បាងកក៖ តុលាការកម្ពុជាបានចាប់ផ្តើមសាកសួរលើសំណុំរឿងជនជាតិថៃ៧នាក់ ដែលអាជ្ញាធរកម្ពុជាចាប់ខ្លួនកាលពីខែមុន ពីបទឆ្លងចូលទឹកដីខ្មែរខុសច្បាប់។ ករណីនេះ បាននាំឲ្យមានការសង្ស័យអំពីចំណងទាក់ទងជិតស្និទ្ធរបស់រដ្ឋាភិបាលជាមួយក្រុមអ្នកជាតិនិយមគឺសម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ។
ជនជាតិថៃទាំង៧នាក់នេះ ដែលរួមមានសមាជិកសភាម្នាក់ផង ត្រូវបាននាំខ្លួនឡើងតុលាការក្រុងភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះ។ អ្នកជាប់ចោទទាំងនេះត្រូវចាប់ឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែធ្នូ ក្រោយពីបានឆ្លងដែនចូលមកក្នុងទឹកដីប្រទេសកម្ពុជា។
ប្រសិនបើតុលាការរកឃើញថា មានទោសកំហុសពីបទឆ្លងដែននិងចូលក្នុងតំបន់យោធាដោយខុសច្បាប់ នោះជនជាប់ចោទទាំង៧នាក់នេះអាចនឹងជាប់ពន្ធនាគាររហូតដល់ទៅ១៨ខែ។
លោក ប៉ានីច វីគិតស្រេត (Panich Vikitsreth) ដែលជាមេដឹកនាំក្រុមនេះគឺជាសមាជិកនៃគណបក្សប្រជាធិបតេយ្យរបស់លោកនាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីត វិចាជីវ៉ា។
ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននោះក៏មានលោក វីរ៉ា ក្វាមស៊ុមគីត (Veera Somkwamkid) អតីតមេដឹកនាំសម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យនិងជាសមាជិកបណ្តាញអ្នកស្នេហាជាតិថៃដែលជាសាខារបស់សម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ។ លោក វីរ៉ាត្រូវគេឃាត់ខ្លួនរយៈពេលខ្លី កាលពីឆ្នាំទៅ នៅក្នុងតំបន់ដដែលនេះប៉ុន្តែត្រូវបានបញ្ជូនខ្លួនភ្លាមៗទៅប្រទេសថៃ។
បណ្តាញអ្នកស្នេហាជាតិថៃនិយាយថា ពលរដ្ឋខ្មែរកាន់កាប់ទឹកដីថៃតាមបណ្តោយព្រំដែនក្នុងខេត្តស្រះកែវដែលនៅចម្ងាយ២៤៥គីឡូម៉ែត្រពីទីក្រុងបាងកក។
លោក ធីទីណាន់ ពង្សុធីរ៉ាក់ (Thitinan Pongsudhirak) អ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យជូឡាឡុងកន (Chulalong Korn) និយាយថា មានភស្តុតាងបង្ហាញពីចេតនាឆ្លងព្រំដែនចូលទៅក្នុងប្រទេសកម្ពុជា។
«វីដេអូ ភស្តុតាងមានរហូតមកដល់ពេលនេះ ហើយនឹងសេចក្តីថ្លែងការណ៍នៅក្រសួងការបរទេស ដែលរួមមានមន្ត្រីជាន់ខ្ពស់ផងបានលើកឡើងថាជនជាតិថៃ៧នាក់ ដែលត្រូវឃាត់ចាប់ខ្លួននេះ ពិតជាបានឆ្លងដែនចូលទៅក្នុងទឹកដីកម្ពុជា។ ប៉ុន្តែអ្វីដែលបង្ហាញអំពីអ្នកស្នេហាជាតិថៃ ឬបណ្តាញអ្នកស្នេហាជាតិថៃគឺថាគេមានចេតនាបង្ករឿង»។
