ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានសរសើរឆ្មាំការពារជាតិថា កំពុងធ្វើកិច្ចការដ៏អស្ចារ្យក្នុងការឆ្លើយតបនឹងការតវ៉ាប្រឆាំងដែលបានក្លាយជាអំពើហិង្សាកាលពីពេលយប់នៅក្នុងរដ្ឋមីនីសូតាបន្ទាប់ពីការស្លាប់របស់បុរសជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកម្នាក់នៅក្នុងការឃុំឃាំងរបស់ប៉ូលិស។
នៅក្នុង Twitter កាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីអំពើហិង្សាអស់មួយយប់នៅក្នុងទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិកមក លោកប្រធានាធិបតីត្រាំបានស្តីបន្ទោស «ភាពអនាធិបតេយ្យដែលដឹកនាំដោយចលនា ANTIFA» ចំពោះការញុះញង់ឲ្យមានចលាចលនេះ»។
លោកប្រធានាធិបតីត្រាំនិយាយថា «ពួកគណបក្សប្រជាធិបតេយ្យផ្សេងទៀតដែលដឹកនាំទីក្រុង និងរដ្ឋនានាត្រូវតែពិនិត្យមើលការបិទពួកអនាធិបតេយ្យឆ្វេងនិយមជ្រុលនៅក្រុងមីនីអាប់ប៉ូលីសកាលពីយប់មិញ។ ឆ្មាំការពារជាតិបានធ្វើកិច្ចការដ៏អស្ចារ្យ ហើយគួរតែប្រើនៅរដ្ឋផ្សេងៗទៀតមុនពេលយឺតពេល»។
លោកប្រធានាធិបតីត្រាំបាននិយាយទៀតថា សហរដ្ឋអាមេរិកនឹងចាត់ទុកចលនា Antifa ជាអង្គការភេរវកម្ម។
លោកស្រី Hina Shamsi នាយកគម្រោងសន្តិសុខជាតិនៃសហភាពសេរីភាពស៊ីវិល បាននិយាយថា «ដូចដែលការបង្ហោះនៅក្នុង Twitter នេះ ភេរវកម្មគឺជាការពណ៌នាបែបនយោបាយរយៈពេលវែង។ មិនមានអំណាចផ្លូវច្បាប់ចាត់ទុកក្រុមក្នុងស្រុកបែបនេះទេ។ ការចាត់ទុកក្រុមណាមួយបែបនេះនឹងធ្វើឱ្យមានការលើកឡើងនូវដំណើរការស្របច្បាប់ និងក្តីបារម្ភស្តីពីវិសោធនកម្មទី១នៃរដ្ឋធម្មនុញ្ញ»។
ភាពចលាចលនៅទូទាំងប្រទេសអាមេរិក បានកើតមានឡើងបន្ទាប់ពីអ្វីដែលជាបាតកម្មដោយសន្តិវិធីក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការស្លាប់លោក George Floyd អាយុ៤៦ឆ្នាំ ជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកនៅក្នុងទីក្រុងមីនីអាប់ប៉ូលីសបន្ទាប់ពីមន្រ្តីប៉ូលិសស្បែកសម្នាក់ដែលបានយកជង្គង់សង្កត់កគាត់អស់រយៈពេលជាង៨នាទី។
បម្រាមគោចរត្រូវបានធ្វើឡើងក្នុងទីក្រុងយ៉ាងហោចណាស់ក៏២៥ដែរ រួមមានរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋចំនួន១៦ទៀតក្នុងសហរដ្ឋអាមេរិក៕