លោកប្រធានាធិបតីស.រ.អា. Donald Trump បានទទួលសេចក្តីអញ្ជើញពីលោកប្រធានាធិបតីចិន Xi Jinping ឱ្យលោកអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋមួយក្នុងក្រុងប៉េកាំងនៅពេលបន្ទាប់មកទៀតក្នុងឆ្នាំនេះ ទោះណាជាមិនទាន់មានការកំណត់ថ្ងៃខែនៃទស្សនកិច្ចនេះក៏ដោយ។
ដំណឹងនេះមានឡើងនៅក្នុងការនិយាយត្រួសៗប្រាប់ពួកអ្នកកាសែតដោយរដ្ឋមន្ត្រីស.រ.អ.បីនាក់នៅពេលលោក Trump និងលោក Xi ជួបគ្នានៅឯកន្លែងសម្រាកកាយ Mar-a-Largo របស់លោក Trump នៅក្នុងរដ្ឋ Florida ហើយបណ្តាញផ្សាយព័ត៌មានចិនក៏បានបញ្ជាក់ថាជាការពិតដែរ។ គ្មានការលាតត្រដាងឱ្យដឹងអំពីសេចក្តីល្អិតល្អន់ថែមទៀតនៃទស្សនកិច្ចរបស់លោក Trump ក្នុងប្រទេសចិនទេ។
លោក Wilbur Ross រដ្ឋមន្ត្រីពាណិជ្ជកម្មស.រ.អា. បាននិយាយប្រាប់ពួកអ្នកកាសែតថាស.រ.អា.មានផែនការសកម្មភាព១០០ថ្ងៃអំពីពាណិជ្ជកម្មជាមួយប្រទេសចិន។ លោកបាននិយាយថាផែនការនេះ «មានល្បឿនលឿន» ហើយមានរួមបញ្ចូល «ការបញ្ជាក់អំពីសមិទ្ធិផល» ផងដែរ ក៏ប៉ុន្តែលោកបានផ្តល់សេចក្តីល្អិតល្អន់បន្ថែមតែបន្តិចបន្តួច។
លោករដ្ឋមន្ត្រីការបរទេសស.រ.អា. Rex Tillersonបាននិយាយថាមេដឹកនាំទាំងពីរនាក់នេះបានពិភាក្សាគ្នាអំពីបញ្ហាប្រទេសកូរ៉េខាងជើងហើយបានយល់ស្របគ្នាថាបញ្ហាបង្កើនគ្រឿងអាវុធដោយរដ្ឋាភិបាលក្រុងព្យុងយ៉ាង បានកើនឡើងដល់ដំណាក់កាលធ្ងន់ធ្ងរខ្លាំងណាស់ហើយ។ លោក Tillerson បានថ្លែងថាស.រ.អា.និងប្រទេសចិនប្តេជ្ញាថានឹងធ្វើកុំឱ្យឧបទ្វីបកូរ៉េមានអាវុធបរមាណូហើយយល់ព្រមបង្កើនសហការគ្នាដើម្បីឱ្យបានសម្រេចគោលដៅនេះ៕