លោក Trump ចុះ​ហត្ថលេខា​លើ​សំណើ​ច្បាប់​គាំទ្រ​ក្រុម​បាតុករ​ប្រជាធិបតេយ្យ​ហុងកុង

រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងអំឡុងពេលយុទ្ធនាការឃោសនាមួយនៅរដ្ឋ Florida កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ចុះ​ហត្ថលេខា​លើ​សំណើ​ច្បាប់​ពីរ​ផ្សេង​គ្នា​ដែល​គាំទ្រ​ក្រុម​បាតុករ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ហុងកុង ទោះបីជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​ស្ថិត​នៅ​ក្នុង​ភាព​ស្រពិចស្រពិល និង​មាន​ការ​គំរាម​ពី​រដ្ឋាភិបាល​ចិន​ក៏​ដោយ។

រដ្ឋសភា និង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​សំណើ​ច្បាប់​ទាំង​ពីរ​នេះ​កាល​ពី​សប្ដាហ៍​មុន​ដោយ​សំឡេង​ស្ទើរតែ​ជា​ឯកច្ឆន្ទ។

ច្បាប់​មួយ​តម្រូវ​ឲ្យ​ក្រសួង​ការបរទេស​អាមេរិក​ផ្ទៀងផ្ទាត់​ជា​រៀងរាល់​ឆ្នាំ​ថា ប្រទេស​ចិន​ផ្ដល់​ស្វ័យភាព​គ្រប់គ្រាន់​ដើម្បី​ធានា​អំពី​ឋានៈ​អនុគ្រោះ​ពាណិជ្ជកម្ម​របស់​ទីក្រុង​ហុងកុង។ ច្បាប់​នេះ​គំរាម​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ចិន​ណា​ដែល​មិន​ធ្វើ​ដូច្នេះ។

ច្បាប់​ទី​ពីរ​ហាម​ឃាត់​ការ​នាំ​ចេញ​ឲ្យ​ប៉ូលិស​ហុងកុង​នូវ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក គ្រាប់​កាំភ្លើង​ជ័រ និង​គ្រាប់​កាំភ្លើង​ដែល​មិន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត។

ក្រសួង​ការបរទេស​ចិន​បាន​បញ្ជាក់​ថា ខ្លួន​នឹង «ចាត់​វិធានការ​តបត​វិញ​ដោយ​ខ្លាំងក្លា‍» ប្រសិនបើ​សហរដ្ឋ​អាមេរិក​នៅតែ​ជ្រៀតជ្រែក​នៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ចិន។

រដ្ឋាភិបាល​ទីក្រុង​ហុងកុង​បាន​បង្ហាញ «ការ​សោកស្ដាយ​យ៉ាង​ខ្លាំង‍» ដោយ​បញ្ជាក់​ថា វិធានការ​របស់​សហរដ្ឋ​អាមេរិក​នេះ​បញ្ជូន «សារ​ខុស‍» ទៅ​ឲ្យ​ក្រុម​អ្នក​តវ៉ា។

ប៉ុន្តែលោក Trump បាន​បញ្ជាក់​នៅ​ក្នុង​ទូរទស្សន៍ Fox News កាល​ពី​យប់​ថ្ងៃ​អង្គារ​ថា ប្រធានាធិបតី​ចិន​លោក Xi Jinping គឺ​ជា «មិត្តភ័ក្ដិ» របស់​លោក និង​ជា «បុរស​ដ៏​អស្ចារ្យ» ម្នាក់។

ក្រោយ​មក លោក Trump បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា៖ «ខ្ញុំ​បាន​ចុះ​ហត្ថលេខា​លើ​សំណើ​ច្បាប់​ទាំង​នេះ ដោយសារតែ​ខ្ញុំ​គោរព​លោក​ប្រធានាធិបតី Xi Jinping ប្រទេស​ចិន និង​ប្រជាពលរដ្ឋ​ហុងកុង។ សំណើ​ច្បាប់​ទាំង​នេះ​ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​ក្ដី​សង្ឃឹម​ថា ថ្នាក់​ដឹកនាំ និង​អ្នក​តំណាង​នៃ​ប្រទេស​ចិន និង​ទីក្រុង​ហុងកុង​នឹង​អាច​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ប្រកប​ដោយ​សន្តិវិធី ដែល​នឹង​នាំ​ឲ្យ​មាន​សន្តិភាព និង​វិបុលភាព​រយៈពេល​វែង​សម្រាប់​ភាគី​ទាំង​អស់‍»៕