អត្ថាធិប្បាយ​របស់​ប្រធានា​ធិបតី​អាមេរិកធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​បោះ​ឆ្នោត​នៅ​កូរ៉េខាង​ត្បូង

  • Brian​ Padden

បេក្ខជន​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in ពាក់​អាវ​ពណ៌ខៀវ​ ខាង​ឆ្វេង មក​ពី​គណបក្ស​ប្រជាធិបតេយ្យ កាន់​ទង់​ជាតិ​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត កាល​ពី​ថ្ងៃទី​៤ ខែឧសភា នៅ​ទីក្រុង Goyang ប្រទេស​កូរ៉េ​ខាង​ត្បូង។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ​ អាច​ក្លាយ​ជា​កត្តា​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានា​ធិបតី​ប្រទេស​កូរ៉េខាង​ត្បូង​ នៅ​ថ្ងៃ​ទី​៩ ​ខែ​ឧសភា​នេះ។

​ការ​រិះគន់​ប្រកប​ដោយ​ភាព​ចម្រូង​ចម្រាស​របស់​ប្រធានា​ធិបតី​ត្រាំ ទៅ​លើ​សម្ព័ន្ធ​មិត្តខាង​យោ​ធា​ដ៏​សំខាន់​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​នេះ​ ​កំពុង​ធ្វើ​ឲ្យ​មាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​ឡើង​ដល់​បេក្ខជន​ប្រធានា​ធិបតី​ដែល​បាន​ជំទាស់​ប្រឆាំង​យ៉ាង​ខ្លាំង​បំផុត​ដល់​គោល​នយោបាយ​ដ៏​តឹង​តែង​របស់​សហរដ្ឋ​អាមេរិក​ស្តី​ពី​ប្រទេស​កូរ៉េខាង​ជើង។

ពួក​អ្នក​គាំទ្រ​របស់​លោក ​Moon Jae-In​ កំពុង​រាំ​នៅ​តាម​ផ្លូវ។ បេក្ខជន​គណបក្ស​ប្រជា​ធិបតេយ្យ​សេរីកូរ៉េ​រូប​នេះ​ បាន​ទទួល​ការ​គាំទ្រ​កើន​ឡើង​យ៉ាង​ខ្លាំង​ដោយ​នាំ​មុខ​គូ​ប្រកួត​ប្រជែង​របស់​លោក​ចំនួន​២០​ពិន្ទុ​ នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​ដែល​បាន​ធ្វើ​ឡើង​មុន​ការ​បោះ​ឆ្នោត។

ការ​នាំ​មុខ​របស់​លោក​ Moon ​នៅ​ក្នុង​ការ​ស្ទង់មតិ​តាម​ពិត​កើន​ឡើង​បន្ទាប់​ពី​លោក​បាន​ជំទាស់នឹង​ការ​ទាម​ទារ​របស់​ប្រធានា​ធិប​តី​អាមេរិក ​ដូណាល់ ​ត្រាំ​ ឲ្យ​ប្រទេស​កូរ៉េខាង​ត្បូង​បង់​ប្រាក់​១​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រព័ន្ធ​ការពារ​កាំ​ជ្រួច​មីស៊ីល THAAD។ លោក Song Jung-Bin នៃ​គណបក្ស​ប្រជាធិបតេយ្យ​កូរ៉េ ​បាន​និ​យាយ​ថា៖ «គណបក្ស​របស់​យើង​គិត​ថា ប្រព័ន្ធ​ការពារ​កាំជ្រួច THAAD ត្រូវ​តែ​ធ្វើ​ការ​ចរចា​ឡើង​វិញ​ដើម្បី​កែសម្រួល​ការ​បែង​ចែក​សោហ៊ុយ​ដូច​ដែល​រដ្ឋាភិបាល​មុន​ៗបាន​ធ្វើ‍»។

បេក្ខជន​នាំ​មុខ​រូប​នេះ​គាំទ្រ​សម្ព័ន្ធ​ភាព​ជាមួយ​សហរដ្ឋ​អាមេរិក ​ក៏ប៉ុន្តែ ​បាន​ជជែក​លើក​ហេតុផល​ថា ​គោល​នយោបាយ​សហរដ្ឋ​អាមេរិកដែល​សង្កត់​ធ្ងន់​ពីការ​ដាក់​សម្ពាធ​ខាង​យោ​ធានិង​ដាក់​ទណ្ឌកម្ម​នោះ ​នឹង​មិន​ដោះ​ស្រាយ​ការ​គំរាម​កំហែង​ដោយ​នុយក្លេអ៊ែរ​ទេ។

លោក ​Moon​ ចង់​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​តាម​រយៈ​ការ​សន្ទនា​និង​ការ​ចូល​រួម​ពាក់​ព័ន្ធ ​ហើយ​បាន​អំពាវនាវ​ឲ្យ​ពន្យារ​ពេល​ការ​ដាក់​ពង្រាយប្រព័ន្ធ​ការពា​កាំជ្រួច​ THAAD ដែល​បាន​បណ្តាល​ឲ្យ​មានការ​ព្រួយ​កង្វល់​ខាង​សន្តិសុខ​សាធារណៈ ​និង​ការ​សង​សឹក​ខាង​សេដ្ឋកិច្ច​របស់​ចិន​លើ​វិស័យ​ទេសចរណ៍​និង​ការនាំ​ចូល​ទំនិញ។

