លោក Donald Trump ចាប់ផ្តើមទស្សនកិច្ចរបស់លោកទៅបរទេសជាលើកទី១ក្នុងនាមជាប្រធានាធិបតីសរអា នៅថ្ងៃសុក្រនេះ។ លោកចាកចេញពីសេតវិមាននៅពេលដែលមានរឿងចម្រូងចម្រាសជាច្រើន ដែលនាំឲ្យអ្នកនយោបាយខ្លះ ប្រៀបធៀបទៅនឹងរឿងអាស្រូវ Watergate ដែលបាននាំឲ្យលោកប្រធានាធិបតី Richard Nixon ចុះចេញពីតំណែង។
«យើងរំពឹងថានឹងបញ្ចប់ស្ថានការណ៍ទាំងមូល» នេះជាសម្តីរបស់លោក Donald Trump ទៅកាន់ក្រុមអ្នកយកព័ត៌មាននៅសេតវិមានកាលពីថ្ងៃព្រហស្សតិ៍។
រឿងចម្រូងចម្រាសទាំងនោះ មានរួមទាំងការបណ្តេញនាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI លោក James Comey ចេញពីតំណែង ចំពេលដែលមានការចោទប្រកាន់ថាលោក Trump ចង់ឲ្យលោក Comey ឈប់ស៊ើបអង្កេតអតីតទីប្រឹក្សាសន្តិសុខជាតិ លោក Michael Flynn។ លោកប្រធានាធិបតីក៏កំពុងតែប្រឈមនឹងសំណួរអំពីការជាប់ពាក់ព័ន្ធរបស់លោក ជាមួយប្រទេសរុស្ស៊ី ក្នុងអំឡុងយុទ្ធនាការរកសំឡេងឆ្នោត និងបទចោទថាលោកបានបង្ហាញព័ត៌មានសម្ងាត់ទៅលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី ក្នុងអំឡុងកិច្ចប្រជុំមួយនៅក្នុងការិយាល័យរបស់លោកប្រធានាធិបតី។
លោក Trump នឹងឈប់សំចតនៅក្នុងប្រទេស អារ៉ាប៊ី សាអូឌីត អ៊ីស្រាអែល បុរីវ៉ាទីកង់។ ប្រទេសទាំង៣ជាកន្លែងសំខាន់ៗសម្រាប់សាសនាធំៗទាំង៣ក្នុងពិភពលោក៕