តួនាទី​សំខាន់​នៃ​សាកលវិទ្យាល័យ​ធូលេន​ក្នុង​ការ​ស្តារ​ទីក្រុង​ញូអ័រលីនស៍​ឡើង​វិញ

  • ​Greg Flagkus

ញូអ័រលីនស៍ អាមេរិក៖ ខណៈ​ដែលទីក្រុងញូអ័រលីនស៍ (New Orleans) ជួប​ប្រទះ​សោកនាដកម្ម​ដោយ​ខ្យល់​ព្យុះ​កំបុត​ត្បូង​ខា​ទ្រី​ណា (Hurricane Katrina) កាល​ពី​៥​ឆ្នាំ​មុន ក្រុម​មន្ត្រី​មូលដ្ឋាន និង​មេ​ដឹក​នាំ​សហគមន៍​ សម្តែងការ​កោត​សរសើរយ៉ាងពិសេស​ចំពោះ​តួនាទីក្នុង​ការ​ស្តារ​ឡើង​វិញ ពី​សំណាក់​សាកលវិទ្យាល័យធូលេន(Tulane University) ដែលជា​ទីតាំង​សំខាន់មួយរបស់​ទី​ក្រុង។

កាល​ពី​៥​ឆ្នាំ​មុន ខណៈ​ដែល​សាកល​វិទ្យាល័យ​ធូលេន បានចាប់​ផ្តើម​ឆមាស​រដូវ​ស្លឹក​ឈើ​ជ្រុះ​របស់​ខ្លួន ព្យុះ​ខាទ្រីណា​បាន​វាយ​ប្រហារ ដោយ​នាំ​ឲ្យ​មាន​ទឹក​ជន់​លិចបរិវេណ ៧០​ភាគ​រយ​នៃ​បរិវេណ​សាកលវិទ្យាល័យ​នេះ​។ មនុស្ស​ជា​ច្រើន​បារម្ភ​ថា​ សាកល​វិទ្យាល័យធូលេន​ ដែល​ជា​សាកលវិទ្យាល័យ​ឯកជន​ដ៏​មាន​កិត្យានុភាពបំផុតមួយ​នៅ​អាមេរិក អាច​ត្រូវ​ការពេល​មួយ​ឆ្នាំ ឬ​លើស​ពី​នេះ ដើម្បី​បើក​ឡើង​វិញ។ ប៉ុន្តែលោក​ស្កុត ខូវិន ​សាកល​វិទ្យាធិការបាន​ប្តេជ្ញា​ចិត្ត​ធ្វើ​ឲ្យបុគ្គលិក​សិក្សា​ និង​និស្សិត​ទាំង​អស់​ត្រឡប់​មកវិញឲ្យ​បា​ន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយសាកល​វិទ្យា​ល័យ​ធូ​លេនបាន​ដំណើរ​ការ​ឡើង​វិញ​នៅ​ឆមាស​បន្ទាប់នោះ​។

ក្នុង​សម្ភាសន៍​ជាមួយ​វីអូអេ លោកខូវិន ​មាន​ប្រសាសន៍​ថា និស្សិត​មិន​គ្រាន់​តែវិលត្រឡប់មក​សិក្សា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ពួកគេ​ថែម​ទាំង​បន្ត​ជួយ​ស្តារ​ទីក្រុង​ ដែល​ខ្ទេចខ្ទាំ​នេះ​ឡើង​វិញទៀតផង។ លោក​ថ្លែង​ថា៖

«​ជា​រៀង​រាល់​ឆ្នាំ ពួកគេ​ស្ម័គ្រ​ចិត្តចំណាយ​ពេល​រាប់​សែនម៉ោង ទៅ​លើការ​ស្តារ​ទីក្រុងនេះ​ឡើងវិញ។ និយាយ​ឲ្យ​ចំ​ទៅ បច្ចុប្បន្ន​នេះ យើងមានបុគ្គលិក​សិក្សាចំនួន​២០០​ ឬ​៣០០នាក់​ ដែល​ធ្វើ​ការ​លើ​គម្រោងផ្សេងៗ​នៅ​ក្នុង​ទី​ក្រុង​ ជាមួយ​ក្រុម​និស្សិត»។