លោក Ahn Cheol-sooបេក្ខជន​គណបក្សប្រជា​ជន​និង​ជាគូ​ប្រកួត​ប្រជែង​ខាង​សេរីនិយម ​បាន​គាំទ្រ​គោល​ជំហរ​ដែល​លំអៀង​សហរដ្ឋ​អាមេរិក​កាន់​តែ​ខ្លាំង​ឡើង​ស្តីពី​ប្រព័ន្ធ​កាំជ្រួច ​THAAD​ និង​វិស័យ​ការពារ​ប្រទេស​ ក៏ប៉ុន្តែ​បាន​ទទួល​ការ​ធ្លាក់​ចុះ​អត្រា​ គាំទ្រ​របស់​លោក​នៅ​ក្នុង​ការ​ស្ទង់​មតិ​ ថ្វី​បើ​លោក​បាន​ជំទាស់​យ៉ាង​ខ្លាំង​ទៅ​នឹង​ការទារ​ប្រាក់​១​ពាន់​លាន​ដុល្លារ​របស់​លោក​ ត្រាំ ​ក៏ដោយ។

ពួក​អភិរក្ស​និយម​ដែល​ដឹកនាំ​ដោយ​លោក​ Hong Joon-pyo​ បេក្ខជន​ប្រធានាធិបតី​គណបក្ស​សេរី​និយម​កូរ៉េ​បាន​ខិត​ខំឲ្យ​បាន​ទទួល​ការ​ទុក​ចិត្តពី​សាធារណជន​ឡើង​វិញ​បន្ទាប់​ពី​ការ​ប្តឹង​ចោទ​ប្រកាន់​លោក​ ស្រី Park Guen-hye ​អតីត​ប្រធានាធិបតី​លើរឿង​អាស្រូវ​ពុករលួយ។ ការ​ដក​លោកស្រី​ចេញ​ពី​តំណែង​ញ៉ាំង​ឲ្យ​មានការ​បោះឆ្នោត​ប្រធានាធិបតី​នេះ​មុន​ពេល​កំណត់​នេះ។

ពួក​អ្នកគាំទ្រ​របស់​លោក​ Hong​ និយាយ​ថា​ ការ​គាំទ្រ​ឥត​ងាក​រេ​របស់​បេក្ខជន​រូបនេះ​ដល់​ប្រព័ន្ធ​ការពារ​កាំ​ជ្រួច​ THAAD និង​ការ​ដាក់​ពង្រាយ​អាវុធនុយក្លេអ៊ែរ​កលយុទ្ធ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ​នឹង​ទទួល​បាន​ការគាំទ្រ​មក​ពី​ក្រុម​គាំទ្រ​ខាង​សន្តិសុខ​ជាតិ​ភាគ​ច្រើន​ដែល​បណ្តាញ​ព័ត៌មាន​សេរី​មិន​បាន​រាយការណ៍។

«នៅ​ពេល​បច្ចុប្បន្ន​នេះក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​ ​មនុស្ស​ជា​ច្រើន​កំពុង​លាក់​ការ​គិត​និង​ការ​បោះឆ្នោត​របស់​ខ្លួន‍»។

ក៏ប៉ុន្តែ ​អត្ថា​ធិប្បាយ​របស់​លោក​ប្រធានា​ធិបតី​ ត្រាំ ​មិន​ត្រឹម​តែ​និយាយ​អំពី​បញ្ហា​ប្រព័ន្ធ​ការពារ​កាំជ្រួច ​THAAD​ ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​បាន​ហៅ​មេដឹកនាំ​កូរ៉េខាង​ជើង​ Kim Jong Un ​ថា​ឆ្លាតខាង​ការ​ក្តោប​ក្តាប់​អំណាច​បែប​ព្រៃ​ផ្សៃ ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កា​រគាំទ្រ​សហរដ្ឋ​អាមេរិក​ក្នុង​ចំណោម​ពួក​អភិរក្ស​និយម​ស្តាំ​និយម​ខ្លះ​ដែល​បាន​កាន់​កាប់កន្លែងតវ៉ា​ប្រ​ឆាំង​នៅ​ខាង​មុខ​សាលា​ក្រុង​សេអ៊ូល។

លោក Hwang Eung-Joo អ្នក​តវ៉ា​ម្នាក់​នៅ​ជំរំ​ស្នេហា​ជាតិ​និយាយ​ថា៖ «ខ្ញុំ​ខឹង​សហរដ្ឋ​អាមេរិកយ៉ាង​ខ្លាំង​ពី​ព្រោះ​តែ​អត្ថាធិប្បាយ​កាលពី​ពេល​ថ្មីៗ​នេះ​របស់​ប្រធានា​ធិបតី​ត្រាំ‍»។

ភាព​អន្ទះ​អន្ទែង​ដោយសារ​តែ​ប្រធានា​ធិបតី​ ត្រាំ ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សំឡេង​ឆ្នោតរបស់​ពួក​ខាង​អភិរក្ស​និយម​ខណៈ​ដែល​វា​បាន​បង្កើន​សំឡេង​ឆ្នោត​ដល់​ពួក​សេរីនិយម​ដែល​ចង់​ឲ្យ​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូងថ្មីងើប​ឈរ​ប្រឆាំង​ការ​ដាក់​សម្ពាធ​ពី​សហរដ្ឋ​អាមេរិក៕

ប្រែសម្រួល​ដោយ ​ជឹង ​ប៉ូជីន