លោក Trump រៀបចំ​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​​ Abraham នៃ​ការ​បង្កើត​ទំនាក់​ទំនង​​ផ្លូវ​ការ​រវាង​​អ៊ីស្រាអែល​ អេមីរ៉ាត​​អារ៉ាប់រួម និង​បារ៉ែន

(ពី​ឆ្វេង​ទៅ​ស្ដាំ) លោក Khalid រដ្ឋមន្ត្រី​ការបរទេស​ប៉ារ៉ែន លោក Netanyahu នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក​ Trump ប្រធានាធិបតីអាមេរិក និង​លោក Abdullah រដ្ឋមន្ត្រី​ការបរទេសអេមីរ៉ាត​​អារ៉ាប់រួមក្នុង​អំឡុងពេល​ចុះ​សន្ធិសញ្ញា Abraham នៅ​សេតវិមាន ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។

លោក​ប្រធានាធិបតី Donald Trump បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ពិធី​ចុះហត្ថលេខា​មួយក្នុង​សេតវិមាន​នៅ​ថ្ងៃ​អង្គារ ស្តីពី​ការ​បង្កើត​ទំនាក់​ទំនង​ជា​ផ្លូវ​ការ​រវាង​ប្រទេស​អ៊ីស្រាអែល​ និង​ប្រទេស​ក្នុង​ពិភព​អារ៉ាប់​ ដែល​រួម​មានអេមីរ៉ាតអារ៉ាប់រួម និង​ប្រទេស​បារ៉ែន។

លោក Trump បាន​ថ្លែង​ថា៖ «មេដឹកនាំ​ដ៏​មាន​ចក្ខុវិស័យ​ទាំង​នេះ​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្ដិភាព​ដំបូង​បំផុត​ចំនួន​ពីររវាង​អ៊ីស្រាអែល​ និង​រដ្ឋ​អារ៉ាប់​ នៅ​ក្នុង​រយៈ​ពេល​ជាង​២៥​ឆ្នាំ​មក​នេះ។ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ទាំង​មូល​របស់​អ៊ីស្រាអែល​ គេ​ធ្លាប់​សម្រេច​បាន​កិច្ច​ព្រមព្រៀង​បែប​នេះ​តែ​ពីរ​ដង​ប៉ុណ្ណោះ​ ហើយ​នៅ​ពេល​នេះ​យើង​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ចំនួន​ពីរ​ក្នុង​រយៈពេល​តែ​មួយ​ខែ»។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu រដ្ឋមន្ត្រី​ការបរទេសអេមីរ៉ាត​អារ៉ាប់រួម​លោក Abdullah bin Zayed និង​រដ្ឋមន្ត្រី​ការ​បរទេសបារ៉ែន​លោកAbdullatif bin Rashid al Zayani បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ដែល​មាន​ឈ្មោះ​ថា​ «កិច្ច​ព្រមព្រៀងAbraham» ដែល​សម្រេច​បាន​កាល​ពី​ថ្ងៃ​ទី​១៣​ខែ​សីហា។​

ក្រោម​កិច្ច​ព្រមព្រៀង​ Abraham នេះ​ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Netanyahu យល់​ព្រមបញ្ឈប់​នូវ​គម្រោងទន្ទ្រាន​យក​ផ្នែក​ខ្លះ​នៃ​តំបន់ West Bank ទៅ​ក្នុង​ការ​គ្រប់​គ្រង​របស់​អ៊ីស្រាអែល។​ ប៉ុន្តែ​អ្នកសង្កេតការណ៍​មួយ​ចំនួន​ថា​ កិច្ច​ព្រមព្រៀង​នេះជា​សញ្ញា​បន្ថែម​ថា​ មានការ​ផ្លាស់ប្តូរ​ឥទ្ធិពល​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ ដោយមានប្រទេស​ជា​ច្រើន​ក្នុង​ពិភព​អារ៉ាប់​កំពុង​ខិត​ទៅ​រកភាព​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​អ៊ីស្រាអែល​ ដោយ​ទុក​ចោល​ប៉ាឡេស្ទីន​ឲ្យ​នៅ​តែ​ឯង។​

រដ្ឋបាលលោក​ត្រាំ​បាន​ជួយ​ជ្រោមជ្រែង​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​រវាងអ៊ីស្រាអែល​ អេមីរ៉ាតអារ៉ាប់រួម និង​បារ៉ែន ដោយ​ចាត់​ទុក​ថា​ នេះ​ជា​ជោគជ័យ​ក្នុង​គោល​នយោបាយ​ការបរទេស​ដ៏​សំខាន់​សម្រាប់​សហរដ្ឋអាមេរិក​ នៅ​ពេល​ដែល​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ នៅ​សល់​តែ​២​ខែ​ទៀត​ប៉ុណ្ណោះ​ គឺ​នៅ​ថ្ងៃ​ទី​៣​ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

​លោក Joe Biden ដែល​ជា​គូប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក Trump នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ខាង​មុខ បានឆ្លើយ​តប​នឹង​សំណួរ​របស់វីអូអេនា​ពេល​ថ្មីៗ​នេះ​ថា លោក​គាំទ្រ​ឲ្យ​ប្រទេសកាន់​តែ​ច្រើន​បង្កើត​ទំនាក់ទំនង​ការ​ទូត​ជាមួយ​អ៊ីស្រាអែល ប៉ុន្តែ​លោកថា លោក​ជឿ​ថា «អ៊ីស្រាអែល​ត្រូវ​ត្រៀមខ្លួន​ធ្វើ​ការ​ឆ្ពោះ​ទៅ​សម្រេច​ឲ្យ​បាន​នូវ​ដំណោះស្រាយ​សន្តិភាព​ពីរ​រដ្ឋ​ពិត​ប្រាកដ​មួយ» ជាមួយ​នឹង​ប៉ាឡេស្ទីន៕