សាលាដំបូងក្រុងភ្នំពេញនឹងប្រកាសសាលក្រមដល់លោក អ៊ុក ពេជ្រសំណាង សកម្មជនគណបក្សសង្គ្រោះជាតិ នៅខែកញ្ញាខាងមុខនេះ ទាក់ទិននឹងសំណុំរឿង បង្កហិង្សា និងប្រឆាំងអ្នករាជការសាធារណៈ បន្ទាប់ពីតុលាការបានបើកអង្គសវនាការសួរដំណើរដើមទងនៃសំណុំរឿងនេះកាលពីព្រឹកថ្ងៃអង្គារ។ នេះបើតាមការបញ្ជាក់របស់មេធាវីការពារក្តីនិងអ្នកការពារសិទ្ធិមនុស្ស។
ការបើកសវនាការនេះ ធ្វើឡើងស្របពេលដែលសកម្មជននយោបាយរូបនេះកំពុងជាប់ឃុំដោយករណីដាច់ឡែកមួយទៀត ទាក់ទិននឹងសំណុំរឿងហិង្សាដែលបានកើតឡើងនៅក្បែរស្ពាននាគជាប់ទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០១៤។
លោក ជូង ជូងី មេធាវីការពារក្តីឲ្យលោកអ៊ុក ពេជ្រសំណាងមានប្រសាសន៍ថា តុលាការបានចាប់ផ្តើមសួរដេញដោល កូនក្តីលោកនៅថ្ងៃអង្គារ។ លោកបញ្ជាក់ថា នៅក្នុងការសួរដេញដោលនេះ ដើមបណ្តឹងដែលជាក្រុមសន្តិសុខខណ្ឌដូនពេញ និងសាក្សីពុំបានផ្តល់ភស្តុតាងជាក់ច្បាស់ណាមួយដែលអាចដាក់បន្ទុកលើកូនក្តីលោកនោះទេ។
«ពាក់ព័ន្ធទៅនឹងការប្រើហិង្សា គឺសន្តិសុខសាលាខណ្ឌដូនពេញចំនួនប្រាំនាក់ ដែលថាខ្លួនជាអ្នករងគ្រោះហ្នឹង គឺអត់មានបានបញ្ជាក់ប្រាប់តុលាការ ថា អ៊ុក ពេជ្រសំណាង ហ្នឹងជាអ្នកបង្កហិង្សាឬជាអ្នកវាយទៅលើគាត់ទេ។ ហើយក្រៅពីសន្តិសុខដែលរងគ្រោះប្រាំនាក់ហ្នឹង ក៏អត់មានសាក្សីណា ឆ្លើយដាក់បន្ទុកថា អ៊ុក ពេជ្រសំណាង វាយទៅលើសន្តិសុខហ្នឹងដែរ»។
លោកមេធាវីរូបនេះបញ្ជាក់បន្ថែមថា៖
«ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ ពីរឿងប្រឆាំងនឹងអ្នករាជការសាធារណៈ គឺអត់មានសាក្សីអត់មានភស្តុតាងណាបង្ហាញថា គាត់ប្រើហិង្សាទៅលើប៉ូលិស ឬក៏កងរាជអាវុធហត្ថឬក៏ទាហាន ដែលជាមន្ត្រីសាធារណៈនោះគឺក៏អត់ដែរ»។
ការសួរដេញដោលកាលពីថ្ងៃអង្គារ គឺផ្តោតលើសំណុំរឿងទីពីររបស់លោក អ៊ុក ពេជ្រសំណាង ដែលបានកើតឡើងកាលពីខែតុលា ឆ្នាំ២០១៤ដដែលនេះ។ សំណុំរឿងនេះ ទាក់ទងនឹងហេតុការណ៍ដែលលោក អ៊ុក ពេជ្រសំណាង ត្រូវបានចោទប្រកាន់ថាលោកបាន បើកម៉ូតូកង់បីដែលដឹកអ្នកតវ៉ាបុករបាដែករបស់កងសន្តិសុខខណ្ឌដូនពេញ ខណៈដែលលោកនិងប្រជាពលរដ្ឋមកពីខេត្តព្រះវិហារព្យាយាមដាក់ញ្ញតិមួយនៅឯគេហដ្ឋានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី២០ ខែតុលាឆ្នាំ២០១៤កន្លងទៅ។
