ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងត្រឡប់ទៅកាន់ទីក្រុង ញូវយ៉ក វិញនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ម៉ោងក្នុងសហរដ្ឋអាមេរិក ដើម្បីជួបជាមួយនឹងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull ជាលើកដំបូងបង្អស់ចាប់តាំងពីលោកក្លាយជាប្រធានាធិបតីមក។
លោកប្រធានាធិបតីអាមេរិកបាននិយាយជាមួយលោក Turnbull តាមទូរស័ព្ទកាលពីខែកុម្ភៈ ដោយពិភាក្សាអំពីជ័យជម្នះរបស់លោកនៅក្នុងការបោះឆ្នោត និងកិច្ចព្រមព្រៀងមួយសម្រាប់សហរដ្ឋអាមេរិកក្នុងការតាំងទីលំនៅឡើងវិញឲ្យជនភៀសខ្លួនមួយចំនួនដែលបច្ចុប្បន្ននេះកំពុងត្រូវបានជាប់ឃុំនៅក្នុងប្រទេសអូស្ត្រាលី។
មានការរាយការណ៍ថា លោក Trump បានហៅកិច្ចព្រមព្រៀងនោះថាជា «ឥតប្រយោជន៍» និង «ជាកិច្ចព្រមព្រៀងដ៏អាក្រក់បំផុត» មុនពេលដែលលោកបានបិទទូរស័ព្ទភ្លាមៗ»។
លោក Turnbull ក្រោយមកបានបដិសេធសេចក្តីរាយការណ៍នោះ ដែលថា ប្រធានាធិបតីអាមេរិកបានចុចបិទទូរស័ព្ទរបស់លោក។
លោកបានថ្លែងនៅក្នុងបទសម្ភាសន៍តាមវិទ្យុមួយថា «ការសន្ទនាតាមទូរស័ព្ទនោះបានបញ្ចប់តាមសម្រួល។ នេះគឺជាអ្វីដែលខ្ញុំចង់និយាយ»។
ពលរដ្ឋរស់នៅក្នុងទីក្រុង ញូវយ៉ក កំពុងត្រៀមខ្លួនសម្រាប់ការយាមកាមសន្តិសុខតឹងរ៉ឹង ការបិទផ្លូវ និងការតវ៉ានានា៕