លោក Rex Tillerson រដ្ឋមន្រ្តីក្រសួងការបទេសអាមេរិកបានប្រកាសបោះបង់ចោលគោលនយោបាយទប់ស្កាត់អំណាចប្រទេសដទៃរបស់ប្រធានាធិតបីមុនដែលជា «យុទ្ធសាស្រ្តអត់ធ្មត់» ហើយត្រូវបានគេមើលឃើញថាទទួលបរាជ័យដោយសារតែគោលនយោបាយនេះមិនបានបន្ថយសកម្មភាពនៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះទេ។
លោក Tillerson បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងប្រទេសកូរ៉េខាងត្បូងកាលពីចុងខែមីនាអំឡុងពេលទស្សនកិច្ចផ្លូវការរបស់លោកជាលើកដំបូងក្នុងតំបន់អាស៊ីបូព៌ាថា៖ «គោលនយោបាយនៃយុទ្ធសាស្រ្តអត់ធ្មត់បានបញ្ចប់ហើយ។ យើងកំពុងរកវិធានការបែបការទូត សន្តិសុខនិងសេដ្ឋកិច្ចថ្មីផ្សេងទៀត»។
បើទោះជាសេតវិមានកំពុងតែពិនិត្យពិចារណាលើជម្រើសគោលនយោបាយសម្រាប់របបដែលរឹងរូសនេះក៏ដោយ លោក Tillerson បានបង្ហើបប្រាប់ពីវិធានការដែលសហរដ្ឋអាមេរិកអាចនឹងយកទៅដោះស្រាយជាមួយកូរ៉េខាងជើង។ លោកបានបញ្ជាក់ថា ការចរចានឹងមិនមាននោះទេ លុះត្រាតែមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្តេជ្ញាថានឹងដកអាវុធនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ ហើយស.រ.អា.នឹងមានចំណាត់ការផ្លូវយោធាបង្ការជាមុនបើសិនជាចាំបាច់។
គោលនយោបាយមើលទៅខុសគ្នាប៉ុន្តែដូចតែគ្នា
លោក Thomas Countryman អតីតជំនួយការរដ្ឋមន្រ្តីក្រសួងការបរទេសទទួលបន្ទុកកិច្ចការសន្តិសុខអន្តរជាតិនិងការរារាំងការរីកសាយនៃអាវុធនុយក្លេអ៊ែររបស់រដ្ឋបាលលោកអូបាម៉ា ជឿថាគោលនយោបាយលើកូរ៉េខាងជើងរបស់លោកត្រាំមិនមានភាពខុសគ្នាខ្លាំងពីអតីតប្រធានាធិបតីនោះទេ។
លោកបាននិយាយថា៖ «រដ្ឋបាលរបស់លោកត្រាំ គឺដើរលើផ្លូវតែមួយដូចរដ្ឋបាលរបស់លោកអូបាម៉ា ប៉ុន្តែសង្កត់ធ្ងន់ជាងមុនលើការដាក់ទណ្ឌកម្ម ការផ្តល់តម្រូវការនានាលើសមត្ថភាពក្នុងការការពារនិងភាពរឹងប៉ឹងដើម្បីការពារជប៉ុននិងកូរ៉េខាងត្បូង»។
«លោក Tillerson បាននិយាយថាជម្រើសយោធាគឺស្ថិតក្រោមការពិចារណាហើយមិនខុសគ្នាខ្លាំងពីអ្វីដែលអតីតប្រធានាធិបតីអូបាម៉ាតែងតែនិយាយនោះទេ ជម្រើសទាំងអស់នោះគឺគេគិតរួចជាស្រេចហើយ»។
ប៉ុន្តែអតីតអ្នកការទូតបាននិយាយថាលោក ត្រាំដូចជាមិនអើពើនឹង «ការផ្សាភ្ជាប់ទំនាក់ទំនងដ៏មានប្រសិទ្ធិភាពជាមួយចិនសោះ ដែលវាគឺជាគន្លឹះដ៏សំខាន់មួយ»។
