លោក​ត្រាំ​រិះគន់​​វីអូអេ បង្ហាញ​ថា ទីភ្នាក់ងារ​សារព័ត៌មាន​ដែល​ឧបត្ថម្ភ​ថវិកា​ដោយសហរដ្ឋអាមេរិក​មិនធ្វើ​ការតាម​រដ្ឋាភិបាល​អាមេរិក​ចង់​បាន​ទេ

រូបឯកសារ៖ អ្នករាយការណ៍ពិសេសឲ្យវីអូអេគឺអ្នកស្រី Greta Van Susteren កំពុងសម្ភាសលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។

សម្រាប់​នាយក​ប្រតិបត្តិ​គ្រប់គ្រង​ការ​ផ្សាយ​ព័ត៌មាន​របស់​វីអូអេ ដែល​បានសម្រេច​ចិត្ត​ផ្សាយយ៉ាង​មាន​គ្រោះ​ថ្នាក់នៅ​ពេល​នោះ ​រឿង​ផ្តាច់​មុខ​មុនគេ​បង្អស់​មួយ ​ដែល​មាន​សារៈសំខាន់​និង​មាន​លក្ខណៈ​ពិសេស​បំផុត​មិន​អាច​រំលង​បានទេ។

តែ​១០​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ការ​វាយប្រហារ​ថ្ងៃ​ទី​១១ ខែ​កញ្ញា​ ឆ្នាំ​២០០១ មក​លើ​សហរដ្ឋ​អាមេរិក ដែល​បាន​សម្លាប់​ពលរដ្ឋ​អាមេរិកាំង​អស់​ ២៩៧៧​ នាក់ និង​ធ្វើ​ឲ្យ​របួស​មនុស្សម្នា​ដទៃទៀត​រាប់​មិន​អស់​នោះ​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​បំផុត​និង​ជា​អ្នក​ការពារ Osama bin Laden ក្នុង​ប្រទេស​អាហ្វ្រហ្គានីស្ថាន​ គឺ​ Mullah Omar ដែល​រស់នៅ​ផ្តាច់​ខ្លួន​ពី​គេ​ឯង​ បាន​ផ្តល់​បទសម្ភាសន៍​ផ្តាច់​មុខ​មួយ​ដល់​វីអូអេ​ផ្នែក​ផ្សាយ​ជា​ភាសា ​Pashto។​

អ្នក​ស្រី Myrna Whitworth ដែល​គ្រា​នោះ​គឺ​ជា​នាយក​ស្តីទី​របស់​វីអូអេ បាន​ប្រគល់​ការងារ​ឲ្យ​អ្នកកាសែត​ពីរ​នាក់​ធ្វើ​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​តាលីបង់​ដ៏​អាថ៌កំបាំង​រូប​នេះ ដែល​បាន​អនុញ្ញាត​ឲ្យ Osama bin Laden ដែល​ជា​មេខ្លោង​នៃ​ការ​វាយប្រហារ​លើ​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​១១ ​ខែ​កញ្ញា​នោះ រស់នៅ​លើ​ទឹក​ដី​អាហ្វ្រហ្គានីស្ថាន។

ប៉ុន្តែ ក្រោយ​មក មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ក្នុង​អាណត្តិ​លោកប្រធានាធិបតី Bush ក៏​បាន​ដឹង​ថា​វីអូអេ ត្រៀម​ផ្សាយ​រឿង​មួយ។ អ្នកស្រី Whitworth បាន​ទទួលទូរស័ព្ទ​ពី​ក្រសួង​ការបរទេស​អាមេរិក និងត្រូវ​បាន​គេ​ប្រាប់​អ្នក​ស្រី​ថា​បើ​អ្នក​ស្រី​ចាក់​ផ្សាយ​បទសម្ភាសន៍​របស់​លោក Mullah Omar នោះ វា​ស្មើ​នឹង​ការ​ធ្វើ​«អត្តឃាត​នយោបាយ»​ដូច្នេះ​ដែរ។​

លោក Richard Boucher ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក ក្នុង​អាណត្តិ​លោក​ប្រធានាធិបតី George W. Bush បាន​និយាយ​ក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ​ក្នុង​ពេល​ថ្មីៗ​នេះ​ថា ខណៈ​ដែល​រដ្ឋបាល​លោក Bush «គោរព​សិទ្ធិ​របស់​វីអូអេ ក្នុង​ការ​រាយការណ៍​ព័ត៌មាន​ដោយសត្យានុម័ត» មន្ត្រី​នៅ​ពេល​នោះ មិន​ចង់​ឲ្យ​វីអូអេ «ធ្វើ​អ្វី​ដែល​យើង​គិត​ថានឹង​ជួយ​ពួក​សត្រូវ​នោះ​ទេ»។​

រូបឯកសារ៖ លោកប្រធានាធិបតីអាមេរិក George W. Bush ថ្លែងនៅក្នុងខួប៦០ឆ្នាំរបស់សំឡេងសហរដ្ឋអាមេរិក ឬហៅកាត់ថា វីអូអេ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០២។

វីអូអេ ដែល​ជា​ស្ថាប័ន​ពហុប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សកល ​ឧបត្ថម្ភ​ថវិកា​ដោយ​រដ្ឋាភិបាល ផ្សាយ​ព័ត៌មាន​ជាង​៤០​ ភាសា ដល់​ទស្សនិកជន​ អ្នក​អាន​និង​អ្នក​ស្តាប់​រហូត​ដល់ ​២៨០ ​លាន​នាក់​ក្នុង​មួយ​សប្តាហ៍។ ស្ថាប័ន​នេះ មាន​ប្រវត្តិ​យូរលង់​មក​ហើយ​ ចាប់តាំង​ពី​សម័យ​សង្គ្រាមលោក​លើកទី​២​មកម្ល៉េះ ដោយ​ទទួលតម្រូវពី​សភា​ ក្នុង​ការ​ធ្វើ​សេចក្តី​រាយការណ៍​ព័ត៌មាន​ដោយ​ឥតលម្អៀង​និង​គ្រប់ជ្រុងជ្រោយ។​

