នៅក្នុងលិខិតមួយទៅកាន់លោក Comey កាលពីថ្ងៃអង្គារ លោកប្រធានាធិបតី Donald Trump ប្រាប់ដល់លោកថា «អ្នកត្រូវបានបញ្ឈប់ពីការងារចាប់ពីពេលនេះទៅ»។ លោកប្រធានាធិបតីបានបន្ថែមថា លោក Comey «មិនអាចដឹកនាំការិយាល័យនេះប្រកបដោយប្រសិទ្ធភាពបាននោះទេ»។
ប្រធាន FBI ត្រូវបានតែងតាំងតែម្តងគត់ដោយមានអាណត្តិរយៈពេល១០ឆ្នាំ។ លោក Comey ត្រូវបានតែងតាំងកាលពី៤ឆ្នាំមុន។
លោក Comey កំពុងតែថ្លែងទៅកាន់បុគ្គលិកFBI មួយក្រុមនៅក្នុងរដ្ឋ California នៅពេលដែលលោកដឹងថា ខ្លួនត្រូវបានគេបញ្ឈប់ពីការងារ។ សេចក្តីរាយការណ៍នានារបស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា លោកបានឃើញគេផ្សាយលើកញ្ចក់ទូរទស្សន៍អំពីការបណ្តេញលោកចេញពីការងារ ប៉ុន្តែលោកគិតថា គ្រាន់តែជាការសម្តែងលេងសើចតែប៉ុណ្ណោះ។ មកទល់នឹងពេលនេះ លោកនៅមិនទាន់បានធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈអ្វីនៅឡើយទេ។
មូលហេតុដែលលោក Comey ត្រូវបានគេបណ្តេញចេញពីការងារ ត្រូវបានសរសេរនៅក្នុងលិខិត២ច្បាប់ដាច់ដោយឡែកពីគ្នា ដោយលោក Jeff Sessions រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក Rod Rosenstein ដែលជាអនុរដ្ឋមន្ត្រីរបស់លោក។ ពួកគេបានចោទប្រកាន់លោក Comey ថាបានរំលងច្បាប់។
លោកRosenstein បានសរសេរថា លោក Comey «បានធ្វើកំហុសដ៏ធ្ងន់ធ្ងរ» ចំពោះការសន្និដ្ឋានអំពីការស៊ើបអង្កេតទៅលើអ៊ីមែលរបស់លោកស្រី Hillary Clinton ដែលជាគូប្រជែងរបស់លោក Trump នៅក្នុងការបោះឆ្នោតជាតិ។ លោកបានចោទប្រកាន់ប្រធានFBI ថា ដណ្តើមអំណាចរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅពេលដែល លោក Comey បានសន្និដ្ឋានថា គួរតែគ្មានការប្តឹងផ្តល់លោកស្រីអតីតរដ្ឋមន្ត្រីការបរទេសនោះទេ។
នៅមិនទាន់ច្បាស់នៅឡើយទេ ថាហេតុអ្វីបានជាលោក Trump ចាត់វិធានការនៅពេលនេះ ខណៈដែលរឿងរ៉ាវនេះបានកើតឡើងអស់រយៈពេលរាប់ខែមកហើយ តាំងពីមុនលោកទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីខែវិច្ឆិកាកន្លងទៅម្ល៉េះ។
សមាជិកខាងគណបក្សសាធារណរដ្ឋម្នាក់នៃគណៈកម្មាធិការអង្គចៅក្រមនៃព្រឹទ្ធសភា គឺលោក Lindsey Graham បាននិយាយថា ដោយសារតែភាពចម្រូងចម្រាសថ្មីៗនេះពាក់ព័ន្ធនឹងលោកComey ខ្ញុំជឿថា ការចាប់ផ្តើមដ៏ថ្មីស្រឡាងមួយនឹងជួយដល់ FBI និងប្រទេសជាតិបានយ៉ាងល្អ»។
ប៉ុន្តែចំពោះសមាជិកសភាដទៃទៀតខាងគណបក្សសាធារណរដ្ឋ វិធានការរបស់លោកប្រធានាធិបតីបណ្តាលឲ្យមានអ្នកមិនពេញចិត្ត។
