​ប្រធានាធិបតី​ត្រាំ​​នឹង​ចូល​រួម​​ពិធី​បុណ្យ​ឯករាជ្យ​នៅ​ភ្នំ Rushmore ដែល​មិន​តម្រូវ​ឲ្យ​​ពាក់ម៉ាស់​ឬ​រក្សា​គម្លាត

អ្នក​ទេសចរ​នៅ​ឧទ្យាន​ជាតិ​ភ្នំ Rushmore នៅ​ក្នុង​រដ្ឋ South Dakota កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្ដដា ​ឆ្នាំ​២០២០។

លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ​របស់​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​សុក្រ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​វិមាន​ភ្នំ Mount Rushmore នៅ​រដ្ឋ South Dakota​ដើម្បី​ចូល​រួម​ពីធី​បុណ្យ​ឯករាជ្យ​ជាតិ​មួយ​ថ្ងៃ​មុន​ពិធី​បុណ្យ​ផ្លូវការ ហើយ​ពិធី​នេះ​ត្រូវ​រពឹង​ថា​នឹង​មាន​ការ​ចូល​រួម​ពី​មនុស្ស​រាប់​ពាន់​នាក់។

ថ្វី​បើ​សហរដ្ឋ​អាមេរិក​កំពុង​មាន​ករណី​ឆ្លង​កូវីដ១៩​ច្រើន​ជាង​គេក្នុង​ពិភពលោក​ក្តី ក៏​មន្ត្រី​ក្នុង​រដ្ឋ South Dakota ថា​ពួក​គេ​នឹង​មិន​តម្រូវ​ឲ្យ​មាន​ការ​ពាក់​ម៉ាស់​ឬ​រក្សា​គម្លាត​ពី​គ្នា​នៅ​ក្នុង​ពិធីនោះ​ទេ។ ម៉ាស់​នឹង​ត្រូវ​គេ​ចែកជូន​សម្រាប់​អ្នក​ចង់​បាន។

កាសែត​The Washington Post បាន​រាយការណ៍​ថា លោក​អនុប្រធានាធិបតី Mike Pence បាន​ពន្យារ​ទស្សនកិច្ច​លោក​មួយ​ថ្ងៃ​ទៅ​កាន់​រដ្ឋ Arizona ក្រោយ​ពីកង​ការពារ​សម្ងាត់ Secret Service ម្នាក់​បាន​ធ្លាក់​ខ្លួន​ឈឺ​និង​មាន​ចេញ​រោគសញ្ញា​កូវីដ១៩។​

កាល​ពី​ថ្ងៃ​ព្រស្បតិ៍ សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​អំពី​ចំនួន​ឆ្លង​កូវីដ១៩​ថ្មី​ជាង​៥០.០០០​ករណី ដោយ​ចំនួនពាក់កណ្តាលចេញ​មក​ពី​រដ្ឋ​បួន គឺ Arizona California Florida និង Texas។

ត្រឹម​ថ្ងៃ​សុក្រ​នៅ​ជុំ​វិញ​ពិភពលោក​វីរុស​កូរ៉ូណា​បាន​ឆ្លង​ដល់​មនុស្ស​ជាង​១០​,៩លាន​នាក់ ហើយ​ជំងឺ​កូវីដ១៩​បាន​សម្លាប់​មនុស្សជាង​៥២១.០០០​នាក់៕