ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump ចាប់ផ្តើមពិចារណាយ៉ាងឆាប់រហ័សលើការតែងតាំងមុខតំណែងសំខាន់ៗនៅក្នុងរដ្ឋបាលសេតវិមានថ្មីរបស់លោក ហើយអាចបញ្ចេញជម្រើសឈ្មោះមួយចំនួនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
លោក Trump ដែលទើបតែទទួលបានជ័យជម្នះលើអនុប្រធានាធិបតីអ្នកស្រី Kamala Harris ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃអង្គារនោះ បាននិងកំពុងសម្ងំជាមួយក្រុមជំនួយការនៅឯគេហដ្ឋាន Mar-a-Lago ក្នុងរដ្ឋ Florida របស់លោក ដើម្បីគិតគូរអំពីជម្រើសរបស់លោក។
សូម្បីតែមុនការបោះឆ្នោតក៏ដោយ ប្រធានក្រុមការងារដំណើរការផ្ទេរអំណាចលោក Howard Lutnick និងអ្នកស្រី Linda McMahon បានជួបជាមួយបណ្តាបេក្ខជនដែលមានសក្តានុពលមួយចំនួនសម្រាប់ការងារកំពូលៗ ទាំងនៅក្នុងសេតវិមាន ឬសម្រាប់ដឹកនាំថ្នាក់ក្រសួង និងទីភ្នាក់ងារផ្សេងៗទៀតរបស់រដ្ឋាភិបាល ។
ក្រុមជំនួយការរបស់លោក Trump ក៏បានរៀបចំបញ្ជីដ៏វែងនៃបទបញ្ជាប្រតិបត្តិ និងបទបញ្ជាប្តូរបទប្បញ្ញត្តិ សម្រាប់ឲ្យលោកចុះហត្ថលេខានៅថ្ងៃដំបូងរបស់លោកនៅក្នុងថ្ងៃស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដើម្បីបញ្ចប់គោលនយោបាយដែលត្រូវបានអនុម័តដោយលោកប្រធានាធិបតី Joe Biden ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ។
លោក Biden ដែលបានយកឈ្នះលោក Trump ក្នុងការបោះឆ្នោតឆ្នាំ២០២០ និងដែលបានឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញរហូតដល់ការជជែកដេញដោលដ៏មហន្តរាយរបស់លោកប្រឆាំងនឹងលោក Trump ក្នុងខែមិថុនា បានបង្ខំលោកឲ្យចេញពីការប្រកួតនោះ បានសន្យាថា នឹងផ្ទេរអំណាចដោយសន្តិវិធីទៅឲ្យលោក Trump វិញ។
លោក Biden បានអញ្ជើញប្រធានាធិបតីជាប់ឆ្នោតលោក Trump សម្រាប់ដំណើរទស្សនកិច្ចនៅសេតវិមាននៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយបានទូរស័ព្ទទៅលោក Trump កាលពីថ្ងៃពុធ ដើម្បីអបអរសាទរលោក៕