លោក Richard Burr ប្រធានគណៈកម្មាធិការពិសេសរបស់ព្រឹទ្ធសភាសម្រាប់ការស៊ើបអង្កេតបាននិយាយថា លោកមានការមិនពេញចិត្តចំពោះពេលវេលានិងមូលហេតុដែលបញ្ឈប់ការងាររបស់លោក Comey។ លោកបានហៅការបញ្ឈប់ការងារលោក Comey នេះ ថា «ជាការបាត់បង់មួយសម្រាប់ការិយាល័យនិងប្រទេសជាតិ»។
លោក John McCain សមាជិកខាងគណបក្សសាធារណរដ្ឋ ដែលជាសមាជិកនៃគណៈកម្មាធិការសន្តិសុខមាតុភូមិនិងកិច្ចការរដ្ឋាភិបាល បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខណៈដែលលោកប្រធានាធិបតីមានយុត្តាធិការផ្លូវច្បាប់ក្នុងការដកតំណែងលោកប្រធាន FBI ខ្ញុំមានការមិនពេញចិត្តនោះទេចំពោះសេចក្តីសម្រេចចិត្តរបស់លោកប្រធានាធិបតី ក្នុងការដកលោក James Comey ចេញពីតំណែង»។
សមាជិកព្រឹទ្ធសភាម្នាក់ទៀតខាងគណបក្សសាធារណរដ្ឋ គឺលោក Jeff Flake បាននិយាយលើបណ្តាញសង្គម Twitter ថា លោក«បានចំណាយពេលវេលាប៉ុន្មានម៉ោងដើម្បីព្យាយាមគិតពីហេតុផលសមស្របដែលលោក Comey ត្រូវបានគេបញ្ឈប់ភ្លាមៗ។ ប៉ុន្តែខ្ញុំគិតមិនឃើញនោះទេ»។
លោកសមាជិកសភា Justin Amash ខាងគណបក្សសាធារណរដ្ឋនៃគណៈកម្មាធិការ House Freedom Caucus បាននិយាយលើបណ្តាញសង្គម Twitter ថា លោក«កំពុងតែពិនិត្យឡើងវិញទៅលើផ្លូវច្បាប់ក្នុងបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីពិនិត្យមើលករណីរុស្ស៊ី និងបានប្រើពាក្យថា «ចម្លែក» ទៅលើឯកសារយោងរបស់លោក Trump នៅក្នុងលិខិតបញ្ឈប់ការងារដែលផ្ញើទៅកាន់លោក Comey ដែលគូសបញ្ជាក់ថា ប្រធាន FBI បានធានាដល់លោកប្រធានាធិបតីម្តងហើយម្តងទៀតថា លោកប្រធានាធិបតីមិនស្ថិតក្រោមការស៊ើបអង្កេតនោះទេ។
សមាជិកខាងគណបក្សប្រជាធិបតេយ្យនៃគណៈកម្មាធិការអង្គចៅក្រមនៃព្រឹទ្ធសភា បានហៅវិធានការរបស់លោក Trump ថា "Nixonian" ដោយសំដៅទៅលើការដកតំណែងមន្ត្រីរបស់លោកប្រធានាធិបតី Richard Nixon ដែលស៊ើបអង្កេតរូបលោកក្នុងអំឡុងពេលដែលមានរឿងអាស្រូវ Watergate កាលពីដើមទសវត្សរ៍១៩៧០។
សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យកំពុងតែអំពាវនាវឲ្យតែងតាំងរដ្ឋអាជ្ញាពិសេសម្នាក់ដើម្បីបន្តការស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌ ទៅលើការប្រកាន់នៃចំណងទាក់ទងរវាងយុទ្ធនាការរបស់លោកប្រធានាធិបតី Trump កាលពីឆ្នាំមុន ជាមួយនឹងរុស្ស៊ី។
លោក Dick Durbin ខាងគណបក្សប្រជាធិបតេយ្យ ដែលជាសមាជិករបស់គណៈកម្មាធិការអង្គចៅក្រម បានថែ្លងនៅក្នុងព្រឹទ្ធសភាថា ការប៉ុនប៉ងណាមួយក្នុងការបញ្ឈប់ឬបន្ទាបតម្លៃនៃការស៊ើបអង្កេតរបស់ FBI ទៅលើការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងយុទ្ធនាការប្រធានាធិបតី «នឹងបង្កឲ្យមានបញ្ហាធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ»។
