ចំណាក​ស្រុក​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ​ នាំ​ឲ្យ​គ្រួសារ​មួយ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ដែល​ថ្លៃ​ព្យាបាល​មាន​ភាព​ចម្រូង​ចម្រាស

Your browser doesn’t support HTML5

អ្នកស្រី​ ម៉ា ភារ៉ាវី​ កំពុង​មើល​ថែ​ស្វាមី ​ដែល​រង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​មន្ទីរ​ពេទ្យ​លោក​សង្ឃ​ក្នុង​រាជធានី​ភ្នំពេញ។ ​អ្នកស្រី​និង​ស្វាមី ​លោក ​បឿន បុល ​អាយុ​៤៣​ឆ្នាំ​បាន​ជិះ​ម៉ូតូ​ផ្ទាល់​ខ្លួន​មក​ភ្នំពេញ​ចម្ងាយ​ផ្លូវ​ជាង​២០០​គីឡូ​ម៉ែត្រ​ពី​ផ្ទះ​ក្នុង​ភូមិ​ស្វាយប៉ាក​ ឃុំ​ព្រងិល ​ស្រុក​ភ្នំ​ក្រវាញ ​ខេត្ត​ពោធិ៍សាត់​ ក្នុង​គោល​បំណង​ស្វែង​រក​ការងារ​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ។ អ្នកស្រី ​ស្វាមី ​និង​កូន​ប្រុស​បាន​បាត់​បង់​ការងារ​ជា​កម្មករ​សំណង់​ក្នុង​ខេត្ត​ព្រះ​សីហនុ​ កាល​ពី​ខែ​មីនា ​ដោយ​សារ​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​ខ្វះ​សម្ភារៈ​សំណង់​ ខណៈ​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩ ដូច្នេះ​កម្មករ​ត្រូវ​ព្យួរ​ពី​ការងារ​សិន។ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​មាន​ភាព​ចម្រូង​ចម្រាស ​ដោយសារ​តម្លៃ​សេវា​ព្យាបាល​ជាង​៧០០​ដុល្លារ​ ហើយ​ពួក​គេ​មិន​មាន​លទ្ធភាព​បង់​គ្រប់។ ពេល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​បុក​ជាមួយ​រថយន្ត​មួយ ​អ្នកស្រី​និង​ស្វាមី​ ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​គ្លីនិក​មួយ​ មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ ក្នុង​ស្រុក​អង្គ​ស្នួល​ខេត្ត​កណ្តាល។ បើ​តាម​វិក្កយ​បត្រ​ដែល​ VOA ​ទទួល​បាន​ តម្លៃ​សេវា​ព្យាបាល​នោះ​មាន​ចំនួន​ ៧១០ ដុល្លារ​ ដោយ​តម្លៃ​ព្យាបាល​អ្នកស្រី​អស់​ចំនួន ​២៣៥ ​ដុល្លារ ​និង​ស្វាមី​ចំនួន​ ៤៧៥ ​ដុល្លារ។​ អ្នកស្រី​ ភារ៉ាវី​ មាន​ប្រសាសន៍​ថា​ តម្លៃ​ជាង ​៧០០ ​ដុល្លារ​នេះ​ថ្លៃ​ហួស​ហេតុ​ ខណៈ​អ្នកស្រី​គ្រាន់​តែ​របួស​តិច​តួច​លើ​ជើង ​និង​ដៃ។ ករណី​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​​របស់​ទំព័រ​ហ្វេសប៊ុក​​មួយ​ឈ្មោះ​«San Prum»​រហូត​ដល់​មាន​អ្នក​ចែក​រំលែក​បន្ត​ជាង​៥០០។​ ករណី​នេះ​ក៏​បាន​ឮ​ទៅ​ដល់​ក្រសួង​សុខាភិបាល។ ​ក្រសួង​សុខាភិបាល​ក៏​ចេញ​លិខិត​ព្រមាន​គ្លីនិកសុធារិទ្ធ​បែក​ចាន​នេះ។