជាយូរមកហើយ។ ការធ្វើបាតុកម្មលើកនេះ គឺជាការសាកល្បងលើកដំបូង នៃការប្តេជ្ញារបស់លោកប្រធានាធិបតី Ben Ali ដែលថា នឹងបន្ធូរបន្ថយការរឹតបន្តឹងលើប្រព័ន្ធផ្សព្វផ្សាយ ចាត់វិធានការបញ្ចុះតម្លៃម្ហូបអាហារ និងបញ្ឈប់កងកម្លាំងសន្តិសុខមិនឲ្យបាញ់កាំភ្លើងទៅលើក្រុមបាតុកម្ម។ លោកប្រធានាធិបតី Ben Ali មានប្រសាសន៍ថា៖
«ខ្ញុំយល់ ចំពោះសំណូមពរផ្នែកនយោបាយរបស់លោកអ្នក។ បាទ ខ្ញុំយល់ ហើយខ្ញុំបានសម្រេចថា នឹងផ្តល់សេរីភាពផ្នែកព័ត៌មានដល់គ្រប់កម្រិតទាំងអស់ ហើយមិនទប់ស្កាត់ការប្រើអ៊ីនធឺណិត ហើយការពិនិត្យពិច័យតាមដានលើប្រព័ន្ធផ្សព្វផ្សាយក៏លែងមានទៀតដែរ។ តែទោះយ៉ាងនេះក៏ដោយ យើងត្រូវតែគោរពដល់គោលការណ៍ និងការប្រព្រឹត្តរបស់យើង»។
លោកប្រធានាធិបតីមើលទៅហាក់ដូចជាញ័រខ្លួនក្នុងពេលដែលលោកថ្លែងសន្ទរកថាដែលបានត្រូវរៀបចំដោយប្រញាប់ប្រញាល់ទុកជាមុនមួយ តាមទូរទស្សន៍កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីព្យាយាមបញ្ឈប់កូដកម្មដ៏មរណៈ ទាក់ទិននឹងបញ្ហាតម្លៃម្ហូបអាហារ និងអត្រាគ្មានការងារធ្វើដ៏ខ្ពស់។ រដ្ឋាភិបាលបានឲ្យដឹងថា មនុស្ស២៣នាក់បានស្លាប់នៅក្នុងភាពវឹកវរនោះ ក៏ប៉ុន្តែក្រុមអង្គការសិទ្ធិមនុស្ស និងគណបក្សប្រឆាំងនិយាយថា ចំនួនមនុស្សស្លាប់ គឺមានច្រើនជាងចំនួននោះឆ្ងាយណាស់។
ភាសានិយាយរបៀបសម្រុះសម្រួលរបស់លោកអាលី នៅក្នុងសន្ទរកថាទៅកាន់ជនរួមជាតិ ដំបូងឡើយបានធ្វើឲ្យមានការអបអរ ដោយមានក្រុមដែលធ្លាប់រិះគន់ លោក ធ្វើការសរសើរដល់លោកប្រធានាធិបតី ចំពោះការដែលលោកទទួលស្គាល់កំហុសរបស់លោក។
ប្រជាពលរដ្ឋរាប់ពាន់នាក់ បាននាំគ្នាដើរលើផ្លូវ ដើម្បីសរសើរដល់លោក Ben Ali។
ក៏ប៉ុន្តែ មួយថ្ងៃក្រោយមក ប្រវត្តិរបស់លោកប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយត្រូវបានរំឭកជាថ្មី ហើយធ្វើឲ្យមានការតវ៉ាថ្មីមួយទៀត។ លោក Ali បានគ្រប់គ្រងប្រទេសទុយនេស៊ី អស់រយៈពេល២៣ឆ្នាំហើយ ហើយលោកនិងគ្រួសាររបស់លោក ត្រូវបានចោទប្រកាន់ថា បានលួចទ្រព្យសម្បត្តិរបស់ជាតិ សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន។
Dilou Thoraya ជាបាតុករម្នាក់ និយាយថា ការសន្យាធ្វើកំណែទម្រង់តែម្យ៉ាង គឺមិនគ្រប់គ្រាន់ទេ។
«ការប្តេជ្ញារបស់លោក គឺបានធ្វើឡើងក្រោមសំពាធរបស់ប្រជាពលរដ្ឋ។ វាយឺតពេលហើយ មានមនុស្ស ៧០នាក់បានស្លាប់។ ក្នុងពេលដែលលោកកំពុងថ្លែងសន្ទរកថានោះ មានប្រជាពលរដ្ឋកំពុងស្លាប់នៅក្រុង Kairouan។ យើងលែងមានទំនុកចិត្តចំពោះលោកទៀតហើយ។ នៅទីនេះប៉ូលិស និងក្រសួងមហាផ្ទៃជាអ្នកទទួលខុសត្រូវ»។
ភាពវឹកវរនេះ បានចាប់ផ្តើមនៅក្នុងខែធ្នូ នៅពេលដែលនិស្សិតបញ្ចប់សាកលវិទ្យាល័យគ្មានការងារធ្វើមួយរូប បានដុតខ្លួនឯង ក្រោយពេលដែលប៉ូលិស បានដកហូតតូបលក់ទំនិញរបស់លោក។ ក៏ប៉ុន្តែ ប្រជាពលរដ្ឋទុយនេស៊ីមួយចំនួន ដែលមិនពេញចិត្តដោយសារពួកគេមិនមានឥទ្ធិពលទៅលើអ្នកដឹកនាំនយោបាយដែលគ្រប់គ្រងអំណាចអស់រយៈពេលជាយូរមកហើយនោះ គឺមានអារម្មណ៍ដូចនិស្សិតដែលបានធ្វើអត្តឃាតនោះដែរ៕
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់