លោក​ ​Trump បាន​លើកលែង​​និង​បន្ធូរបន្ថយ​ទោស​​តិច​ជាង​ប្រធានាធិបតី​មុនៗ

រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ក្ដាប់ដៃ ខណៈ​ដែលលោក​ដើរ​ចេញ​ពី​យន្ដហោះ​ដឹក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Air Force One នៅ​ទីក្រុង Houston រដ្ឋ Texas ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។

ថ្វី​បើ​ការ​លើកលែង​ទោស​ជា​ច្រើន​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Donald Trump មាន​ភាព​ចម្រូងចម្រាស​ រួម​មាន​ទាំង​ការ​លើកលែង​ទោស​ឲ្យ​សហការី​របស់​លោក​គឺ​លោក Michael Flynn កាល​ពី​ខែ​វិច្ឆិកា​ក៏ដោយ ក៏​លោក Trump បាន​ធ្វើ​ការលើក​លែង​ទោស​តិច​ជាង​ប្រធានាធិបតី​កាន់​តំណែង​មុនៗលោក។ នេះ​តាម​ក្រុម​ស្រាវជ្រាវ​មួយ​របស់​សហរដ្ឋ​អាមេរិក។

មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew ដែល​បាន​ប្រើ​ទិន្នន័យ​មកពី​ក្រសួង​យុត្តិធម៌ បាន​បញ្ជាក់​ថា លោក​ប្រធានាធិបតី Trump បាន​ចេញ​ការ​លើកលែង​ទោស​ចំនួន​២៩ រួម​មាន​លោក Flynn កាលពី​ថ្ងៃ​ពុធ ទី២៥ ខែ​វិច្ឆិកា​ផង និង​បន្ធូរបន្ថយ​ទោស​ចំនួន​១៦​នាក់​ទៀត​ចាប់តាំង​ពី​ចូល​កាន់​តំណែង​នៅ​ឆ្នាំ​២០១៧​មក។​

ផ្ទុយ​ទៅវិញ លោក​ Barak Obama ប្រធានាធិបតី​កាន់​តំណែង​មុន​លោក បាន​ចេញ​ការលើក​លែង​ទោស​ចំនួន​២១២នាក់ និង​បន្ធូរបន្ថយ​ទោស​ចំនួន​១ពាន់​៧រយ​១៥​នាក់​ក្នុង​អំឡុង​នៃ​ការ កាន់​តំណែង​៨​ឆ្នាំ​របស់​លោក។ លោក​ប្រធានាធិបតី George H. W. Bush បាន​ចេញ​ការ​លើក​លែង​ទោស​ចំនួន​៧៤​នាក់ ក៏ប៉ុន្តែ​បន្ធូរបន្ថយ​ទោស​តែ​ចំនួន​៣នាក់​ក្នុង​អំឡុង​នៃ​ការ​កាន់​តំណែង​រយៈពេល​៤​ឆ្នាំ​របស់​លោក។

បុគ្គល​នានា អាច​ធ្វើ​សំណើ​ទៅប្រធានាធិបតី​ដើម្បី​សុំ​ការ​អត់ឱន​ទោស​ក្នុង​របៀប​២យ៉ាង​គឺ បន្ធូរបន្ថយ​ទោស​និង​លើកលែង​ទោស។ ជាទូទៅ ការ​បន្ធូរបន្ថយ​ទោស​មាន​ន័យ​ថា ការ​បន្ថយ​ទោស​មួយ​ផ្នែក​ឬ​ទាំងស្រុង​នៃ​ទោស​របស់​ទណ្ឌិត។ ការ​លើកលែង​ទោស​មាន​ន័យ​ថា​ ធ្វើ​ឲ្យ​ទណ្ឌិត​រួច​ផុត​ពីទោសទណ្ឌ​នានា​ដែល​នៅ​សល់ ​ឬ​រួចផុត​ទោសចំពោះឧក្រិដ្ឋកម្ម​នេះ​នៅ​ពេល​អនាគត។