ប៉ុន្តែ ភាព​តានតឹង​រវាង​សេតវិមាន​និងវីអូអេ តែង​តែ​កើត​មាន​ឡើង​ជាហូរហែរ​អស់រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ ភាគច្រើន​ដោយសារ​តែ​លក្ខណៈ​ដាច់​ពី​គេ​នៃ​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ពាក់កណ្តាល​ស្វយ័ត​ ដែល​មាន​លក្ខណៈ​មុះមុត​ដាច់​ខាត​ម្តងម្កាល ប៉ុន្តែ​ដំណើរការ​ក្រោម​ក្របខណ្ឌ​ការិយាធិបតេយ្យ​ដ៏​មហិមា​របស់​រដ្ឋាភិបាល​ថ្នាក់​ជាតិ។

កាល​ពី​ខែ​មេសា លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ចូល​រួម​ជាមួយប្រធានាធិបតី​មុនៗ​មួយ​ចំនួន ដែល​បាន​រក​រឿង​ចំពោះ​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​វីអូអេ​ដែរ តែ​ក្នុង​កម្រិត​និង​ភាព​ស្រួចស្រាវ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។​

លោក ត្រាំ បាន​និយាយ​ក្នុង​សន្និសីទសារព័ត៌មាន​មួយ​ស្តី​ពី​ជំងឺ​កូវីដ១៩​ ​ដែល​ធ្វើ​ឡើង​នៅ​ឯ​ទីធ្លា ​Rose Garden ក្នុង​សេតវិមាន​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​មេសា ​ឆ្នាំ​២០២០​ ថា៖

«បើ​លោក​អ្នក​បាន​ឮ​អ្វី​ដែល​ចេញ​ពី​វីអូអេ នោះ​វា​ជា​រឿង​គួរ​ឲ្យ​ខ្ពើម​រអើម។ អ្វី​ដែល​ស្ថាប័ន​នេះ​និយាយ​ គឺ​គួរ​ឲ្យ​ជិនឆ្អន់​ចំពោះ​ប្រទេស​របស់​យើង​»។​

ការ​រអ៊ូរទាំ​របស់​លោក​ ត្រាំ មាន​មុខ​ពីរ។ ទី​១ ​គឺ​ការ​ចោទ​ថាវីអូអេ បាន​ប្រើ​ទិន្នន័យ​ដែល​គួរ​ឲ្យ​សង្ស័យ​របស់​រដ្ឋាភិបាល​ចិន ស្តីពី​ករណី​ឆ្លង​និង​ស្លាប់ ​ដោយសារ​វីរុស​កូរ៉ូណា​នៅក្នុង​ប្រទេស​ចិន នៅក្នុង​សេចក្តី​រាយការណ៍​របស់​វីអូអេ ប៉ុន្តែ​ស្ថាប័នសារព័ត៌មាន​នេះ បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​នេះ​យ៉ាង​ដាច់​អហង្ការ។​

ទី​២ លោក​ប្រធានាធិបតី ក្រេវក្រោធ ដោយសារ​លោក​មិន​អាច​លើកបន្តុប​ប្រធាន​ថ្មី​ឲ្យ​គ្រប់គ្រង​ស្ថាប័ន​មេ​របស់​វីអូអេ គឺ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​ផ្សាយ​ព័ត៌មាន​សកល (U.S. Agency for Global Media) បាន​អស់​រយៈពេល​ពីរ​ឆ្នាំ​មក​ហើយ ពី​ព្រោះ​តែ​ការ​រារាំង​របស់​គណបក្ស​ប្រជាធិបតេយ្យ​ មិន​ឲ្យ​មាន​ការ​អនុម័ត​ក្នុង​ព្រឹទ្ធសភា​ទៅលើ​បេក្ខជន​ដែល​លោក​បាន​តែងតាំង។

លោក ត្រាំ ធ្លាប់​បានសម្តែង​ការ​សោកស្តាយ​ដែល​លោក​ខ្វះ​ការ​គ្រប់គ្រង​ទៅលើ​ប្រព័ន្ធផ្សព្វផ្សាយរបស់​រដ្ឋ​ ដែល​ផ្សាយឆ្លុះបញ្ចាំង​ពី​គុណតម្លៃ​របស់​លោក​និង​អ្នក​គាំទ្រ​រូប​លោក។ កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​មុន លោក ត្រាំ បាន​ផ្តល់​យោបល់​ថា​ សហរដ្ឋ​អាមេរិក គួរ​តែ​បង្កើត​បណ្តាញផ្សាយ​ព័ត៌មាន​សកល​មួយ​ដែល​រដ្ឋ​គ្រប់គ្រង ដើម្បី​តទល់​នឹង​អ្វី​ដែល​លោក​ហៅ​ថា​ ជា​ការ​ធ្វើ​សេចក្តីរាយកាណ៍​ព័ត៌មាន​ដែល​«មិន​ស្មើ​ភាព»និង​«ក្លែងក្លាយ» ដោយ​បណ្តាញ​ផ្សាយព័ត៌មាន​តាម​ខ្សែ​កាប ​CNN និង​ដើម្បី​បង្ហាញ​ទៅកាន់​ពិភពលោក​ថា ​តើ​សហរដ្ឋ​អាមេរិក«អស្ចារ្យ»​ប៉ុណ្ណា។

ប៉ុន្តែ ដូច​ដែល​បទសម្ភាសន៍​ជាមួយ ​Mullah Omar និង​ឧទាហរណ៍​ផ្សេងៗ​ទៀត​ បាន​បង្ហាញ​ស្រាប់លោក ត្រាំ មិន​មែន​ជា​ប្រធានាធិបតី​ដំបូង​ទេ ​ដែល​បាន​រិះគន់​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​វីអូអេ​នោះ។

នេះ​គឺ​ដោយសារ​ការណ៍​ពិត​ដែល​ថា​ទោះបីជា​ស្ថាប័ន​សារ​ព័ត៌មាន​នេះ ជា​ទូទៅ​ត្រូវ​មើល​ពី​លើ​ដោយ​ឥស្សរជន​នយោបាយ ​ដែល​ទទួល​បាន​ការតែងតាំង​ពី​សេតវិមាន​ក៏​ពិតមែន ក៏​ខ្លឹមសារ​ព័ត៌មាន​របស់​អ្នក​កាសែត​អាជីព​នៃ​ស្ថាប័ន​នេះ ត្រូវ​តែ​គ្មាន​ភាព​លម្អៀង​ ដូច​ដែល​ច្បាប់​តម្រូវ។​


