ប្រែសម្រួលដោយ ឌី ខាំបូលី
រយៈពេលជិតមួយឆ្នាំ បន្ទាប់ពីប្រទេស ទុយនេស៊ី (Tunisia) បានរៀបចំការបោះឆ្នោតដោយសេរីជាលើកដំបូងរបស់ខ្លួន ប្រជាពលរដ្ឋជាច្រើនព្រួយបារម្ភថា សម័យអន្តរកាលរបស់ប្រទេសក្នុងទ្វីបអាហ្រ្វិកខាងជើងមួយនេះ ឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យដ៏ត្រចះត្រចង់មួយ អាចត្រូវជាប់គាំង។ សេដ្ឋកិច្ចកំពុងស្ថិតក្នុងភាពត្រដាបត្រដួស រដ្ឋាភិបាលមានភាពបែកខ្ញែកគ្នា ហើយប្រជាពលរដ្ឋ ទុយនេស៊ី កំពុងត្រូវបានហ៊ុមព័ទ្ធដោយការពិភាក្សាយ៉ាងខ្លាំងក្លាអំពីអនាគតរបស់ពួកគេ។
ខណៈដែលពេលល្ងាចបានចូលមកដល់ ប្រជាពលរដ្ឋនៅទីក្រុង ទុយនីស ជួបជុំគ្នានៅក្នុងហាងកាហ្វេទាំងឡាយ ដើម្បីពិសារតែនិងប្រហែលជាដើម្បីជក់ខ្សៀទឹក។ បន្ទាប់ពីឆ្នាំ២០១១ពោរពេញទៅដោយភាពជ្រួលច្របល់មក អ្វីៗនៅទីនេះកំពុងត្រឡប់ទៅរកស្ថានភាពធម្មតាវិញហើយ។
ដូចគ្នាផងដែរនៅឯផ្លូវធំ ហាប៊ីប ប៊ូហ្គីបា (Habib Bourguiba) ទោះបីជាខ្សែរលួសបន្លាជាច្រើនដុំនិងវត្តមានកងរថក្រោះម្តងម្កាល បានធ្វើឱ្យប្រជាពលរដ្ឋនឹកឃើញអំពីបដិវត្តន៍កាលពីឆ្នាំមុន ដែលជាបដិវត្តន៍មួយដែលបានបង្កឱ្យមានការងើបបះបោរនៅទូទាំងពិភពអារ៉ាប់ក៏ដោយ។
ប៉ុន្តែ ប្រជាពលរដ្ឋជាច្រើននៅទីនេះ មានការព្រួយបារម្ភអំពីអនាគត។ នៅក្នុងចំណោមអ្នកទាំងនោះ គឺនិស្សិតផ្នែកស្ថាបត្យកម្មអាយុ១៩ឆ្នាំម្នាក់ ឈ្មោះ មីរៀម គ្រីចា (Miriam Kricha) ដែលកំពុងដើរលំហែរកំសាន្តនៅតាមដងវិថី ហាប៊ីប ប៊ូហ្គីបា ជាមួយមិត្តប្រុសរបស់នាង។
នាង គ្រីចា និយាយថា នាងព្រួយបារម្ភអំពីការស្វែងរកការងារធ្វើ ទោះបីជានាងមានសញ្ញាបត្រពីសាកលវិទ្យាល័យក៏ដោយ។ នាងជឿជាក់ថា វានឹងមានការពិបាកយ៉ាងខ្លាំងក្នុងនាមជាស្រ្តីម្នាក់។
មិនមែនមានតែក្រុមយុវជនទេដែលកំពុងស្វែងរកការងារធ្វើនោះ។ លោក ហាទិម ប៊ែន សាលេម (Hatem Ben Salem) អតីតរដ្ឋមន្រ្តីនិងជាអ្នកការទូត និយាយថា រដ្ឋាភិបាលបានហាមឃាត់ការចូលរួមពីសំណាក់ក្រុមមន្រ្តីរដ្ឋការស៊ីវិលប្រកបដោយបទពិសោធន៍ពីរបបចាស់។
«ពួកគេចង់កសាងប្រទេសទុយនេស៊ី កសាងរដ្ឋមួយ និងអភិវឌ្ឍប្រទេស។ ហើយពួកគេនៅទីនេះ ដោយសម្លឹងមើលទៅលើអ្វីដែលកំពុងតែកើតឡើង ហើយពួកគេត្រូវបានផាត់ចេញ»។
លោក ប៊ែន សាលេម និយាយថា អ្វីដែលកំពុងតែកើតឡើងនៅទុយនេស៊ី ធ្វើឱ្យមានការព្រួយបារម្ភ។ សេដ្ឋកិច្ចកំពុងតែស្ថិតក្នុងភាពត្រដាបត្រដួសក្នុងការវិលទៅរកស្ថានភាពនឹងនរឡើងវិញ។
ទេសចរបានត្រឡប់មកវិញ ប៉ុន្តែមិនមែនជាតួលេខដ៏ច្រើនដូចកាលពីរយៈពេលមុនបដិវត្តន៍នោះទេ។ ហើយប្រជាពលរដ្ឋទុយនេស៊ី ត្អូញត្អែរថា សេវាជាមូលដ្ឋាននិងសន្តិសុខ មានភាពសឹករេចរិល។
ប៉ុន្តែ លោក រ៉ាឈីដ ហ្គានូជី (Rachid Ghannouchi) មេដឹកនាំនៃគណបក្សកាន់អំណាចអ៊ីស្លាមនិយម អ៊ិនណាដា (Islamist Ennahda Party) ថ្លែងថា ទោះបីជាមានបញ្ហាទាំងអស់នេះក្តី ទុយនេស៊ី កំពុងធ្វើដំណើរឆ្ពោះទៅមុខ ទាំងផ្នែកសេដ្ឋកិច្ចនិងនយោបាយ។