ការ​សិក្សា​នៅ​ក្នុង​ទី​ក្រុង​មួយ​ ដែល​អ្នក​អាច​បំពេញ​ការងារ​សំខាន់ៗ​នៅ​ក្នុង​សហគមន៍ បាន​ទាក់​ទាញ​យ៉ាង​ខ្លាំង​សម្រាប់​និស្សិត​ ទូ​ទាំងប្រទេស ដែល​ស្វែង​រក​ការ​សិក្សា​ថ្នាក់មហាវិទ្យាល័យ។ លោក​ខូវិន បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​ព្យុះ​ខា​ទ្រី​ណា​វាយប្រហារ​កាលពី​៥​ឆ្នាំមុន មនុស្ស​ប្រហែល​១​ម៉ឺន៨​ពាន់​នាក់បាន​ដាក់​ពាក្យ​សុំ​ចូល​រៀន​កម្រិតបរិញ្ញា ដែល​មាន​ត្រឹមតែ​១ពាន់៥០០​កន្លែង​ប៉ុណ្ណោះ​ក្នុង​ឆមាសនីមួយៗ​នៃសាកល​វិទ្យាល័យ​នេះ។ ឆ្នាំ​នេះ ​មាន​អ្នក​ដាក់​ពាក្យ​សុំ​ចំនួន​៤ម៉ឺន៤​ពាន់​នាក់ ដែល​ជា​ចំនួន​ច្រើន​បំផុត​សម្រាប់​សាកល​វិទ្យាល័យ​ឯកជន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក​ខូវិន និយាយ​ថា តួនាទី​របស់​សាកល​វិទ្យាល័យ​ធូលេន​ក្នុង​ការ​ស្តារ​ទី​ក្រុង​ឡើង​វិញ​ជាចំណុច​ទាក់​ទាញ​យ៉ាង​ធំ​ធេង។ លោក​បន្ត​ថា៖

«ការ​មក​កាន់​ក្រុងញូអ័រលីនស៍ អ្នក​អាច​ទទួល​បាន​បទពិសោធន៍​ពីញូអ័រលីនស៍។ អ្នក​អាច​បន្ត​ទទួល​បាន​នូវ​ការ​អប់​រំលំដាប់​ទីមួយ​ នៅ​សាកលវិទ្យាល័យ​ធូលេន​ ប៉ុន្តែ​នៅ​មាន​ធាតុ​ផ្សំ​ទី​បី​ទៀត​គឺ​ថា យើង​នឹង​ឲ្យ​អ្នក​ចូល​ប្រឡូក​នៅ​តាម​សហគមន៍​ ក្នុង​របៀប​មួយ ដែល​សាកល​វិទ្យាល័យ​ផ្សេងៗ​ទៀត​មិន​អាច​មានលទ្ធភាពផ្តល់​ឲ្យ​បាន។ អ្នក​នឹង​ពេញ​ចិត្ត និង​រីករាយ ដែល​កិច្ចការ​ទាំង​នោះ​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក​អស់​មួយ​ជីវិត​តែ​ម្តង»។

សាកល​វិទ្យាល័យ​ផ្សេងៗ​ទៀត ​នៃ​ក្រុងញូអ័រលីនស៍ក៏​បាន​ចូល​រួម​ជា​មួយនឹង​សហគមន៍​នេះ​ដែរ ប៉ុន្តែ​ទំហំ និង​ឧត្តមភាព​របស់​សាកល​វិទ្យាល័យ​ធូលេនបាន​ធ្វើ​ឲ្យការ​រួមចំណែក​របស់​ខ្លួន​មាន​សារៈ​សំខាន់​យ៉ាង​ពិសេស។ ការ​វិល​ត្រឡប់​របស់​និស្សិត​ ចំនួន១​ម៉ឺន១ពាន់​នាក់ ព្រម​ទាំងបុគ្គលិក​ និង​បុគ្គលិក​សិក្សាចំនួន​ជាង​១​ពាន់​នាក់​ ​ក្នុង​ពេល​ដ៏លំបាកពីរ​បី​ខែ​បន្ទាប់​ពី​ខ្យល់​ព្យុះ​កំបុតត្បូង​ខា​ទ្រី​ណានេះ បាន​ផ្តល់​ឲ្យ​ទី​ក្រុង​នេះ​នូវ​កំណើន​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​នូវ​ចំនួន​ប្រជាពលរដ្ឋ ថវិកា និង​ស្មារតី។

លោក ស្កត់ ខូវិន មាន​ប្រសាសន៍​ថា លោក​មើល​ឃើញភាព​រីក​ចម្រើន​យ៉ាង​ខ្លាំងក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​ទៅ ជា​ពិសេស​នៅ​តាម​តំបន់​ ​ដែល​មាន​បញ្ហា​ សូម្បីតែ​មុន​ពេល​មានព្យុះខា​ទ្រី​ណា​ទៅទៀត។ លោកបាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ទស្សនៈ​មួយ​នោះ​គឺ​ថា​ ​ព្យុះ​កំបុត​ត្បូង​នេះ​ផ្តល់​ឲ្យក្រុង​ញូអ៊័រលៀន​នូវឱកាស​ដោះស្រាយ​បញ្ហា​ដ៏​យូរ​អង្វែង​មួយចំនួន​របស់ខ្លួនដោយ​ផ្ទាល់​តែ​ម្តង។ លោក​បន្ត​ថា៖