ការ​វិវត្ត​ផ្នែក​សម្រេច​អំពី​ការ​ផ្សាយ​របស់​ស្ថាប័ន​ផ្សព្វផ្សាយ​រដ្ឋាភិបាល

សេតវិមាន​និង​ក្រសួង​ការបរទេស​ បាន​បដិសេធ​សំណើ​របស់​វីអូអេ សុំ​ការ​ពន្យល់​បន្ថែម​អំពី​ការរិះគន់​របស់​លោក​ប្រធានាធិបតី ដែល​ត្រូវ​បានចាក់​ផ្សាយ​តាម​ទូរទស្សន៍ ឬ​អំពី​ការ​ចោទប្រកាន់​ដោយឡែក​ផ្សេង​ទៀត ​ដូច​ដែល​បាន​រៀបរាប់​នៅក្នុង​ខិត្តបណ្ណ​ព័ត៌មាន​របស់​សេតវិមាន​ កាល​ពី​ដើម​ខែ​ឧសភា​នេះ​ ដែល​បាន​ចោទប្រកាន់​វីអូអេ ថា​បាន​បំពងសំឡេង​ដល់​ការ​ឃោសនា​របស់​ចិន​ ក្នុង​ការ​ប្រើប្រាស់​ទិន្នន័យ​ប្រទេស​ចិន​ក្នុង​អំឡុង​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩។

នាយិកា​វីអូអេ​ គឺ​អ្នកស្រី អាម៉ាន់ដា បេណិត (Amanda Bennett) បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​នោះ ដោយ​និយាយ​ថា​វីអូអេ «ប្រឹងប្រែង​ធ្វើ​សេចក្តីរាយការណ៍​ព័ត៌មាន​ប្រកប​ដោយ​ភាពសត្យានុម័ត​ផ្អែក​លើ​ការណ៍​ពិត ដែល​មិនបំពង​សារ​របស់​នរណា​ម្នាក់​ឡើយ»។

តាម​ពិត វីអូអេ បាន​បក​អាក្រាត​ព័ត៌មាន​មិន​ពិត​របស់​ចិន​ជិត ​២០ ​ដង។ នេះ​បើ​យោង​តាម​អង្គការ​តស៊ូមតិ​ខាង​សេរីភាព​សារព័ត៌មាន​មួយ​ឈ្មោះ​ថា​ The Reporters Committee​ [For Freedom of the Press]​ ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​

​ការ​សម្រេចអំពី​ការ​ផ្សាយ​ដោយអព្យាក្រិត​បែប​នេះ មិនមែន​ជា​គោលនយោបាយ​របស់​វីអូអេ​ជានិច្ច​នោះ​ទេ។ ក្រោយ​ពី​ស្ថាប័ន​សារព័ត៌មាន​នេះ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ​១៩៤២ ដើម្បី​តទល់​នឹង​យុទ្ធនាការ​ឃោសនា​របស់​គណបក្ស Nazi អាល្លឺម៉ង់ ដោយ​ប្រើ​សារព័ត៌មាន​ដែល​មាន​លក្ខណៈ​សត្យានុម័ត​ ការ​ធ្វើ​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​វីអូអេ​ក្នុងរយៈពេល ​១​ទសវត្សរ៍ដំបូង គឺ​អាស្រ័យ​លើ​ការ​យល់ព្រម​ពី​មន្ត្រី​រដ្ឋាភិបាល។

រូបឯកសារ៖ លោកប្រធានាធិបតីអាមេរិក Kennedy ថ្លែងនៅទីស្នាក់ការរបស់វីអូអេ កាលពីឆ្នាំ ១៩៦២។

នៅ​គ្រា​ដែល​មាន​វិបត្តិ​មីស៊ីល​គុយបា ​ឆ្នាំ​ ១៩៦២​ ក្នុង​អាណត្តិ​លោក​ប្រធានាធិបតី​ John F. Kennedy វីអូអេ មួយ​ផ្នែក​ធំ​ «ដំណើរការ​ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល»។ ​នេះ​បើ​ផ្អែក​តាម​លោក Nicholas Cull សាស្ត្រចារ្យ​ខាង​ការទូត​សាធារណៈ​នៃ​មហាវិទ្យាល័យ​សារគមនាគមន៍ និង​សារព័ត៌មាន (Annenberg School for Communication and Journalism) នៃ​សាកលវិទ្យាល័យ University of Southern California និង​ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «សង្គ្រាម​ត្រជាក់​និង​ទីភ្នាក់ងារ​ព័ត៌មានសហរដ្ឋ​អាមេរិក» ឬ (The Cold War and the United States Information Agency)។

លោក Cull និយាយ​ថា៖ «មាន​មន្ត្រី​រដ្ឋបាល​ម្នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​វីអូអេ ​ពី​ទីភ្នាក់ងារ​ព័ត៌មាន​សហរដ្ឋ​អាមេរិក​ដែល​មើល​ការងារ​ពី​លើ។ មន្ត្រី​នោះ​ត្រូវ​អនុម័ត​គ្រប់​អត្ថបទ​មុន​ផ្សាយ»។

វិធីសាស្ត្រ​នេះ រអាក់រអួល ក្នុង​ពេល​មាន​រឿង​អាស្រូវ Watergate ដែល​បាន​ឈាន​ទៅ​ដល់​ការ​លាលែង​ពី​តំណែង​របស់​លោក​ប្រធានាធិបតី Richard Nixon នៅ​ឆ្នាំ​ ១៩៧៤។ លោក​សាស្ត្រាចារ្យ Cull និយាយ​ថា អ្នក​កាសែត​វីអូអេ ដែល​បាន​ទទូច​ធ្វើ​សេចក្តីរាយការណ៍​ពេញលេញ​អំពី​ការ​ស៊ើបអង្កេត​ទៅលើ​ការ​ចោទប្រកាន់​ពី​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​របស់​លោក​ប្រធានាធិបតី បាន​ធ្វើ​ឲ្យ​មាន​ការ​ជំទាស់​ពី​មន្ត្រី​នៃ​ទីភ្នាក់ងារ​ព័ត៌មាន​សហរដ្ឋ​អាមេរិក ដែល​ចង់​បាន​រឿង​ដែល​មាន​លក្ខណៈ​វិជ្ជមាន​ជាង​នេះ។