ប៉ុន្តែ លោកបានទទួលស្គាល់ថា ប្រទេស ទុយនេស៊ី កំពុងជួបប្រទះនូវដំណើរការអន្តរកាលនៃលទ្ធិប្រជាធិបតេយ្យយ៉ាងលំបាកមួយ។ បន្ទាប់ពីរយៈពេលកន្លះសតវត្សរ៍នៃរបបដឹកនាំបែបផ្តាច់ការ ប្រជាពលរដ្ឋ ទុយនេស៊ី កំពុងរៀនអំពីរបៀបធ្វើឱ្យមានតុល្យភាពរវាងសេរីភាពនិងសណ្តាប់ធ្នាប់។
ការធ្វើឱ្យមានតុល្យភាពនេះ មិនមែនជារឿងងាយស្រួលនោះទេ។ ជាមួយនឹងបញ្ហាសេដ្ឋកិច្ច មានភាពតានតឹងផ្នែកនយោបាយនិងសាសនាយ៉ាងច្រើននៅទីនេះ។
ថ្ងៃនេះ លោក ហ្វែស៍ ម៉ាប្រូក (Fares Mabrouk) ប្រធានវិទ្យាស្ថានគោលនយោបាយអារ៉ាប់ (Arab Policy Institute) ថ្លែងថា ការចរចាកំពុងតែដំណើរការទាក់ទងនឹងតួនាទីរបស់រដ្ឋាភិបាល សង្គមស៊ីវិល និងក្រុមអង្គការសិទ្ធិមនុស្ស។
«តាមពិតទៅ វាគឺជាការចរចាអំពីប្រភេទនៃលទ្ធិប្រជាធិបតេយ្យដែលយើងចង់បាន។ យើងត្រូវតែបង្កើតនូវអ្វីមួយដែលថ្មី អ្វីមួយដែលមិនធ្លាប់មានពីមុន។ យើងមិនមានគំរូនោះទេ»។
តួនាទីរបស់សាសនា អ៊ីស្លាម គឺស្ថិតនៅក្នុងបញ្ហាចម្បងៗបំផុត ដែលកំពុងត្រូវបានពិភាក្សា នៅក្នុងប្រទេសប្រជាធិបតេយ្យដ៏ក្មេងខ្ចីមួយនេះ។ ក្រុមអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស ព្រួយបារម្ភថា ការបកស្រាយបែបអភិរក្សនិយមរបស់សាសនាអ៊ីស្លាម នឹងកាត់បន្ថយសេរីភាពក្នុងការបញ្ចេញមតិនិងសិទ្ធិស្រ្តី។
ក្រុមអ៊ីស្លាមជ្រុលនិយម គឺជាការព្រួយបារម្ភដ៏ធំបំផុត។ ក្រុមសាលាហ្វីស (Salafists) ត្រូវបានមើលឃើញកាន់តែច្រើនឡើង មិនមែនត្រឹមតែនៅតាមដងផ្លូវប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងឆាកនយោបាយថែមទៀត។
លោក ម៉ុកតារ៍ ទ្រីហ្វី (Mokhtar Trifi) គឺជាសមាជិកជាន់ខ្ពស់មួយរូបនៃសម្ព័ន្ធទុយនេស៊ីដើម្បីសិទ្ធិមនុស្ស (Tunisian League of Human Rights)។
លោក ទ្រីហ្វី និយាយថា បន្តិចម្តងៗ ពួកជ្រុលនិយមកំពុងព្យាយាមដាក់បញ្ចូលនូវបែបផែននៃសាសនាអ៊ីស្លាមដោយបង្ខំ ដែលពេលខ្លះតាមរយៈអំពើហិង្សា ហើយពេលខ្លះតាមរយៈការបំភិតបំភ័យ។
ប៉ុន្តែ លោក ហ្គានូជី ថ្លែងថា ក្រុមសាលាហ្វីស មានសិទ្ធិបញ្ចេញទស្សនរបស់ខ្លួន និងបង្កើតសមាគមនយោបាយទាំងឡាយ ដរាបណាពួកគេមិនរំលោភច្បាប់។ លោកនិយាយថា ការបញ្ចេញមតិដោយសេរី គឺជាជ័យជម្នះមួយរបស់បដិវត្តន៍។
សម័យអន្តរកាលរបស់ប្រទេសទុយនេស៊ី ឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ កំពុងតែចំណាយពេលវេលាយូរជាងការរំពឹងទុករបស់មនុស្សជាច្រើន។ មានការងឿងឆ្ងល់កាន់តែខ្លាំងឡើងថា រដ្ឋសភានឹងបញ្ចប់រដ្ឋធម្មនុញ្ញថ្មី នៅត្រឹមថ្ងៃផុតកំណត់ក្នុងខែតុលា ឬថាការបោះឆ្នោតនឹងត្រូវបានធ្វើឡើងនៅដើមឆ្នាំក្រោយ ដូចដែលបានសង្ឃឹមទុក។
ប៉ុន្តែ សេចក្តីសង្ឃឹមគឺនៅតែជាអ្វីមួយ ដែលប្រជាពលរដ្ឋ ទុយនេស៊ី ដូចជាលោក ម៉ូហាម៉េត អូអានី (Mohamed Aouani) មានការជឿជាក់។
លោក អូអានី និយាយថា ការបញ្ចប់បដិវត្តន៍នឹងត្រូវការពេលវេលា។ ហើយប្រជាពលរដ្ឋនៅទីនេះ ហាក់ដូចជាមានឆន្ទៈក្នុងការរង់ចាំសម្រាប់អនាគតដ៏ល្អប្រសើរជាងមុន៕