នៅក្នុងគ្រានោះ មានអ្នកភូមិច្រើនជាង១០០នាក់មកពីខេត្តព្រះវិហារ ដែលរងគ្រោះដោយការបណ្តេញចេញពីលំនៅដ្ឋាន បានប៉ុនប៉ងដាក់ញត្តិជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែការប៉ះទង្គិចគ្នាមួយបានកើតឡើង បង្កឲ្យក្រុមអ្នកតវ៉ាដែលបានចូលរួម១៨នាក់ផ្សេងទៀតរងរបួស។ ក្នុងពេលប្រទូសរ៉ាយគ្នានោះដែរ កងសន្តិសុខបានយកដំបង និងឧបករណ៍ឆក់មកវាយតបតអ្នកតវ៉ាផងដែរ។ ប្រធានសន្តិសុខ ខណ្ឌដូនពេញ គឺលោកគីម វុត្ថា បានអះអាងថា សន្តិសុខប្រាំនាក់បានរងរបួស។
លោកអំ សំអាត ប្រធានបចេ្ចកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ ដែលបានចូលរួមសង្កេតអង្គសវនាការផងដែរនោះ មានប្រសាសន៍ថា តុលាការនឹងប្រកាសសាលក្រមលើសំណុំរឿងនេះ នៅថ្ងៃទី១០ ខែកញ្ញាខាងមុខនេះ ហើយថា ការសួរដេញដោល មិនបានផ្តល់ភស្តុតាងគ្រប់គ្រាន់សម្រាប់ធ្វើការផ្តន្ទាទោសលោកអ៊ុក ពេជ្រសំណាងនោះទេ។
«បើសិនជាយើងសំឡឹងមើលការជំនុំជម្រះ ព្រឹកមិញនេះ ក៏យើងមើលទៅលើការ ជជែកដេញដោល គ្នាទាំងជនរងគ្រោះដែល ជាសន្តិសុខក្តី ទាំងមន្ត្រីដែលបានទៅផ្តល់ ជាកសិណសាក្សី ឬក៏ផ្តល់អំពី ការធ្វើការរបស់ខ្លួនក្តីហាក់ដូចមិនមានការចង្អុលបង្ហាញថា លោកអ៊ុក ពេជ្រសំណាងហ្នឹងជាអ្នកដែលបាន បានប្រព្រឹត្តផ្ទាល់មកលើ ដូចជាបទហិង្សាហ្នឹង ដោយចេតនាដែលមានស្ថានទម្ងន់ទោស បទប្រឆាំងអ្នករាជការសាធារណៈក្តីវាហាក់បីដូចជាគ្មានភស្តុតាង»។
លោកបញ្ជាក់ថាតុលាការក៏បានចាក់វីដេអូឃ្លីប បង្ហាញពីទិដ្ឋភាពប៉ះទង្គិចដែរ តែខ្សែវីដេអូនេះមិនបានបង្ហាញឲ្យឃើញជាក់លាក់ថា លោកអ៊ុក ពេជ្រសំណាងបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ យ៉ាងណាមិញ លោកអំ សំអាត ឲ្យដឹងផងដែរថា លោកអ៊ុក ពេជ្រសំណាង ត្រូវតែទទួលការព្យាបាលផ្នែកសុខភាពផ្លូវចិត្ត ដោយលោកគ្រប់គ្រងខ្លួនឯងមិនបាននៅក្នុងការសួរដេញដោលនៅថ្ងៃអង្គារនេះ។
VOA ពុំអាចទំនាក់ទំនង លោកគីម វុត្ថា ប្រធានសន្តិសុខខណ្ឌដូនពេញបានទេ។ លោកចាន់ យូរ៉ាន់ អធិការប៉ូលិសខណ្ឌដូនពេញបដិសេធមិនធ្វើការអធិប្បាយ។
លោកអ៊ុក ពេជ្រសំណាងបានត្រូវតុលាការដាក់ពន្ធនាគារអស់ជាច្រើនខែក្នុងពេលកន្លងមកប៉ុន្តែត្រូវដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នមុនពេលតុលាការសម្រេចដាក់ពន្ធនាគារជាថ្មីចំនួន៧ឆ្នាំកាលពីខែកក្កដាកន្លងទៅនេះ លើសំណុំរឿងហិង្សាដែលបានកើតឡើងនៅក្បែរស្ពាននាគជាប់ទីលានប្រជាធិបតេយ្យកាលពីខែកក្កដាឆ្នាំ២០១៤៕