លោក Cull និយាយ​ថា​អ្នក​កាសែត​វីអូអេ ចង់​ប្រែក្លាយ​រឿង​អាស្រូវ Watergate​ នោះ ទៅ​ជា​«មេរៀន​ពលរដ្ឋ​វិជ្ជាចាក់​ផ្សាយ​តាម​រលក​ធាតុអាកាស ដែល​បង្ហាញ​ថា​ កម្លាំង​នៃសហរដ្ឋ​អាមេរិក មិន​មែន​ស្ថិត​នៅ​លើ​ប្រធានាធិបតី​ដែល​មិន​ចេះ​ធ្វើ​ខុស​នោះ​ទេ តែ​ស្ថិត​នៅ​លើ​សមត្ថភាព​របស់​សភា​នៃ​ប្រទេស​នេះ ដើម្បី​កែកំហុស​នោះ​តាម​នីតិវិធី​ច្បាប់»។

ទី​បំផុត មាន​ការ​សម្រុះសម្រួល​គ្នា​មួយ​ថា ​ពេលណា​ដែល​មាន​ការ​ផ្សាយ​រឿង​អវិជ្ជមាន​អំពី​ប្រធានាធិបតី នោះ​ត្រូវ​តែ​មាន​ការ​ផ្សាយ​រឿង​វិជ្ជមាន​ដែរ។​

លោក Cull និយាយ​ថា៖ «ការ​ធ្វើ​បែប​នេះ នាំ​ឲ្យ​មាន​ការ​ផ្សាយ​ព័ត៌មានយ៉ាង​ចម្លែក​មួយ ។ គេ​ផ្សាយ​ថា​ថ្ងៃ​នេះ​លោក​ប្រធានាធិបតី​ត្រូវ​បាន​ចាត់ទុក​ថា​ ជា​សហ​អ្នកសមគំនិត​ម្នាក់ក្នុង​រឿង​អាស្រូវ​Watergate ដែល​មិន​ត្រូវ​បាន​ចោទប្រកាន់​ជា​ផ្លូវការ។ល។ ហើយ​ក្រោយ​មក​ព័ត៌មាន​ផ្សាយ​ថា ​ភរិយា​របស់​លោក​ប្រធានាធិបតី​ Nixon បាន​បើក​សម្ភោធ​សាលា​រៀន​ថ្មី​មួយ​សម្រាប់​កុមារ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន»។​


ទី​ភ្នាក់ងារ​សារព័ត៌មាន​ដែល​ត្រូវ​បាន​ហាម​ប្រាម​ មិនឲ្យ​បង្ហាញ​ភាព​លម្អៀង

ដល់ឆ្នាំ​១៩៧៦ សភា​និង​ថ្នាក់​ដឹកនាំ​វីអូអេ បាន​កំណត់​ថា ​ស្ថាប័ន​សារព័ត៌មាន​នេះ ចាំបាច់​ត្រូវ​មាន​ការសម្រេច​ចិត្ត​ខាង​ការ​ផ្សាយ​ឲ្យ​បាន​ច្បាស់លាស់​ជាង​មុន ដើម្បី​ធានា​ថា​ស្ថាប័ន​នេះ​ អាច​រក្សា​ភាព​គួរ​ឲ្យ​ជឿជាក់​ចិត្ត​បាន សម្រាប់​ទស្សនិកជន អ្នក​អាន​និង​អ្នក​ស្តាប់​របស់​ខ្លួន​នៅ​ក្រៅ​សហរដ្ឋ​អាមេរិក។ សភា​ក៏​បាន​ព្រាង​ធម្មនុញ្ញ​មួយ​ដែល​ចែង​ថា ​វីអូអេ​ត្រូវ​តែ​ផ្សាយ​ព័ត៌មាន​ពិត ផលិត​ខ្លឹមសារ​ដែល​តំណាង​ឲ្យ​សង្គម​អាមេរិកាំង​ទាំង​មូល និង​ផ្តល់​ការ​ពន្យល់​និង​ការ​ពិភាក្សា​យ៉ាង​ច្បាស់​អំពី​គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក។

ធម្មនុញ្ញ វីអូអេ

១. វីអូអេ នឹង​ជា​ប្រភព​ព័ត៌មាន​ដែល​ទុកចិត្តបាន និង​ផ្លូវការ​ជានិច្ចកាល។ ព័ត៌មាន​ វីអូអេ នឹង​ត្រឹមត្រូវ មិន​លំអៀង និង​គ្រប់ជ្រុងជ្រោយ។

២. វីអូអេ នឹង​តំណាង​ឲ្យ​សហរដ្ឋ​អាមេរិក មិន​មែនតំណាង​ឲ្យ​តែ​ផ្នែក​ណា​មួយ​នៃ​សង្គម​អាមេរិកាំង​ទេ។​ ហេតុ​ដូច្នេះ វីអូអេ នឹង​ឆ្លុះ​បញ្ចាំង​ផ្នត់​គំនិត និង​ស្ថាប័ន​អាមេរិកាំង​សំខាន់ៗ ដោយ​មាន​តុល្យភាព និង​គ្រប់ជ្រុងជ្រោយ។

៣. វីអូអេ នឹង​បង្ហាញ​គោល​នយោបាយ​សហរដ្ឋ​អាមេរិក យ៉ាងច្បាស់លាស់ ប្រកប​ដោយ​ប្រសិទ្ធភាព ហើយ​ថែម​ទាំង​នឹង​មាន​ការពិភាក្សា និង​ការបញ្ចេញ​មតិ​ដោយ​មាន​ការទទួល​ខុសត្រូវ លើ​គោល​នយោបាយ​ទាំង​នេះ។

