លោក Trump លើកឡើង​ពី​សន្លឹកឆ្នោត​ដែល​គេ​បោះចោល​ថា​ជា​ភស្ដុតាង​នៃ​ការ​អាច​បន្លំ​សន្លឹកឆ្នោត

  • Steve Herman

លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២០។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump កំពុង​តែ​បន្ដ​លើក​ឡើង​ពីការ​មន្ទិលសង្ស័យ​លើ​សុចរិតភាព​នៃ​ការ​បោះឆ្នោត​ជាតិ​ តាមរយៈ​ការ​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​លទ្ធភាព​នៃ​ការ​បន្លំ​សន្លឹកឆ្នោត ​ដែល​ផ្ញើ​តាម​ប្រៃសណីយ៍។ នេះ​គឺ​ជា​សេណារីយ៉ូ​មួយ ដែល​ក្រុម​មន្ត្រី​ជាច្រើន​និយាយ​ថា កំពុង​ត្រូវ​បាន​គេ​និយាយ​ពន្លើស​យ៉ាង​សម្បើម។​

លោក ​Trump បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ នៅសេតវិមាន​មុន​ពេល​ឡើង​ជិះ​ឧទ្ធម្ភាគចក្រ​ Marine One ទៅ​កាន់​រដ្ឋ North Carolina និង​រដ្ឋ Florida ថា៖ ​«យើង​ចង់ឲ្យ​ប្រាកដ​ថា ការ​បោះឆ្នោត​នេះ​មាន​ភាព​ស្មោះត្រង់ ប៉ុន្តែ​ខ្ញុំ​មិន​ប្រាកដ​ថា វា​អាច​នឹង​ទៅ​រួច​នោះ​ទេ»។

លោក Trump បាន​អះអាង​ថា «សន្លឹកឆ្នោត​ជាច្រើន​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទន្លេ​មួយ» ហើយ​សន្លឹកឆ្នោត​ដែលពលរដ្ឋបាន​បោះឆ្នោត​ឲ្យ​លោក «ត្រូវ​បាន​គេ​បោះចោល​ទៅ​ក្នុង​ធុង​សំរាម​មួយ»។

សន្លឹកឆ្នោត​មួយ​ចំនួន​តូច​របស់​យោធា​ត្រូវ​បាន​បោះចោល ហើយ​ក្នុង​នោះ​សន្លឹកឆ្នោត​ចំនួន ៩ ត្រូវ​បាន​គេ​រើសយក​មក​វិញ ដើម្បី​ធ្វើការ​ស៊ើបអង្កេត។ នេះ​បើ​យោង​តាម​ការិយាល័យ​រដ្ឋអាជ្ញា​សហរដ្ឋអាមេរិក​ នៅ​ក្នុង​រដ្ឋ Pennsylvania។​

ក្រសួង​យុត្តិធម៌​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា៖ «សន្លឹកឆ្នោត​ខ្លះ​ក្នុង​ចំណោម​នោះ​អាច​រក​ឃើញ​ថា ​ជា​របស់​អ្នក​បោះឆ្នោត​ជាក់លាក់បាន ប៉ុន្តែ​មួយ​ចំនួន​មិនដឹង​ថា​ជារបស់​អ្នកណា​ទេ។ ក្នុង​ចំណោម​សន្លឹកឆ្នោត​ទាំង ៩ សន្លឹក​ដែល​ត្រូវ​បាន​គេ​បោះចោល ហើយ​ត្រូវ​បាន​យើង​រកឃើញ មាន​សន្លឹក​ឆ្នោត​ចំនួន ៧ ដែល​ត្រូវ​បាន​គេ​បោះ​ឲ្យ​បេក្ខជន​ប្រធានាធិបតី​លោក Donald Trump»។ ចំណែក​ឯ​សន្លឹកឆ្នោត​ពីរ​សន្លឹក​ទៀត​ គេ​មិន​ដឹង​ថា​បោះ​ឲ្យ​នរណា​នោះ​ទេ។

លោក​ប្រធានាធិបតី​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​គម្រោង​របស់​រដ្ឋ​មួយ​ចំនួន ដោយ​រួម​ទាំង​រដ្ឋ California​ រដ្ឋ Colorado ​រដ្ឋ Hawaii ​រដ្ឋ Nevada ​រដ្ឋ New Jersey​រដ្ឋ Oregon ​រដ្ឋ Utah ​រដ្ឋ Vermont និង​រដ្ឋ Washington ផង ដែល​នឹង​រៀបចំ​ការ​បោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍​ សម្រាប់​ពលរដ្ឋ​ទាំងអស់​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​លើក​នេះ។​

លោក Christopher Wray នាយក​ការិយាល័យស៊ើបអង្កេត​សហព័ន្ធ FBI បាន​ថ្លែង​ប្រាប់​គណៈកម្មការ​ព្រឹទ្ធសភា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ជា​ប្រវត្តិសាស្ត្រ សហរដ្ឋ អាមេរិក​មិន​ដែល​ឃើញ​មាន​ «កិច្ចខិតខំ​ប្រឹងប្រែង​បន្លំ​សន្លឹកឆ្នោត ដែល​មាន​ការ​រៀបចំក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ការ​បោះឆ្នោត​ធំៗ​ណា​មួយ​នោះ​ទេ មិន​ថា​បោះឆ្នោត​ផ្ញើតាម​ប្រៃសណីយ៍ ឬ​បោះឆ្នោត​ធម្មតា​ទេ»៕