លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានថ្លែងថា លោកបានធ្វើកិច្ចសន្ទនាយ៉ាងល្អនិងទូលំទូលាយមួយជាមួយនឹងលោក Donald Trump ក្នុងអំឡុងពេលដែលប្រធានធិបតីជាប់ឆ្នោតរូបនេះបានអញ្ជើញមកកាន់សេតវិមានជាលើកដំបូង។
ថ្លែងនៅក្នុងការិយាល័យប្រធានាធិបតី Oval Office លោក អូបាម៉ា បានសង្កត់បញ្ជាក់ថា អាទិភាពទីមួយរបស់លោកគឺត្រូវផ្ទេរអំណាចដោយរលូន។
លោក Trump បានថ្លែងថា លោករំពឹងថានឹងធ្វើការជាមួយនឹងលោក អូបាម៉ា នាពេលអនាគត ដោយហៅការសហការគ្នានោះថាជាកិត្តិយសដ៏ខ្ពង់ខ្ពស់មួយ។
សេតវិមានបានឲ្យដឹងក្រោយជំនួបនៅក្នុងការិយាល័យប្រធានាធិបតីថា៖ «ការផ្ទេរអំណាចដោយសន្តិវិធីគឺជាគោលការណ៍ចម្បងនៃលទ្ធិប្រជាធិបតេយ្យ។ ស្ត្រីទីមួយ គឺលោកស្រី Michelle Obama បានជួបពិភាក្សាក្នុងលក្ខណៈឯកជនជាមួយនឹងភរិយារបស់លោក Trump គឺលោកស្រី Melania Trump អំពីជីវិត នៅកន្លែងរស់នៅឯកជនរបស់គ្រួសារប្រធានាធិបតី។
សេតវិមានបានឲ្យដឹងថា ក្រុមមន្ត្រីរបស់លោក អូបាម៉ា កំពុងធ្វើឲ្យប្រាកដថា លោក Trump និងក្រុមមន្ត្រីសំខាន់ៗមួយចំនួនដែលមិនទាន់បញ្ចេញឈ្មោះរបស់លោក បានត្រៀមខ្លួនតាំងពីថ្ងៃទីមួយ ដើម្បីការពារសន្តិសុខជាតិរបស់ពួកគេ។ ក្រុមមន្ត្រីសម្ងាត់និងក្រុមមន្ត្រីការពាររបស់អាមេរិកកំពុងចាប់ផ្តើមផ្តល់ព័ត៌មានពិស្តារប្រចាំថ្ងៃអំពីការគំរាមកំហែងទៅលើសន្តិសុខប្រទេសនិងប្រតិបត្តិការយោធានៅក្រៅប្រទេសដល់លោក Trump៕