ក្នុងវីដេអូ ដែលដាក់តាមបណ្តាញអ៊ីនធឺណិតគេឃើញលោកប៉ានីចនិយាយតាមទូរស័ព្ទដៃថាលោកបានឆ្លងដែនចូលទៅក្នុងប្រទេសកម្ពុជាហើយលោកបានសុំឲ្យប្រាប់រឿងនេះទៅលេខារបស់លោកអាប់ភីស៊ីត។
លោក ធីទីណាន់ និយាយថា ឧបត្តិហេតុនេះបង្ហាញពីឥទ្ធិពលរបស់សម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យទៅលើរដ្ឋាភិបាលរបស់លោកអាប់ភីស៊ីត។ បណ្តាញអ្នកស្នេហាជាតិថៃមានតួនាទីសំខាន់ក្នុងការតវ៉ា ដែលនាំឲ្យមានរដ្ឋប្រហារយោធាបណ្តេញអតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ីន ស៊ីណាវ៉ាត់ចេញពីតំណែង កាលពីឆ្នាំ២០០៦។ ហើយកាលពីឆ្នាំ២០០៨ បាតុករនៃសម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យបានបិទអាកាសយានដ្ឋានក្នុងទីក្រុងបាងកក ហើយបានចូលកាន់កាប់អាគារការិយាល័យនាយករដ្ឋមន្ត្រី រហូតដល់តុលាការសម្រេចដករដ្ឋាភិបាលចំនួន២ដែលគាំទ្រលោកថាក់ស៊ីន។
បន្ទាប់មក តាមរយៈកលល្បិចនៅរដ្ឋសភាបានឲ្យលោកអាប់ភីស៊ីតឡើងកាន់អំណាច។ លោកធីទីណាន់ និយាយថា ឥឡូវនេះចំណងទាក់ទងជាមួយសម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យទាំងនេះបានបង្កការលំបាកដល់រដ្ឋាភិបាល។
«នេះជាការរំឭកប្រាប់ថា ការទទួលខុសត្រូវបណ្តាលមកពីមានចំណងទាក់ទងជិតស្និទ្ធជាមួយបណ្តាញអ្នកស្នេហាជាតិថៃនោះបានវិលត្រឡប់មកតាមលង និងវាយសំពងគណបក្សប្រជាធិបតេយ្យនិងរដ្ឋាភិបាលរបស់លោកអាប់ភីស៊ីត។ បញ្ហានេះក៏បង្ហាញផងដែរថារដ្ឋាភិបាលហាក់ដូចជាមិនដឹងថាខ្លួនកំពុងធ្វើអ្វីទេ»។
ការចាប់ជនជាតិថៃ៧នាក់នេះបានប៉ះពាល់ដល់ការប្រឹងប្រែងកសាងទំនាក់ទំនងឲ្យប្រសើរឡើងជាមួយប្រទេសកម្ពុជា។ ចំណងទាក់ទងនេះបានធ្លាក់ចុះដុនដាប ក្រោយពីលោកថាក់ស៊ីនបានទៅទស្សនកិច្ចប្រទេសកម្ពុជាកាលពីឆ្នាំ២០០៩។ លោកថាក់ស៊ីនប្រឈមមុខនឹងការចោទប្រកាន់ពីបទពុករលួយក្នុងប្រទេសថៃ ហើយលោកកំពុងរស់នៅក្រៅប្រទេស។
មន្ត្រីក្រសួងការបរទេសថៃនិយាយថា កាលពីថ្ងៃព្រហស្បតិ៍ តុលាការក្រុងភ្នំពេញបានបញ្ចប់ការសាកសួរជនជាប់ឃុំឃាំងចំនួន៣នាក់ក្នុងចំណោម៧នាក់នោះ។ នៅមានការសាកសួរជាបន្តទៀត មុនតុលាការចេញសាលក្រម។
រដ្ឋាភិបាលថៃនិយាយថាខ្លួនកំពុងធ្វើការដើម្បីឲ្យមានការដោះលែង និងបញ្ជូនជនជាតិថៃ៧នាក់នេះមកមាតុភូមិវិញ។
ប្រែសម្រួលដោយលោក ពិន ស៊ីសុវណ្ណ៕