កាលពី​ថ្ងៃ​ពុធ ទី២៥ ខែ​វិច្ឆិកា លោក​ប្រធានាធិបតី Trump បាន​លើកលែង​ទោស​ឲ្យ​លោក Michael Flynn ដែល​បាន​សារភាព​ទទួល​កំហុស​ក្នុង​ឆ្នាំ​២០១៧​ចំពោះ​ការ​ភូត​កុហក​ភ្នាក់ងារ​របស់​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ FBI អំពី​ការ​សន្ទនា​ជា​បន្តបន្ទាប់​ដែល​លោក​មាន​ជាមួយ​លោក Sergey Kislyak ឯក​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ពេល​នោះ​អំពី​ការ​ដាក់​ទណ្ឌកម្ម​របស់​រដ្ឋបាល​លោក​អូបាម៉ា​ក្នុង​អំឡុង​នៃ​អន្តរកាល​របស់​ប្រធានាធិបតី​Trump នៅ​ខែ​ធ្នូ ឆ្នាំ​២០១៦។

លោក​ប្រធានាធិបតី Trump បាន​សរសេរ​នៅ​លើ Twitter របស់​លោក​កាល​ពី​ថ្ងៃ​ពុធ​ ទី២៥ ខែ​វិច្ឆិកា គឺ​មួយ​ថ្ងៃ​មុន​ថ្ងៃ​ឈប់​សម្រាកថ្ងៃ​បុណ្យ​រំឭក​គុណ Thanksgiving ថា៖ «សូម​អបអរ​ចំពោះលោក​ឧត្តមសេនីយ៍ Flynn និង​ក្រុម​គ្រួសារ​ដ៏​អស្ចារ្ស​របស់​លោក ខ្ញុំ​ដឹង​ថា លោក ឥឡូវ​នេះ នឹង​អាចប្រារព្ធ​ពិធី​បុណ្យ Thanksgiving យ៉ាង​ល្អ​អស្ចារ្ស​ពិតប្រាកដ»។

ចំណាត់ការ​នេះ កើត​មាន​ឡើង​នៅ​ពេល​ដែល​ចៅក្រម​សហព័ន្ធ​មួយ​រូប​ កំពុងថ្លឹងថ្លែង​អំពី​ការ​សម្រេច​ភ្លាមៗ​ដោយ​ក្រសួង​យុត្តិធម៌​នៅ​ដើម​ឆ្ នាំ​ដើម្បី​ទម្លាក់​ចោល​រឿង​ក្តី​របស់​លោក Flynn។​

ពួក​អ្នក​ស្រាវជ្រាវ កត់​សម្គាល់​ថា ខណៈដែល​លោក​ប្រធានាធិបតី Trump បាន​ចេញ​ការ លើកលែង​ទោស​និង​ការ​បន្ធូរបន្ថយ​ទោស​តិច​ជាង​ប្រធានាធិបតី​កាន់​តំណែង​មុនៗ​របស់​លោក ក៏​ចំនួន​បន្ធូរបន្ថយ​ទោស​និង​លើក​លែងទោស ទំនង​ផ្លាស់ប្តូរ​ក្នុង​រយៈពេល​២​ខែ​ចុង​ក្រោយ​របស់​លោក​ជា​ប្រធានាធិបតី។

លោក John Gramlich ជាអ្នក​ស្រាវជ្រាវ​នៅ​ឯ​មជ្ឈមណ្ឌល Pew បាន​ប្រាប់ VOA តាម​អ៊ីមែល​ថា៖ «ខ្ញុំ​មិន​អាច​និយាយ​ស្មានៗ​ចំពោះ​មូលហេតុ​ថា​ តើ​ហេតុ​អ្វី​បាន​ជា​លោក​ប្រធានាធិបតី Trump បាន​ចេញ​ការ​លើកលែង​ទោស​ឬ​បន្ធូរបន្ថយ​ទោស​តិច​មក​ទល់​ពេល​នេះ ឬ​អ្វី​អាច​កើត​មាន​ឡើង​នៅ​ពេល​អនាគតនោះ​ទេ»។