ការ​អនុវត្តសេចក្តីសម្រេចក្នុង​ការ​ផ្សាយរបស់​ស្ថាប័ន​សារព័ត៌មាន​នេះ ត្រូវ​បាន​កំណត់​បន្ថែម​ទៀត​នៅ​ក្នុង​ច្បាប់​ឆ្នាំ​ ១៩៩៤​ និង​ឆ្នាំ​ ២០១៦ ដែល​បាន​ចែង​ជាក់លាក់​អំពី​វិធានការ​ការពារ​អ្នក​កាសែត​ កុំឲ្យ​រង​ឥទ្ធិពល​នយោបាយ និង​ឲ្យ​ស្ថាប័ន​នេះ ​គោរព​ «បទដ្ឋាន​វិជ្ជាជីវៈ​ខ្ពស់​បំផុត​នៃ​វិជ្ជាជីវៈសារព័ត៌មាន​ផ្សព្វផ្សាយ​តាម​រលក​អាកាស» ខណៈ​ដែល​ត្រូវរក្សា​ឲ្យ​ខ្ជាប់ខ្ជួន​ស្រប​តាម​ «គោលបំណង​នៃ​គោលនយោបាយ​ការបរទេស​ទូលំទូលាយ​របស់​សហរដ្ឋ​អាមេរិក»។

លោក Richard Stengel អតីតនិពន្ធ​នាយកម្នាក់​នៃ​ទស្សនាវដ្តី Time និង​ជា​អតីត​រដ្ឋលេខាធិការ​ម្នាក់​ទទួល​បន្ទុក​កិច្ច​ការ​ការទូត​សាធារណៈ​ក្នុង​អាណត្តិ​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​និយាយ​ថា ​អ្វី​ដែល​ធ្វើ​ឲ្យ​វីអូអេ​ខុស​ពី​គូប្រជែង​របស់​ខ្លួន​ខ្លះ​ទៀត​នោះ​ គឺ​ឯករាជ្យភាព​នេះ​ឯង។​

លោក Stengel និយាយ​ថា៖ «វីអូអេ មិនមែន​ជា​ស្ថាប័ន​ផ្សាយ​ព័ត៌មាន​រដ្ឋ​របស់​សហរដ្ឋ​អាមេរិក ដូចស្ថាប័ន​ទូរទស្សន៍​រដ្ឋ​នៅក្នុង​ប្រទេស​ផ្តាច់​ការនានា​មាន ដើម្បី​ឆ្លុះបញ្ចាំង​ពី​គោលបំណង​នៃ​គោលនយោបាយ​ការបរទេស​ ឬ​គោលការណ៍​របស់​ប្រទេស​នោះ​ទេ។ វីអូអេ មិន​មែន​ដូច​អ្វី​ដែល​កូរ៉េ​ខាង​ជើង​មាន​ ឬ​ចិន​មាន ឬ​គុយបា​មាន ឬ​ប្រទេស​ផ្សេងៗ​ទៀត​បែប​ហ្នឹង​មាន​នោះ​ទេ។ វីអូអេ ជា​ស្ថាប័ន​ផ្សាយ​ព័ត៌មាន​ឯករាជ្យ ​ហើយ​នេះ​គឺ​ជា​មូលហេតុ​មួយ​ដែល​វីអូអេ មាន​អ្នក​គាំទ្រ​និង​ស្ងើចសរសើរ​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក»។

រូបឯកសារ៖ លោកប្រធានាធិបតីអាមេរិក Ronald Reagan ធ្វើសេចក្តីថ្លែងការណ៍ប្រចាំសប្តាហ៍តាមវិទ្យុ នៅទីស្នាក់ការរបស់វីអូអេ រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៨៥។


ស្ថាប័ន​ផ្សាយ​ព័ត៌មាន​សហរដ្ឋ​អាមេរិក និង​ថ្នាក់ដឹកនាំ​ដែល​មាន​ការ​យល់ព្រម​ពី​សេតវិមាន

ទោះបីជា​អ្នក​កាសែត​វីអូអេ ត្រូវ​ផលិត​ព័ត៌មាន​ប្រកប​ដោយ​សន្យានុម័ត​ក៏ដោយ ក៏​ស្ថាប័ន​សារព័ត៌មាន​នេះ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​នីតិ​ប្រតិបត្តិ ដែល​មាន​សិទ្ធិអំណាច​តែងតាំង​នាយកប្រតិបត្តិ​មួយ​រូប​ឲ្យ​ដឹកនាំ​ស្ថាប័ន​មេ​របស់​វីអូអេ គឺ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​ផ្សាយ​ព័ត៌មាន​សកល (the U.S. Agency for Global Media) ឬ​ហៅ​កាត់​ថា ​USAGM​។

​ទីភ្នាក់ងារ USAGM មើល​ពី​លើ​បណ្តាញ​ផ្សព្វផ្សាយ​សាធារណៈ​ចំនួន ​៥ ​ដែល​ឧបត្ថម្ភ​ដោយ​ថវិកា​ជាតិ។ បណ្តាញ​ទាំង​នេះ ផ្សាយ​ព័ត៌មាន​ទៅ​កាន់​ប្រទេស​នានា​ដែល​មាន​ការ​រឹតត្បិតសារព័ត៌មាន។ នាយកប្រតិបត្តិ​នៃ​ទីភ្នាក់ងារ USAGM រួម​ជាមួយ​ក្រុម​ប្រឹក្សា​ភិបាល​នៃ​អ្នក​ដឹកនាំ​ប្រព័ន្ធផ្សព្វផ្សាយ ​និង​អ្នកជំនាញ​ខាង​កិច្ចការ​អន្តរជាតិ ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​របស់​សហរដ្ឋ​អាមេរិក ជា​អ្នក​តែងតាំងនាយក​ ឬ​នាយិកា​នៃ​បណ្តាញ​ទាំង​ ៥​ របស់ ​USAGM រួម​ទាំង​វីអូអេ​ដែរ។

