លោកប្រធានាធិបតី Joe Biden បានជំរុញជនជាតិអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ឱ្យបន្ថយកម្តៅនយោបាយ បន្ទាប់ពីលោក Donald Trump ឈ្នះការបោះឆ្នោតច្រើនលើសលុបលើអ្នកស្រី Kamala Harris ដោយបាននិយាយនៅក្នុងសុន្ទរកថាផ្សះផ្សាទៅកាន់ប្រជាជាតិថា លោកនឹងធានាឱ្យមានការផ្ទេរអំណាចដោយសន្តិវិធី។
នៅក្នុងសុន្ទរកថាដ៏ឧឡារិកមួយពីសេតវិមាន លោក Biden ក៏បាននិយាយផងដែរថា លទ្ធផលគួរតែ «បញ្ចប់» ការសង្ស័យអំពីសុចរិតភាពនៃប្រព័ន្ធបោះឆ្នោតអាមេរិក ដែលជំរុញដោយការបដិសេធរបស់លោក Trump ក្នុងការទទួលស្គាល់ការបរាជ័យផ្ទាល់ខ្លួនរបស់លោកក្នុងឆ្នាំ២០២០។
លោក Biden បាននិយាយថា៖ «អ្វីមួយដែលខ្ញុំសង្ឃឹមថាពួកយើងអាចធ្វើបាន មិនថាអ្នកបោះឆ្នោតឱ្យអ្នកណានោះទេ គឺការមិនមើលគ្នាទៅវិញទៅមកជាសត្រូវទេ ប៉ុន្តែជាបងប្អូនជនជាតិអាមេរិក។ហើយចូរនាំគ្នាបន្ថយកម្តៅ»។
បុគ្គលិកបានក្រោកឈរឡើង អបអរសាទរ និងទះដៃនៅពេលដែលលោក Biden មកដល់សួន Rose Garden ដ៏ល្បីល្បាញ។ អ្នកនយោបាយអាយុ ៨១ឆ្នាំរូបនេះ បានចាកចេញពីការប្រជែងនឹងលោក Trump កាលពីខែកក្កដា ហើយបានប្រគល់ការតែងតាំងពីគណបក្សប្រជាធិបតេយ្យទៅឱ្យអ្នកស្រី Kamala Harris ដែលជាអនុប្រធានាធិបតីរបស់លោក។
លោក Biden បាននិយាយថា លោកបានទូរសព្ទទៅលោក Trump មកពីគណបក្សសាធារណរដ្ឋដើម្បីអបអរសាទរអតីតប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ដោយសភាពីរដង ហើយធានាថាលោកនឹងមានការផ្តេរអំណាចដោយ «សន្តិវិធី និងមានសណ្តាប់ធ្នាប់»។
ពេលលោក Biden ក្លាយជាប្រធានាធិបតីក្នុងឆ្នាំ២០២០ លោក Trump បដិសេធមិនចូលរួមពិធីស្បថចូលកាន់តំណែងទេ។ តែលោកBiden បានបញ្ជាក់ថា៖ «នៅថ្ងៃទី ២០ ខែមករា យើងនឹងមានការផ្ទេរអំណាចដោយសន្តិវិធីនៅទីនេះ ក្នុងប្រទេសអាមេរិក»។
ប្រធានាធិបតីដែលចាកចេញពីតំណែងរូបនេះក៏បានជំរុញអ្នកគាំទ្រកុំឱ្យបាត់បង់ក្តីសង្ឃឹម បន្ទាប់ពីការជាប់ឆ្នោតឡើងវិញរបស់លោក Trump ដែលទំនងជានឹងរុះរើគោលនយោបាយជាច្រើនរបស់ Biden ភ្លាមៗនៅពេលលោកត្រឡប់ទៅសេតវិមាន។
លោកបានថ្លែងថា៖ «ត្រូវចាំថា ការបរាជ័យមិនមែនមានន័យថាយើងចាញ់នោះទេ។
ការអត្ថាធិប្បាយរបស់លោក Biden គឺផ្ទុយស្រឡះពីលោកមហាសេដ្ឋី Trump ដែលការបដិសេធការបោះឆ្នោតកាលពី ៤ ឆ្នាំមុន បានឈានដល់ការវាយលុកដ៏ឃោរឃៅថ្ងៃទី៦ ខែមករា ឆ្នាំ ២០២១ ដោយអ្នកគាំទ្ររបស់លោក Trump លើវិមានរដ្ឋសភារបស់សហរដ្ឋអាមេរិក។
លោក Biden បានអញ្ជើញលោក Trump ឱ្យជួបនៅសេតវិមាន សម្រាប់អ្វីដែលនឹងក្លាយជាការជួបគ្នាលើកដំបូងរបស់ពួកគេ ចាប់តាំងពីការជជែកដេញដោលដ៏មហន្តរាយរបស់លោក Biden ប្រឆាំងនឹងលោក Trump កាលពីខែមិថុនា ដែលបានបង្ខំឱ្យលោកចុះចេញពីការប្រកួតប្រជែង។
មេដឹកនាំពិភពលោកបានសន្យាយ៉ាងឆាប់រហ័សថា នឹងធ្វើការជាមួយលោក Trump ទោះបីជាមានការព្រួយបារម្ភនៅក្នុងពិភពលោកជាច្រើនអំពីគោលការណ៍ជាតិនិយម អាមេរិកជាចម្បង ឬ America First របស់លោក និងការសន្យាដាក់ពន្ធដ៏ច្រើនលើការនាំចូលពីបរទេស។
ប្រធានាធិបតីចិន លោក Xi Jinping បាននិយាយថា ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ត្រូវតែស្វែងរកវិធីមួយដើម្បី «ចុះសម្រុងគ្នា» នៅក្នុងសារមួយផ្ញើជូនលោក Trump ដោយអំពាវនាវឱ្យទំនាក់ទំនងទ្វេភាគីមាន«ស្ថិរភាព»៕