បន្ទាប់ពីមានការចែករំលែកដំណឹងផ្សេងៗគ្នាទាក់ទងនឹងចំនួនភ្ញៀវទេសចរចូលមកទស្សនាប្រទេសកម្ពុជា អ្នកពាក់ព័ន្ធក្នុងវិស័យនេះ បានលើកក្តីបារម្ភចំពោះបញ្ហាសន្តិសុខ កង្វះជើងហោះហើរត្រង់មកកាន់កម្ពុជា និងកង្វះហេដ្ឋារចនាសម្ពន្ធដឹកជញ្ជូនសម្បូរបែប បើធៀបនឹងប្រទេសជិតខាងមួយចំនួន។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន សង្កេតឃើញថា រឿងរ៉ាវដែលកើតចេញពីអំពើឆបោកតាមអនឡាញក្នុងខេត្តព្រះសីហនុកន្លងមក បានបង្កភាពខ្លាចដល់ទេសចរអន្តរជាតិ ជុំវិញសុវត្ថិភាពផ្ទាល់ខ្លួន បើសិនពួកគេសម្រេចចិត្តមកកម្សាន្តនៅប្រទេសកម្ពុជា។
អ្នកស្រីថ្លែងថា៖ «ព្រោះកន្លងមកមានការជួញដូរមនុស្សតាមអនឡាញ ដែលយើងអាចឃើញថា នៅកំពង់សោម ដែលជាទីកន្លែងមួយដែលយកមនុស្សទៅរកស៊ីនៅអនឡាញហ្នឹង នៅអគារខ្ពស់ៗហ្នឹង ដែលធ្វើឱ្យល្បីរន្ទឺ។ អាហ្នឹងវាមិនមែនដោយសារតែអ្នកណាផ្សព្វផ្សាយព័ត៌មានអាក្រក់ ព័ត៌មានល្អ ដោយសារតែរបៀបនៅក្នុងការធ្វើការរបស់អាជ្ញាធររបស់យើងដែលខ្ជីខ្ជា ដែលអត់បានមើលគ្រប់ជ្រុងជ្រោយ»។
អ្នកស្រីបន្ថែមថា អាជ្ញាធរជំនាញត្រូវបន្តពិនិត្យជាប្រចាំនៅទីតាំងអគារនានាដែលមានកម្មករចម្រុះជាតិសាសន៍រស់នៅ ដើម្បីធានាថា អាជីវកម្មដែលជាប់ទាក់ទងនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញនេះ លែងមានតទៅទៀត ហើយសុវត្ថិភាពរបស់ប្រជាពលរដ្ឋទាំងអស់ត្រូវបានការពារ។
អ្នកស្រីថ្លែងថា៖ «កុំគិតថា ការវិនិយោគបែបអ៊ីចឹងល្អ។ នៅពេលដែលមានតែអ្នករកស៊ី ដែលបែបហក់លោត មិនមានភាពទទួលខុសត្រូវក្នុងសង្គម មិនមានមនុស្សធម៌ មិនមានគុណធម៌ វាជាការដាក់ឱ្យពលរដ្ឋយើងទាំងមូលរងគ្រោះទៅវិញ»។
ក្រៅពីបញ្ហាសន្តិសុខ មេដឹកនាំសហជីពរូបនេះថា រដ្ឋាភិបាលក៏គួរគិតពីការពង្រីកហេដ្ឋារចនាសម្ពន្ធដឹកជញ្ជូនភ្ញៀវ ដូចជាការដាក់ឱ្យដំណើរការរថភ្លើងល្បឿនលឿនដែលភ្ជាប់ពីខេត្តមួយទៅខេត្តមួយ ដែលនឹងសម្រួលឱ្យភ្ញៀវកាត់បន្ថយការចំណាយ និងធ្វើដំណើរប្រកបដោយសុវត្ថិភាព និងស្នាក់នៅរយៈពេលយូរនៅប្រទេសកម្ពុជា។
អ្នកស្រីថ្លែងថា៖ «សម្រាប់រថភ្លើងមួយគឺអាចធ្វើឱ្យភ្ញៀវទេសចរហ្នឹងគេមកស្រុកយើងម្តងកន្លះខែ អ៊ីចឹង ដើម្បីតភ្ជាប់ពីខេត្តមួយទៅខេត្តមួយ ជាជាងការជិះឡាន ជិះអ៊ីចឹង ពីព្រោះអ្នកខ្លះក៏គេធុញទ្រាន់នៅក្នុងការធ្វើដំណើរជាមួយនឹងឡាន។ ប៉ុន្តែបើយើងជិះ រថភ្លើងអី យើងឃើញថា គេមានភាពរីករាយទៅលើរឿងទេសភាព»។
ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អ្នកប្រើប្រាស់បណ្តាញសង្គមបានបង្ហោះឃ្លីបវីដេអូខ្លីៗ បង្ហាញពីសភាពស្ងប់ស្ងាត់ នៅទីតាំងទេសចរណ៍ដ៏សំខាន់របស់កម្ពុជាគឺខេត្តសៀមរាប ទីដែលសម្បូរទៅដោយប្រាង្គប្រាសាទបុរាណ និងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រផ្សេងទៀត។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន បានថ្លែងក្នុងពិធីរំឭកខួបទី ៨ ឆ្នាំនៃឃាតកម្មលើអ្នកវិភាគនយោបាយលោក កែម ឡី ថា ស្ថានភាពនៃការគោរពសិទ្ធិមនុស្សដែលមិនទាន់មានភាពល្អប្រសើរឡើង និងបទឧក្រិដ្ឋដូចជាការចាប់ជំរិត និងអំពើជួញដូរមនុស្សតាមការបោកបញ្ឆោតលើបណ្តាញអ៊ីនធឺណិត ដែលលេចឮចេញពីកម្ពុជា ជាហេតុផលនាំឱ្យចំនួនទេសចរធ្លាក់ចុះ។
លោកថ្លែងថា៖ «បើយើងធៀបទៅនឹងប្រទេសជិតខាង ទេសចរគេច្រើនសម្បើមណាស់ ដោយឡែកកម្ពុជាយើង ទេសចរស្ងាត់ជ្រងំ មានតិចតួច អាហ្នឹងហេតុផល ដោយសារបញ្ហាច្រើន ដូចជាឧក្រិដ្ឋជនឆបោក ចាប់ជំរិតសព្វបែបយ៉ាង រឿងទាំងអស់នេះ រដ្ឋាភិបាលត្រូវតែស្តារឡើងវិញ ហើយខិតខំធ្វើម៉េចដើម្បីស្តារនូវកេរ្តិ៍ឈ្មោះកម្ពុជាយើង បង្ហាញភាពស្អាត លើឆាកអន្តរជាតិ ពេលហ្នឹងហើយបានអាចស្រូបទាញទេសចរ និងអ្នកវិនិយោគទុនមកកម្ពុជាបាន»។
ទោះមានការរិះគន់ពីការថយចុះទេសចរបរទេសយ៉ាងណាក្តី គ្រឹះស្ថានអង្គរដែលទទួលបន្ទុកក្នុងការស្រង់ស្ថិតិទេសចរ និងកត់ត្រាចំណូលដែលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានឱ្យដឹងថា ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៤ មានទេសចរចំនួនជាង ៥២ ម៉ឺននាក់ បានចូលមកទស្សនារមណីយដ្ឋានវប្បធម៌មួយនេះ។ ចំនួននេះកើនជាង ៣៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣ ហើយទទួលបានចំណូលជាង ២៤ លានដុល្លារ កើនជាង ៣៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីមន្រ្តីក្រសួងទេសចរណ៍ លោក តុប សុភ័ក និងលោក គង់ សុភារក្សបា នទេ ពាក់ព័ន្ធនឹងកត្តានានាដែលនាំឱ្យចំនួនទេសចរនៅមានកម្រិតទាប បើធៀបនឹងប្រទេសក្បែរខាង ជាពិសេសគឺប្រទេសថៃ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃគឺសារព័ត៌មាន The Nation នៅក្នុងរយៈពេល ៦ ខែនៃឆ្នាំ ២០២៤ នេះ មានទេសចរបរទេសចំនួន ១៧ លាននាក់ បានទៅទស្សនាប្រទេសថៃ។ កំណើនភ្ញៀវគឺបានមកពីកត្តាមួយចំនួន ដូចជាការចាប់ផ្តើមការសម្រាកលំហែកាយនារដូវក្តៅនៅអឺរ៉ុប និងកម្មវិធីកម្សាន្តផ្សេងៗទៀត ដែលបានរៀបចំឡើង ក្នុងនោះគឺការអបអរសាទរច្បាប់ដែលអនុញ្ញាតឱ្យមានការរៀបការភេទដូចគ្នា។ ការលើកលែងទិដ្ឋាការដល់ប្រទេសមួយចំនួនដូចជា ចិន ឥណ្ឌា និងកោះតៃវ៉ាន់ ក៏បានរួមចំណែកមួយផ្នែកដល់កំណើននេះផងដែរ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន ប្រាប់វីអូអេថា រដូវកាលនេះជារដូវមិនសូវសម្បូរភ្ញៀវ ឬ low season ព្រោះមានភ្លៀងធ្លាក់ ដែលពិបាកសម្រាប់ទេសចរក្នុងការធ្វើដំណើរកម្សាន្តនៅរមណីយដ្ឋានវប្បធម៌ ដែលតម្រូវឱ្យដើរថ្មើរជើងចូលទៅតំបន់ទាំងនោះ ខុសពីប្រទេសជិតខាងដែលសម្បូរដោយរមណីយដ្ឋានទេសចរណ៍កែច្នៃ។