«ធាតុ​ពិតនៃ​បញ្ហា​នោះ​គឺ​ថា​ មុន​ពេលមានព្យុះខា​ទ្រី​ណា យើង​ជួប​បញ្ហាជា​ច្រើន។ យើង​មាន​បញ្ហា​នៃការ​ថែទាំ​សុខភាព យើង​មាន​បញ្ហា​ខាងការ​អប់រំ​សាធារណៈ យើង​មាន​បញ្ហា​ជាមួយ​នឹង​សង្កាត់​ដែល​ខ្ទេច​ខ្ទាំ ហើយ​យើង​គ្មាន​ភាព​រីកចម្រើន​សោះ​ក្នុង​ការ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​សំខាន់ៗ​ទាំង​អស់​នេះ។ នៅ​ពេល​ដែល​ព្យុះ​កើត​ឡើង​ វាបានធ្វើ​ឲ្យ​យើងចាប់​ផ្តើម​សា​ជា​ថ្មី ហើយ​ ដោយ​សារ​គ្មា​ន​ជម្រើស ​យើង​ត្រូវបានបង្ខំឲ្យចាប់​ផ្តើម​គិតអំពី​ដំណោះ​ស្រាយ​ថ្មី​ សម្រាប់​បញ្ហា​ដែល​ពិបាក​ដោះស្រាយ​មួយ​ចំនួន​ដែលយើង​មាន​»។

បញ្ហាជាច្រើន​នៅ​តែ​មាន​នៅ​ឡើយ។ យោង​ទៅ​តាម​របាយការណ៍​ ចេញផ្សាយ​ដោយវិទ្យា​ស្ថាន​ប៊្រុក​ឃីង (Brookings Institution)​នា​ពេល​ថ្មីៗនេះ អត្រា​នៃ​ភាព​ក្រី​ក្រ​មានកម្រិត​ប្រហែល​២៣​ភាគ​រយ ខណៈមធ្យម​ភាគ​ថ្នាក់​ជាតិ​មាន​កម្រិត​១៣​ភាគ​រយ។ ភាព​ខុស​គ្នា​លើ​ប្រាក់​ចំណូល​ក៏​ជាបញ្ហា​ដែរ។ បើ​យោង​ទៅ​តាម​របាយ​ការណ៍​របស់​វិទ្យា​ស្ថាន​ប៊្រុក​ឃីង ជន​ជាតិ​ស្បែក​ខ្មៅរក​ប្រាក់​ចំណូលបាន​៤៤​ភាគ​រយ​ តិច​ជាង​ប្រាក់​ចំណូល​របស់​ជន​ជាតិ​ស្បែក​ស។

ផ្ទះ​សម្បែង​នៅ​តែ​ជា​បញ្ហា ជា​ពិសេស​សម្រាប់​ជន​ក្រី​ក្រ។ មុន​ពេលមាន​ព្យុះខា​ទ្រី​ណា មនុស្ស​ជា​ច្រើន​រស់​នៅ​តាម​ផ្ទះ​ជួល​ដែល​មាន​តម្លៃថោក ដែល​ឥឡូវ​នេះ ភាគ​ច្រើន​បាន​បាត់​បង់ ឬ​ស្ថិត​ក្នុង​ស្ថាន​ភាព​ទ្រុឌ​ទ្រោម ដែល​មិន​អាច​រស់​នៅ​កើត។ អ្នក​តាំង​ទី​លំ​នៅ​ក្រីក្រប្រហែល​៤​ពាន់​នាក់​ នៅ​មិន​ទាន់​មានផ្ទះ​សម្បែង​អចិន្ត្រៃយ៍​នៅ​ឡើយ។ ប៉ុន្តែ លោក​ខូវិន ដែល​បម្រើ​ការ​នៅ​ក្នុង​គណៈ​កម្មការ​អចិន្ត្រៃយ៍​ ដែល​សរសេររបាយការណ៍​ឲ្យ​វិទ្យាស្ថាន​ប៊្រុក​ឃីង មាន​ប្រសាសន៍​ថា​ មាន​ភាព​រីក​ចម្រើន​ខ្លាំង​នៅ​តាម​មុខ​សញ្ញាជា​ច្រើន។ លោក​បាន​ឲ្យ​ដឹង​ថា គុណភាព​នៃ​ការ​រស់​នៅ​ក្នុង​ក្រុងញូអ័រលីនស៍​មាន​ភាព​ប្រសើរឡើង។ ប្រាក់ម៉ោង​ជា​មធ្យម​កើន​ឡើង​ខ្ពស់​ជាង​មុន ភាព​ក្រី​ក្រ​បាន​ថយ​ចុះ។ ការ​ទទួល​បាន​ការអប់រំ និង​ការ​ថែ​ទាំ​សុខភាព ព្រម​ទាំង​សហ​គ្រិន​ភាព គឺ​ប្រសើរ​ជាង​មុន៕

ប្រែសម្រួល​ដោយ​លី សុខឃាង