លោក​ Trump បដិសេធ​ថា​គ្មាន​កំហុស​ចំពោះ​បទ​ចោទ​​ប្រកាន់​ពី​ការ​ជ្រៀតជ្រែក​ការបោះឆ្នោត​ក្នុង​រដ្ឋ Georgia

រូបឯកសារ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ថ្លែងនៅក្នុងក្លិបវាយកូនហ្គោល Trump ថ្នាក់ជាតិ នៅក្រុង Bedminster រដ្ឋ New Jersey កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ Donald Trump​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញបាន​បដិសេធមិន​ទទួល​កំហុសចំពោះ​រាល់​ការ​ចោទ​ប្រកាន់ ដែលថា​ លោក​ព្យាយាម​ផ្លាស់​ប្តូរ​លទ្ធផល​ចាញ់​ឆ្នោត​របស់​លោក​កាល​ពី​ឆ្នាំ​ ២០២០ នៅ​ក្នុង​រដ្ឋ​ Georgia ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក។ លោក​ក៏​បាន​សម្រេច​មិនបង្ហាញ​ខ្លួន​នៅតុលាការ​នៅ​ក្នុង​សំណុំ​រឿង​នេះ ​ដែល​ត្រូវបាន​កំណត់​ធ្វើ​ឡើងនៅ​សប្តាហ៍​ក្រោយ។

ការណ៍​នេះ​មាន​ន័យ​ថា​ លោក Trump ដែល​ជា​ចុងចោទ​មួយ​ក្នុង​ចំណោម​ចុងចោទ​ទាំង​ ១៩​ នាក់ នៅ​ក្នុងសំណុំ​រឿង​ទុច្ចរិត​និង​ការ​ជ្រៀតជ្រែក​ការបោះឆ្នោតនេះ​ នឹង​មិនត្រូវបង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ចៅក្រម​តុលាការ ​លោក Scott McAfee ក្នុង​ស្រុក ​Fulton​ សម្រាប់​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង ក្នុង​ទីក្រុង Atlanta ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ឡើយ។​ ថ្ងៃ​សវនាការលើ​សំណុំ​រឿង​នេះ​ នៅ​មិន​ទាន់​ត្រូវ​បាន​គេ​កំណត់​នៅ​ឡើយ​ទេ ប៉ុន្តែទំនង​ជា​អាចកើត​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែខែ​ទៀត។​

សហ​ចុងចោទ​របស់​លោក Trump ជា​ច្រើន​នាក់​ទៀត​ ក៏​បាន​បដិសេធ​មិន​ទទួល​កំហុស និងលះបង់​សិទ្ធិ​បង្ហាញ​ខ្លួន​ជាផ្លូវ​ការ​នៅ​តុលាការនេះ​ដែរ។

លោក ​Trump កាល​ពី​សប្តាហ៍​មុន​ បានជិះ​យន្តហោះពី​ភូមិ​គ្រឹះ​របស់​លោកក្នុង​រដ្ឋ New Jersey ទៅ​កាន់ទីក្រុង Atlanta ដើម្បីប្រគល់​ខ្លួនដល់​អាជ្ញាធរ​ពន្ធនាគារស្រុក Fulton ​ហើយ​ត្រូវ​បាន​ចាប់​ខ្លួននិង​រង​ការ​ចោទ​ប្រកាន់​ចំនួន​ ១៣​ ករណី។​ នៅ​ទីនោះ​ លោក​ក៏​ត្រូវ​បាន​គេឱ្យ​ផ្តិត​មេដៃ​ ហើយ​ក៏​បាន​ក្លាយ​ជា​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទី ១ ដែល​ត្រូវ​បាន​ថតរូប​ពាក់​កណ្តាល​ខ្លួន​ សម្រាប់​កំណត់​ត្រា​ប៉ូលិស។​

លោក Trump ដែល​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​ ២០២៤ ​នាំមុខ​គេ​ ខាង​គណបក្ស​សាធារណរដ្ឋ​ បាន​ប្រើប្រាស់​រូប​ថត​មួយ​កំណាត់​ខ្លួន​ដែលមាន​ទឹក​មុខ​ក្រញូវ​របស់​លោក​នោះ​ ដាក់​លើ​អាវយឺត កែវ​កាហ្វេ​ និង​របស់របរផ្សេងៗ​ទៀត​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ ដើម្បីរៃអង្គាស​ប្រាក់។​ លោក​បាន​ដាក់​ចំណង​ជើង​រូប​ថត​ពាក់​កណ្តាល​ខ្លួន​នោះ​ថា​ «មិន​ត្រូវ​ប្រគល់​ខ្លួន»​ ​បើ​ទោះ​បី​ជា​រហូត​មក​ដល់​ពេល​នេះ​ លោក​បាន​ចូល​ប្រគល់​ខ្លួន​ លើ​ករណី​បទឧក្រិដ្ឋ​ចំនួន​ ៤​ ដែល​លោក​កំពុង​ប្រឈម​រួច​ហើយក៏​ដោយ៕