លោក Chuck Schumer មេដឹកនាំក្រុមភាគតិចនៅក្នុងសភា បានថ្លែងទៅកាន់លោក Trump ថា «អ្នកកំពុងតែបង្កើតកំហុសដ៏ធំមួយ» ដោយការបញ្ឈប់ការងារលោក Comey ខណៈដែលមានការស៊ើបអង្កេតមួយចំនួនពាក់ព័ន្ធនឹងយុទ្ធនាការជ្រើសរើសប្រធានាធិបតីឆ្នាំ២០១៦។
លោក Schumer បានបន្ថែមថា «ហេតុអ្វីបានជាធ្វើឥឡូវនេះ? តើអ្នកដែលនឹងត្រូវគេសង្ស័យព្យាយាមលាក់បាំងខ្លួនឯងឬ? ពិតណាស់»។
«កំណត់ហេតុរបស់លោក Rosenstein គឺផ្អែកទៅលើគោលការណ៍រយៈពេលវែង ដែលគ្រប់គ្រងទៅលើការស៊ើបអង្កេតឧក្រិដ្ឋកម្ម ប៉ុន្តែពេលវេលា គឺជាបញ្ហានិងជាការព្រួយបារម្ភ»។ នេះបើយោងតាមសម្តីរបស់លោកសាស្ត្រាចារ្យ Jonathan Turley នៃសាកលវិទ្យាល័យ George Washington ដែលបានថ្លែងប្រាប់ VOA។
ប៉ុន្មានម៉ោងបន្ទាប់ពីការបញ្ឈប់ការងាររបស់លោក Comey សារព័ត៌មាន CNN បានរាយការណ៍ថា ដីកាកោះហៅរបស់ក្រុមប្រឹក្សាតុលាការទើបតែចេញក្នុងក្រុង Alexandria រដ្ឋ Virginia ពាក់ព័ន្ធនឹងការស៊ើបអង្កេតទៅលើរុស្ស៊ីរបស់ FBI ដែលព្យាយាមស្វែងរកឯកសារជំនួញពីជំនួញការរបស់លោក Michael Flynn ដែលលោក Trump បានដកតំណែងជាទីប្រឹក្សាសន្តិសុខជាតិ។
ដីកាកោះហៅនោះនឹងក្លាយជាសកម្មភាពសំខាន់ទីមួយដែលគេបានដឹងឮនៅក្នុងការស៊ើបអង្កេតរបស់រដ្ឋាភិបាលទៅលើទំនាក់ទំនងរវាងសហការីនៅក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីរបស់លោក Trump និងរុស្ស៊ី។
កាលពីព្រឹកថ្ងៃអង្គារ FBIបានប្រាប់ទៅសភាថា លោក Comey បានពន្លើសការរកឃើញដ៏សំខាន់មួយនៅក្នុងការស៊ើបអង្កេតអ៊ីមែលរបស់លោកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យ ក្នុងអំឡុងពេលដែលលោកផ្តល់សក្ខីកម្មក្នុងសភាកាលពីសប្តាហ៍មុន។
FBI បានឲ្យដឹងថា លោក Comey បាននិយាយបំផ្លើសនៅពេលដែលលោកបានថ្លែងទៅកាន់គណៈកម្មាធិការស៊ើបការរបស់សភាថា ទីប្រឹក្សារបស់លោកស្រី Clinton ម្នាក់ គឺលោកស្រី Huma Abedin បានផ្ញើអ៊ីមែល«រាប់ពាន់»របស់លោកស្រី Clintonពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៣ នៅពេលដែលលោកស្រីនៅជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ទៅឲ្យលោក Abedin ដែលជាស្វាមីរបស់ខ្លួន ដែលបានបែកបាក់គ្នាទៅហើយនោះ។ ការផ្ញើអ៊ីមែលនេះបានធ្វើឲ្យលោកសមាជិកសភា Anthony Weiner មានការអាប់ឱនកិត្តិយស។ ក្រុមមន្ត្រីនិយាយថា តួលេខពិតប្រាកដនៃអ៊ីមែលដែលបានផ្ញើចេញនោះ មានតិចជាងនេះឆ្ងាយណាស់៕
ប្រែសម្រួលដោយ ហុង ចិន្តា