ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា ប្រទេសរុស្ស៊ីត្រូវតែចាកចេញពីប្រទេសវេណេស៊ុយអេឡា។ លោកនិយាយដូច្នេះ បន្ទាប់ពីបុគ្គលិកយោធារុស្ស៊ីបានទៅដល់ប្រទេសនេះ។
លោកប្រធានាធិបតី ត្រូវបានអ្នកយកព័ត៌មានសួរថា តើលោកមានឆន្ទៈដាក់ទាហានអាមេរិកនៅវេណេស៊ុយអេឡា ដើម្បីគាំទ្រដល់ការទាមទាររបស់លោកឲ្យរដ្ឋាភិបាលក្រុងមូស្គូដកកងទ័ព ឬយ៉ាងណា?
លោកបានឆ្លើយថា៖ «ជម្រើសទាំងអស់គឺ បើកចំហ»។
លោក Trump បន្ថែមថា រដ្ឋាភិបាលក្រុងម៉ូស្គូដឹងច្បាស់អំពីជំហររបស់អាមេរិក។
កាលពីថ្ងៃពុធ លោកបាននិយាយទៅកាន់អ្នកសារព័ត៌មាននៅការិយាល័យប្រធានាធិបតី នៅពេលលោកនៅជាមួយលោកស្រី Fabiana Rosales ភរិយារបស់មេដឹកនាំប្រឆាំងនៅវេណេស៊ុយអេឡា និងលោក Juan Guaido ប្រធានាធិបតីប្រកាសដោយខ្លួនឯងហើយ ដែលត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសជាច្រើនទៀត។
កាលពីថ្ងៃពុធ នៅវេណេស៊ុយអេឡា លោក Guaido បានអំពាវនាវឲ្យក្រុមអ្នកគាំទ្រធ្វើការតវ៉ាប្រឆាំងនឹងការដាច់ភ្លើងអគ្គិសនីនៅទូទាំងប្រទេស៕