លោក ​ត្រាំ បាន​តែង​តាំង​លោក Michael Pack ដែល​ជា​អ្នក​ដឹកនាំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ជា​ផលិតករ​ភាព​យន្ត​ឯកសារ​ ដែល​មាន​និន្នាការ​នយោបាយ​អភិរក្ស​និយម​ ឲ្យ​ធ្វើ​ជា​នាយក​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ​ USAGM កាល​ពី​ខែ​មិថុនា ​ឆ្នាំ​២០១៨។​

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ លោក Bob Menendez មក​ពី​រដ្ឋ New Jersey ថ្មីៗ​នេះ បាន​សរសេរ​លិខិត​ទៅ​កាន់​សេតវិមាន​ ដោយ​រៀបរាប់​ថា​ លោក Pack មិន​ទាន់​បាន​ឆ្លើយ​សំណួរ​របស់​គណៈកម្មាធិការ​ព្រឹទ្ធសភា អំពី​ការ​ចោទប្រកាន់​ទាក់ទង​នឹង​ការ​ធ្វើ​ជំនួញ​ផ្ទាល់​ខ្លួន​របស់​លោក និង​របាយការណ៍​បង់ពន្ធ​លើ​ប្រាក់​ចំណូល​របស់​លោក​ក្នុង​ពេល​កន្លងមក ព្រមទាំង​ការ​ចោទប្រកាន់​អំពី «កាលៈទេសៈ​អវិជ្ជមាន» ជុំវិញ​ការ​ចាកចេញ​ពី​ការងារ​ចាស់​របស់​លោក​ ពី​ការងារ​មុនមួយ។​

ស្ត្រី​អ្នក​នាំពាក្យ​ម្នាក់​របស់​លោក Pack បាន​ប្រាប់​វីអូអេ​ថា លោក Pack បដិសេធ​ មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​រឿង​នេះ​ទេ ដោយសារ​រូប​លោក​ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សួរ​ដេញដោលរបស់ព្រឹទ្ធសភា​ក្នុង​ដំណើរការ​តែង​តាំង​ដែល​នៅ​មាន​ជា​បន្ត​នៅ​ឡើយ។

លោក Clifford May នាយក​ស្ថាប័ន​ស្រាជ្រាវ​គោលនយោបាយ​អភិរក្ស​និយម​មួយ​ឈ្មោះ​ថា មូលនិធិ​ការ​ពារ​ប្រជាធិបតេយ្យ (Foundation for Defense of Democracies) បាន​និយាយ​ថា​ការ​រិះគន់​របស់​លោក​ ត្រាំ ទៅលើ​វីអូអេ គឺ​សមហេតុផល ដោយសារ​តែការ​មិន​សប្បាយ​ចិត្ត​របស់​លោក​ប្រធានាធិបតី​ចំពោះ​ការ​ដែល​លោក​មិន​អាច​ឲ្យ​ព្រឹទ្ធសភា​អនុម័ត​យល់​ព្រម​លើ​បេក្ខជន​ដែល​លោក​បាន​ស្នើ​តែងតាំង។​

លោក May បាន​ចាត់​ទុក​នាយិកា VOA គឺ​អ្នក​ស្រី Bennett ថា ​ជា​មន្ត្រី​សល់​ពី​រដ្ឋបាល​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ខាង​គណបក្ស​ប្រជាធិបតី ដែល​បាន​បរាជ័យ​ក្នុង​ការ​ពន្យល់​ឲ្យ​បាន​គ្រប់គ្រាន់​នូវ​គោល​នយោបាយ​របស់​រដ្ឋបាល​លោក​ត្រាំ ទៅ​កាន់​ពិភពលោក។

លោក May និយាយ​ថា៖ «គោលនយោបាយ​នោះ​គួរ​តែ​ត្រូវ​បាន​ពន្យល់​តាម​វីអូអេ។​ បើ​មិន​តាម​រយៈ​វីអូអេ​ ពន្យល់​តាម​ណា​ទៀត? នេះ​មិន​មែន​មាន​ន័យ​ថា មិន​អាច​មាន​បទវិចារណកថា ​ឬ​ការ​រិះគន់​ទៅលើ​លោក​ប្រធានាធិបតី​នោះ​ទេ។ អ្វីៗ​ទាំងអស់​អាចឲ្យ​មាន​នៅ​ជាមួយ​គ្នា​ ឲ្យ​មាន​តុល្យភាព។ ការ​ធ្វើ​បែប​នេះ​បាន ត្រូវ​ការ​អ្នកកាសែត​ល្អ។ វា​ច្បាស់​ណាស់​ថា​រដ្ឋបាល​បច្ចុប្បន្ន គិត​ថា​អ្នក​គ្រប់​គ្រង​ស្ថាប័ន​នេះ​សព្វថ្ងៃ ធ្វើ​ការ​មិន​បាន​សមស្រប​ទេ»។​

អ្នក​ស្រី Bennett អតីត​អ្នក​ដឹកនាំ​ស្ថាប័ន​សារព័ត៌មាន Bloomberg News​ និង​ជា​និពន្ធ​នាយក ​កាសែត Philadelphia Inquirer ត្រូវ​បាន​តែងតាំង​ជា​នាយិកា​វីអូអេ​នៅ​ខែ​មីនា ឆ្នាំ​២០១៦ ហើយ​បាន​បន្ត​មើល​ការ​ខុសត្រូវ​ទីភ្នាក់ងារ​សារព័ត៌មាន​នេះ​ រហូត​ចូល​ដល់​អាណត្តិ​លោក​ ត្រាំ។

រូបឯកសារ៖ លោកប្រធានាធិបតី Bill Clinton ថ្លែងសុន្ទរកថានៅទីស្នាក់ការរបស់វីអូអេ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៩៧។