លោក​បាន​បន្ថែម​ទៀត​ថា៖ « ក៏ប៉ុន្តែ វា​ជា​ការ​ធម្មតា​សម្រាប់​ប្រធានាធិបតី​លើកលែង​ទោស​នៅពេល​ក្រោយ​មក​ក្នុង​អាណត្តិ​នៃ​ការ​កាន់​តំណែង​របស់​អស់​លោក​នោះ ដូច្នេះ​ វា​នឹងមិន​មែន​ជាការ​ភ្ញាក់ផ្អើល​ទេ​ដែល​ឃើញ​ចំនួន​នៃ​ការ​លើកលែង​ទោស​ឬ​បន្ធូរបន្ថយ​ទោស​របស់​លោក Trump កើន​ឡើង​ក្នុង​រយៈពេល​៣ឬ៤​សប្តាហ៍​ទៀត​នោះ»។

លោក​ប្រធានាធិបតី Trump បាន​អត់ឱន​ទោស​ចំនួន​ 0,5ភាគរយ​នៃ​ចំនួនសំណើ​សុំ​អត់ឱន​ទោស​ទាំង​អស់ ដែលរដ្ឋបាល​របស់​លោក​ទទួល​បាន។ ក៏ប៉ុន្តែ អ្នក​ជំនាញ​ច្បាប់​ខ្លះ រំពឹង​ថា លោក​អាច​ទំនង​លើកលែង​ទោស​កាន់តែ​ច្រើន​ឡើង​នៅ​មុន​ខែ​មករា ជា​ពិសេស​ចំពោះអតីត​សហការី​របស់​លោក​ដែល​ត្រូវ​បាន​ជាប់ទោស​លើ​បទ​ចោទប្រកាន់​ស្រដៀង​គ្នា​ទៅនឹង​ការ​ចោទ​ប្រកាន់​លោក Flynn ។

កាសែត The New York Times រាយការណ៍​ថា ពួក​មេធាវី​ដែល​តំណាង​ឲ្យ​ទីប្រឹក្សា​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Trump រួម​មាន​លោក Rick Gates និង​លោក George Papadopoulos អាច​ស្នើ​ឲ្យ​លើកលែង​អត់ឱន​ទោសពី​លោក​ប្រធានាធិបតី​នៅ​ពេល​ដែល​លោក​ជិត​ផុត​អាណត្តិ​របស់​លោក។

លោក Gates និង​លោក Papadopoulous ក៏​ត្រូវ​បាន​រងការ​ចោទប្រកាន់​ពី​ឧក្រិដ្ឋកម្ម​មួយ​ចំនួន​ក្នុង​អំឡុង​នៃ​ការស៊ើបអង្កេត​របស់​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller អំពី​ចំណង​ទាក់ទង​របស់​រដ្ឋបាល​លោក Trump ជាមួយ​ប្រទេស​រុស្ស៊ី។

ការលើកលែង​ទោស​លើក​ដំបូង​ដោយ​លោក​ប្រធានាធិបតី Trump គឺក្នុង​ឆ្នាំ២០១៧ឲ្យ​លោក Joe Arpaio មន្ត្រី​ប៉ូលិស​រដ្ឋ Arizona ដែល​បានរង​ការ​ចោទ​ប្រកាន់​អំពី​ការ​ប្រកាន់​ពូជ​សាសន៍​ខុស​ច្បាប់។ ការ​លើកលែង​ទោស​នោះ​ បាន​ទទួល​ការខឹង​សម្បារយ៉ាង​ខ្លាំង​ពី​អង្គការ​និង​សកម្មជន រួម​មាន​អង្គការ​សហភាព​សេរីភាព​ពលរដ្ឋ​អាមេរិកាំង​ឬ American Civil Liberties Union ដែល​បាន​ហៅ​ចំណាត់ការ​នេះ​ថា​ជា​ «ការ​ផ្តល់​ការ​យល់ព្រម​របស់​ប្រធានាធិបតី​ដល់​ការ​ប្រកាន់​ពូជសាសន៍»៕

ប្រែសម្រួល​ដោយ​លោក ​ជឹង ប៉ូជីន