ប្រធានាធិបតីស.រ.អា. Donald Trump ធ្វើជាម្ចាស់ផ្ទះទទួលលោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau នៅឯសេតវិមានដើម្បីធ្វើការចរចាគ្នានៅថ្ងៃចន្ទនេះដែលគេរំពឹងថានឹងមានរួមបញ្ចូលការផ្តើមគំនិតរួមគ្នាមួយសម្រាប់ស្ត្រីមេដឹកនាំខាងជំនួញនិងសហគ្រាស។
លោក Trump និងលោក Trudeau នឹងធ្វើការប្រជុំគ្នាមួយចំនួនដោយមានរួមបញ្ចូលអ្វីដែលសេតវិមានហៅថាការប្រជុំតុមូលមួយ «អំពីការជឿនលឿនទៅមុខនៃពួកស្ត្រីមេដឹកនាំសហគ្រាសនិងខាងជំនួញ»។
កាលវិភាគរបស់លោក Trudeau សម្រាប់ទស្សនកិច្ចមួយថ្ងៃនេះក៏មានរួមបញ្ចូលដែរនូវកិច្ចចរចាជាមួយលោក Paul Ryan ប្រធានសភាតំណាងរាស្ត្រអាមេរិកាំងនិងលោក Mitch McConnell មេដឹកនាំក្រុមភាគច្រើននៅក្នុងព្រឹទ្ធសភាស.រ.អា.។
បញ្ហាដែលមិនបានបង្ហាញជាពិសេសនៅក្នុងរបៀបវារៈសាធារណៈ ក៏ប៉ុន្តែទំនងជានឹងលើកយកមកនិយាយនៅក្នុងការប្រជុំគ្នានៅថ្ងៃចន្ទនេះ មានដូចជាបញ្ហាសេដ្ឋកិច្ច ជាពិសេសពាណិជ្ជកម្ម។
លោក Trump បាននិយាយច្បាស់លាស់ថាលោកចង់ធ្វើការចរចាជាថ្មីឬមួយលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងទ្វីបអាមេរិកខាងជើងដែលមានរួមបញ្ចូលស.រ.អា. ប្រទេសកាណាដានិងប្រទេសម៉ិកស៊ិក។ គាត់ចង់ឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលអនុគ្រោះច្រើនដល់ស.រ.អា. ចំណែកឯលោក Trudeau វិញជាអ្នកគាំទ្រដល់ពាណិជ្ជកម្មសេរី។
ប្រទេសកាណាដាពឹងពាក់ច្រើនលើទីផ្សារស.រ.អា.ដែលមាន៧៥ភាគរយនៃទំនិញខ្លួននាំចេញទៅលក់ក្នុងប្រទេសក្រៅ។ លោក Trump និងលោក Trudeau ក៏មានទស្សនៈផ្សេងគ្នាដែរអំពីអន្តោប្រវេសន៍៕