ក្នុង​ពេល​មាន​ជម្លោះ​កាល​ពី​ឆ្នាំ ២០០១ ​ពាក់ព័ន្ធ​នឹង​បទសម្ភាសន៍​ជាមួយ​ ​Mullah Omar នោះ អ្នកកាសែត​វីអូអេ​ជាង​ ១០០​ នាក់ បាន​តវ៉ា ដោយ​នាំ​គ្នា​ដាក់​ញត្តិ ជំរុញ​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​នេះ តតាំង​នឹង​សម្ពាធ​នយោបាយ។ ទី​បំផុត វីអូអេ ក៏​បាន​ចាក់ផ្សាយ​ផ្នែក​ខ្លះ​នៃ​បទសម្ភាសន៍​នោះ ហើយ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ទៅ​កាន់​ក្រុម​អ្នក​រិះគន់ ដើម្បី​ការពារ​សេចក្តីរាយការណ៍​របស់​ខ្លួន។

ផ្នែក​មួយ​នៃ​សេចក្តីថ្លែងការណ៍​នោះ​ សរសេរ​ថា៖

«ពលរដ្ឋ​ក្នុង​ប្រទេស​អាហ្វ្រហ្គានីស្ថាន កំពុង​ចាំ​ស្តាប់​យើង ដោយ​សារ​ពួកគេ​ទុកចិត្ត​ពួកយើង ហើយ​យើង​ប្រាប់​រឿង​ទាំង​មូល»។

លោក Boucher ដែល​បច្ចុប្បន្ន គឺ​ជា​សាស្ត្រាចារ្យ​ខាង​គោលនយោបាយ​ការបរទេស​នៅ​សាកលវិទ្យាល័យ Brown University បាន​និយាយ​ថា ក្រោយ​មក​ ភាគី​ទាំង​សងខាង «ក៏​បាន​បំភ្លេច»​រឿង​ទាស់គ្នា​នោះ។ ប៉ុន្តែ មិន​ដល់​២​សប្តាហ៍​ផង ក្រោយ​ពី​ការ​ចាក់ផ្សាយ​បទសម្ភាសន៍​នោះ អ្នក​ស្រី Whitworth ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ជា​នាយិកា​ស្តី​ទី ហើយ​ជំនួស​មក​វិញ​ដោយ​លោក Robert R. Reilly​ ដែល​សេតវិមាន​ជា​អ្នក​តែងតាំង។

អ្នកស្រី Whitworth ដែល​ជា​អ្នក​កាសែត​អាជីព​នៅ​ស្ថាប័ន​សារព័ត៌មាន​នេះ និង​ដែល​មិនមែន​ជា​បេក្ខ​នារី​ទទួល​បាន​ការតែងតាំង​តាម​បន្ទាត់​នយោបាយ​នោះ បាន​និយាយ​ថា៖ «សម្ពាធ​នោះ មិន​ច្បាស់​ក្រឡែត​ទេ ប៉ុន្តែ​ពួក​គេ​បាន​បង្ហាញ​ច្បាស់លាស់ថា ​ខ្ញុំ​នឹង​គ្មាន​តួនាទី​អ្វី​ទៀត​ក្នុង​ការ​សម្រេច​ខាងការ​ផ្សាយទៀតទេ​»។

អ្នកស្រី ក៏​បាន​សម្រេច​ចិត្ត​ចូលនិវត្តន៍​មុន​កាល​កំណត់។


ស្ថាប័ន​ផ្សព្វផ្សាយ​រដ្ឋាភិបាល​ដែល​បត់បែន​តាម​ស្ថានភាព​តានតឹងនយោបាយ​

អ្នក​ស្រី Lata Nott នៃវេទិកាសេរីភាព (​Freedom Forum) បាន​និយាយ​ថា រយៈកាល​ដែល​មាន​ការ​ចែងចែក​ខាង​នយោបាយ​ក្នុង​សហរដ្ឋ​អាមេរិក ​ដូចជា​ពេល​មាន​សង្គ្រាម​ ឬ​ការ​ចោទប្រកាន់​ដក​តំណែង​ប្រធានាធិបតី​ជាដើម អាច​ធ្វើ​ឲ្យ​វីអូអេ ឈរ​នៅ​ទីតាំង​ដ៏​ពិបាក​មួយ។ ប៉ុន្តែ អ្នក​ស្រី និយាយទៀត​ថា គ្រា​ទាំង​នោះ ក៏​ជា​ពេល​ដែល​ស្ថាប័ន​ផ្សាយ​ព័ត៌មាន​នេះ កសាង​ភាព​គួរ​ឲ្យ​ជឿជាក់​បាន​ ជាមួយ​ទស្សនិកជន អ្នក​អាន​និង​អ្នកស្តាប់​របស់​ខ្លួន​បានដែរ។

អ្នក​ស្រី Nott និយាយ​ថា៖ «ការណ៍​ដែល​ស្ថាប័ន​ប្រព័ន្ធផ្សព្វផ្សាយ​ដែល​ឧបត្ថម្ភ​ដោយ​ថវិកា​ជាតិ​របស់​យើង​ មិន​មែន​ជា​ប្រព័ន្ធផ្សព្វផ្សាយ​គ្រប់​គ្រង់​ដោយ​រដ្ឋ តែ​ជា​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​ គឺ​ពិត​ជា​មាន​សារៈសំខាន់​ក្រៃលែង»។

​លោក Cull ដែល​ជា​ប្រវត្តិវិទូ​នៃសាកលវិទ្យាល័យ University of Southern California បាន​និយាយ​ថា៖ «​វា​ជា​រឿង​ធម្មតា​ទេ​ដែល​រដ្ឋាភិបាល​មួយ​អាច​និយាយ​ថា ​យើង​ជា​អ្នក​ចំណាយលុយ​ទៅ​លើ​ស្ថាប័ន​នេះ ដូច្នេះ​យើង​ចង់​ឲ្យ​ស្ថាប័ន​នេះផ្សាយ​រឿង​ល្អបំផុត​របស់​យើង»។​

លោក Cull បន្ត​ទៀត​ថា៖ «ប៉ុន្តែ​វា​ក៏​ជា​រឿង​ធម្មតា​ដែរ​សម្រាប់​អ្នក​កាសែត​ដែល​ត្រូវ​តបត​វិញ ហើយ​និយាយ​ថា​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ទាក់ទង​នឹង​ការ​ប្រាប់​រឿង​ពី​គ្រប់​ភាគី ហើយ​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​គេ​ជឿ​ជាក់​បាន»៕

