លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រកាសថា គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាក្នុងរយៈពេល១០ខែ នៃឆ្នាំ២០១៩នេះ បណ្តាលឲ្យមនុស្សស្លាប់ចំនួន១៦៦៥នាក់ កើនឡើង១០ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ដែលគ្រោះថ្នាក់ទាំងនេះកើតឡើងដោយការមិនគោរពច្បាប់។
ថ្លែងក្នុងពិធីប្រារព្ធទិវាអន្តរជាតិរំឭកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ស ខេង លើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ បានធ្វើឲ្យប្រទេសកម្ពុជាខាតបង់ថវិកាក្នុងមួយឆ្នាំៗជាច្រើនលានដុល្លារ និងបន្សល់ទុកជនពិការ កុមារកំព្រា ស្ដ្រីមេម៉ាយ និងធ្វើឲ្យគ្រួសារមួយចំនួនធ្លាក់ទៅក្នុងភាពក្រីក្រជាដើម។ លោក ស ខេង បន្ថែមថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលលោកថា និន្នាការនេះបង្ហាញពីសញ្ញាអាក្រក់សម្រាប់យុទ្ធនាការនៃការទប់ស្កាត់។
«និន្នាការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺជាសញ្ញាមិនល្អទាល់តែសោះ។ ខ្ញុំទទួលស្គាល់ បើចង់អ្នកណាវាយតម្លៃថា បរាជ័យក៏វាយទៅ ប៉ុន្ដែសូមអំពាវនាវជួយគ្នា។ តើមានមធ្យោបាយអី មានគំនិតអី មានយោបល់យ៉ាងម៉េច សូមជួយមក។ ព្រោះអាហ្នឹងយើងត្រូវបង្ហាញជាក់ស្តែង យើងមិនអាចភូតបន្លំទេ បរាជ័យថាជោគជ័យ អាហ្នឹងវានិយាយភូតគេ គេមិនជឿទេ»។
លោក ស ខេង ប្រកាសតួលេខគ្រោះថ្នាក់ចរាចរណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើនឡើង បើធៀបនឹងរយៈពេល១០ខែដូចគ្នា ក្នុងឆ្នាំ២០១៨។ លោកបញ្ជាក់ថា ក្នុងរយៈពេល១០ខែនៃឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន៣១៩៥លើក កើនឡើង៧៦០លើក ដែលបណ្ដាលឲ្យបាត់បង់ជីវិត១៦៦៥នាក់ កើន១៥១នាក់ និងរបួសចំនួន៥២១២នាក់ កើន១០០៦នាក់។
លោក ស ខេង បន្ថែមថា មូលហេតុចម្បងដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនលើសលប់ គឺដោយសារអ្នកបើកបរយានយន្ដមិនគោរពច្បាប់ចរាចរណ៍។ ក្នុងនោះការបើកបរលើសល្បឿនកំណត់មាន៣៧ភាគរយ មិនគោរពសិទ្ធិមាន២៤ភាគរយ មិនប្រកាន់ស្ដាំមាន១២ភាគរយ វ៉ាជែងមាន៩ភាគរយ បត់មាន៨ភាគរយស្រវឹង៦ភាគរយ កត្ដាយានយន្ដ៣ភាគរយ និងងងុយដេក១ភាគរយ។
លោក គង់ រតនៈ ប្រធានស្តីទីវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ ប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា ករណីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅមានកម្រិត ឥរិយាបទរបស់អ្នកបើកបរ និងភាពធូររលុងនៃការអនុវត្តច្បាប់ ជាមូលហេតុបណ្តាលឲ្យការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ត្រូវបរាជ័យ។
«វិស្វកម្មទាំងអស់ហ្នឹងគាត់បានធ្វើហើយ ក៏ប៉ុន្តែមួយចំនួននោះគឺយើងឃើញថា ការបំពាក់បរិក្ខាសុវត្ថិភាព [តាមដងផ្លូវ] ហ្នឹងនៅមានកម្រិតនៅឡើយ។ បន្ទាប់មកទៀតយើងឃើញថា ឥរិយាបទរបស់ប្រជាពលរដ្ឋនៅមានកម្រិត ឧទាហរណ៍ថាពាក់ព័ន្ធនឹងការពាក់មួកសុវត្ថិភាព បើអត់ប៉ូលិសគាត់អត់ពាក់អីជាដើម។ ទី៣ ការរឹតបន្តឹងច្បាប់»។
តាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបង្ហាញថា កត្តាដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនលើសលប់ប្រមាណ៩០% គឺបណ្ដាលមកពីកត្តាមនុស្ស តាមរយៈការបើកបរលើសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកបរជែងដោយខ្វះការប្រុងប្រយ័ត្នជាដើម។ បើតាមតួលេខ ជាមធ្យមមានមនុស្សចំនួន៥នាក់បានស្លាប់ និង១១នាក់រងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងមួយថ្ងៃ ដែលធ្វើឱ្យខាតបង់ថវិកាប្រមាណ៣៥០លានដុល្លារក្នុងមួយឆ្នាំ៕