ជាញឹកញយ រដ្ឋបាលលោកត្រាំបានបន្ទោសរដ្ឋាភិបាលក្រុងប៉េកាំងដែលខកខានចូលរួមគាំទ្រឲ្យពេញទំហឹងក្នុងការរារាំងមហិច្ឆតានុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។ អំឡុងពេល លោក Tillerson ធ្វើទស្សនកិច្ចនៅអាស៊ី លោកប្រធានាធិបតីបានសរសេរនៅក្នុងបណ្តាញសង្គម Twitter ថា «កូរ៉េខាងជើងកំពុងបញ្ចេញអាកប្បកិរិយាអាក្រក់ខ្លាំងណាស់។ ប្រទេសនេះបាននឹងកំពុងលេងសើចជាមួយសហរដ្ឋអាមេរិកជាច្រើនឆ្នាំមកហើយ។ ប្រទេសចិនមិនបានជួយអ្វីច្រើនទេ»។
ប្រធានាធិបតីត្រាំត្រូវបានគេរំពឹងថានឹងរៀបចំទទួលស្វាគមន៍ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង សម្រាប់កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃក្នុងខែក្រោយហើយបញ្ហាកូរ៉េខាងជើងទំនងជារបៀបវារៈដ៏សំខាន់នៃកិច្ចប្រជុំនេះ។
យុទ្ធសាស្រ្តអត់ធ្មត់ដដែលប៉ុន្តែមានឈ្មោះផ្សេង
លោក Ken Gause ប្រធានក្រុមកិច្ចការអន្តរជាតិនៃមជ្ឈមណ្ឌលវិភាគដែនសមុទ្រអះអាងថាយុទ្ធសាស្រ្តដែលគ្រោងដោយក្រុមលោកប្រធានាធិបតីត្រាំមិនខុសគ្នាពីយុទ្ធសាស្រ្តរបស់លោកអូបាម៉ាដែលទទួលបរាជ័យនោះទេ ប៉ុន្តែលោករំពឹងថាគោលនយោបាយរបស់លោកត្រាំចំពោះកូរ៉េខាងជើងអាចនឹងមានឱកាសក្នុងការទទួលបានជោគជ័យ។
លោក Gause បាននិយាយថា៖ «ការណ៍ដែលសំខាន់បំផុត គឺអ្នកនឹងធ្វើឲ្យកូរ៉េខាងជើងនៅតែបន្តធ្វើអ្វីដែលប្រទេសនេះកំពុងធ្វើ ឬក៏អ្នកបន្តដាក់ទណ្ឌកម្មបន្ថែមទៀត និងដាក់សម្ពាធលើកូរ៉េខាងជើង ហើយព្យាយាមដាក់សម្ពាធលើចិនឲ្យដោះស្រាយបញ្ហាចំពោះមុខយើងដូចដែលរដ្ឋបាលរបស់លោកអូបាម៉ាបានធ្វើ។ ការធ្វើបែបនេះ នឹងមិនអាចដោះស្រាយបញ្ហានោះទេ»។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញផ្សេងទៀតមានជំនឿថាលោកត្រាំនឹងមានយុទ្ធសាស្រ្តផ្សេងដើម្បីដកអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង ហើយពួកគេរំពឹងថាលោកត្រាំនឹងមានគោលនយោបាយតឹងរ៉ឹងដែលផ្តោតលើការរឹតបន្តឹងដង្ហើមហិរញ្ញវត្ថុសម្រាប់កម្មវិធីមីស៊ីលនិងអាវុធនុយក្លេអ៊ែររបស់រដ្ឋឯកោមួយនេះ។
អតីតអនុប្រធានផ្នែកភ្នាក់ងារស៊ើបការសម្ងាត់ (CIA) ប្រចាំឧបទ្វីបកូរ៉េ លោក Bruce Klingner បាននិយាយថាទោះបី នេះជាមានការសន្និដ្ឋានមុន ស្របពេលដែលគោលនយោបាយរបស់រដ្ឋបាលត្រាំសម្រាប់កូរ៉េខាងជើងកំពុងត្រូវបានគេធ្វើក៏ដោយ «ភាពដែលអាចខុសប្លែកពីមុននោះគឺ កម្រិតនៃការទណ្ឌកម្មតែប៉ុណ្ណោះ»។
សារព័ត៌ Rodong Sinmun ផ្លូវការរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានថ្កោលទោសលើគោលនយោបាយកូរ៉េខាងជើងរបស់ត្រាំ ដោយបានសរសេរថា «គ្មានភាពខុសគ្នាខ្លាំងនោះទេរវាងគោលនយោបាយ «យុទ្ធសាស្រ្តអត់ធ្មត់» ដែលបរាជ័យរបស់លោកអូបាម៉ានិងគោលនយោបាយកូរ៉េខាងជើងរបស់រដ្ឋបាលសហរដ្ឋអាមេរិកបច្ចុប្បន្ន៕
ប្រែសម្រួលដោយ ទុំ ម្លិះ