អតីតអ្នកផ្សាយព័ត៌មានវីអូអេជាភាសារុស្ស៊ី លោក Robert Bauer

ចាប់ពី​កកើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៤១​ មក ដើម្បី​តទល់​នឹង​យុទ្ធនាការ​ឃោសនា​របស់​គណបក្ស Nazi អាល្លឺម៉ង់ និង​ទោះបីជា​មាន​ច្បាប់​ជា​ហូរ​ហែ​ដែល​ការពារ​ឯករាជ្យ​ភាព​ក្នុងការ​សម្រេច​ចិត្ត​ផ្សាយ​របស់​វីអូអេ​ក៏​ដោយ ក៏​ស្ថាប័ន​សារព័ត៌មាន​នេះ បាន​ប្រឹងប្រែង​ប្រយុទ្ធ ដើម្បី​រក្សា​ឯករាជ្យ​ភាព​របស់​ខ្លួន​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​ឧទរហណ៍​មួយ​ចំនួន៖

​នៅ​ដើម​ទសវត្សរ៍​៦០ វីអូអេ មិន​អាច​ផ្សាយ​ព័ត៌មាន​អំពី​វិបត្តិ​មីស៊ីល​គុយបា ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ទី​ភ្នាក់ងារ​ព័ត៌មាន​សហរដ្ឋ​អាមេរិក (USIA) ដែល​ជា​ស្ថាប័ន​មេ​មើល​ពី​លើ​វីអូអេ​នៅ​គ្រា​នោះបាន​ទេ។

​ពេល​ធ្វើ​សេចក្តីរាយការណ៍​ព័ត៌មាន​អំពី​រឿង​អាស្រូវ Watergate ដែល​បាននាំ​ឲ្យ​មានការ​លាលែង​ពី​តំណែង​របស់​លោក​ប្រធានាធិបតី Richard Nixon នៅ​ឆ្នាំ ​១៩៧៤​ វីអូអេ បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​មន្ត្រី USIA​ ដែល​ចង់​ឲ្យ​វីអូអេ ផ្សាយ​ទិដ្ឋភាព​វិជ្ជមាន​អំពី​រឿង​អាស្រូវ​នោះ។ មាន​ការ​សម្រុះសម្រួល​គ្នា​មួយ​ថា​ពេលណា​ដែល​មាន​ការ​ផ្សាយ​រឿង​អវិជ្ជមាន​អំពី​លោក ​Nixon នោះ​ត្រូវ​តែ​មាន​ការ​ផ្សាយ​រឿង​វិជ្ជមាន​ដែរ។

​ក្នុង​អាណត្តិ​ប្រធានាធិបតី George H.W. Bush ទី​ភ្នាក់ងារ​ USIA បាន​ព្យាយាម​រារាំង​មិន​ឲ្យ​វីអូអេ​ចាក់ផ្សាយ​បទសម្ភាសន៍​ជាមួយ​លោក Fang Lizhi បន្ទាប់​ពី​អ្នក​ប្រឆាំង​ចិន​រូ​ប​នេះ បាន​មក​ដល់​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​ ១៩៩០។ លោក Fang បាន​យក​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ប៉េកាំងជា​កន្លែង​លាក់​ខ្លួន ហើយ​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀងគ្នា​ក្នុង​ការ​អនុញ្ញាតឲ្យ​លោក​ចាកចេញ​ពី​ប្រទេស​ចិន​បាន ​គឺ​ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន នឹង​មិន«ទាញ​ប្រយោជន៍»​ពី​រឿង​របស់​លោក​ទេ។

​ហេតុការណ៍​ស្រដៀង​គ្នា​នេះ បាន​កើត​ឡើង​នៅ​ឆ្នាំ​ ១៩៩៧ ពេល​ដែល​រដ្ឋបាល​លោក ប៊ីល គ្លីនតុន បាន​ជួយ​ធានា​ឲ្យ​មាន​ការ​ដោះលែង​លោក Wei Jingsheng ហើយ​បាន​ព្យាយាម​រារាំង​វីអូអេ កុំ​ឲ្យ​ចាក់​ផ្សាយ​បទសម្ភាសន៍​ជាមួយ​លោក Wei ដោយ​បារម្ភ​ថា ការ​ផ្សាយ​នោះ អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ដោះលែង​អ្នក​ប្រឆាំង​ក្រោយៗ​ទៀត​នៅ​ពេល​អនាគត។

​ប៉ុន្មាន​សប្តាហ៍​ក្រោយ​ពី​មាន​ការ​វាយប្រហារ​ថ្ងៃ​ទី​១១ ​ខែវិច្ឆិកា ក្រសួង​ការបរទេស​ ក្នុង​អាណត្តិ​លោក George W. Bush បាន​ព្យាយាម​រារាំង​វីអូអេ មិន​ឲ្យ​ផ្សាយ​បទសម្ភាសន៍​ផ្តាច់​មុខ​មួយ​ជាមួយ​មេដឹកនាំ​តាលីបង់​ Mullah Omar ដែល​បាន​អនុញ្ញាត​ឲ្យ​ Osama bin Laden រស់នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ ការ​ពិភាក្សា​អំពី ​«តួនាទី​របស់​វីអូអេ​ ក្រោយ​ថ្ងៃ​១១ ​ខែវិច្ឆិកា​» បាន​បន្ត​ ក្រោយ​ពី​ស្ថាប័ន​សារព័ត៌មាន​នេះ បាន​ផ្សាយ​ផ្នែក​មួយ​នៃ​បទ​សម្ភាសន៍​នោះ។

មន្ត្រី​ខ្លះ​ក្នុង​អាណត្តិ​លោក​បារ៉ាក់ អូបាម៉ា បាន​សម្តែង​ការ​ព្រួយបារម្ភ​ថា​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​វីអូអេ មិន​បាន​ឆ្លុះ​បញ្ចាំង​ពីអាទិភាព​នៃ​គោលនយោបាយ​ការបរទេស​សហរដ្ឋ​អាមេរិក ប្រឆាំង​នឹង​អំពើ​ហិង្សា​ជ្រុល​និយម។

ប្រែសម្រួល​ដោយ​ សាយ មុន្នី