អ្នកស្រីបន្ថែមថា៖ «ប្រទេសជិតខាង ហាក់ដូចជាគាត់ថ្មីៗនេះព្យាយាមចាក់លុយបញ្ចូលដើម្បីធ្វើការផ្សព្វផ្សាយខ្លាំង ផ្សព្វផ្សាយ គេជាប្រទេសមានលុយ អ៊ីចឹងគេជះខ្លាំងៗ ហើយគេមានការលើកលែងនូវទិដ្ឋាការ អ៊ីចឹងទៅវាជាការទាក់ទាញមួយយ៉ាងខ្លាំងទៅដល់ភ្ញៀវទេសចរ។ សម្រាប់យើង យើងអត់អាចលើកអ៊ីចឹងបាន។ អ៊ីចឹងអ្វីដែលយើងធ្លាប់លក់ យើងលក់តាមធម្មតា។ អ៊ីចឹងពេលខ្លះគាត់គិតថា ខាងណោះចាយលុយតិចជាង អ៊ីចឹងគេទៅលេងខាងណោះសិន ហើយណាមួយ យើងក៏ខ្វះខាតនូវការហោះហើរត្រង់ផងដែរ អ៊ីចឹងវាធ្វើឱ្យយើងមាន (ការ)ថមថយនៃការហូរចូលនៃភ្ញៀវទេសចរ»។
បើតាមអ្នកស្រី ឆាយ ស៊ីវលីន ការផ្សព្វផ្សាយដំណឹងជុំវិញអំពើឆបោកតាមប្រព័ន្ធអនឡាញ អាចជាកត្តារួមផ្សំមួយដែលប៉ះពាល់អារម្មណ៍របស់ទេសចរ តែអ្វីដែលសំខាន់ក្នុងការទាក់ទាញទេសចរ គឺការបង្កើនការផ្សព្វផ្សាយផលិតផលទេសចរណ៍របស់កម្ពុជា ហើយវិស័យឯកជនត្រូវប្រឹងបង្ហាញនូវអ្វីដែលជាចំណុចវិជ្ជមានរបស់ប្រទេស។
អ្នកស្រីលើកឡើងថា៖ «យើងកុំចូលរួមចែករំលែកនូវព័ត៌មានអ្វីដែលជះឥទ្ធិពលអាក្រក់មកដល់ប្រទេសយើង។ អីចឹងវាត្រូវតែចែករំលែកនូវការផ្សព្វផ្សាយមួយដែលមានភាពទាក់ទាញទៅដល់ភ្ញៀវទេសចរ។ យើងប្រឹងបង្ហាញនូវអ្វីដែលជាភាពវិជ្ជមាននូវអ្វីដែលជាផលិតផលល្អអំពីប្រទេសកម្ពុជា ព្រោះអីយើងមានច្រើនក្រាស់ក្រៃ។ តែខាងផ្សព្វផ្សាយរបស់យើងពីអ្នកពាក់ព័ន្ធពីអ្នកចូលរួមហ្នឹង វានៅមានកម្រិតផងដែរ»។
អ្នកស្រីបន្ថែមថា កំណើនទេសចរណ៍កម្ពុជាក៏ពឹងផ្អែកលើការប្រែប្រួលនៃកត្តាខាងក្រៅផងដែរ ពោលប្រសិនបើវិបត្តិនានារបស់ពិភពលោក រួមមានសង្គ្រាមត្រូវបានដោះស្រាយ ឬបញ្ចប់ នោះ វិស័យដែលជាសសរស្តម្ភសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិមួយនេះ អាចនឹងមានភាពប្រសើរឡើងផងដែរ។
ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ក្រសួងទេសចរណ៍បានប្រកាសឱ្យដឹងអំពីការដាក់ចេញសមាសភាពផ្លូវការនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB)។ សមាសភាពនេះ មានតំណាងមកពីស្ថាប័នសាធារណៈចំនួន ៨ និងពីផ្នែកឯកជនចំនួន ៧ ស្ថាប័ន ដែលនឹងរួមគ្នាបង្កើនភាពទាក់ទាញ និងភាពប្រកួតប្រជែងរបស់កម្ពុជា ស្របតាមនិន្នាការទេសចរណ៍សាកលលោក និងតំបន់ដែលកំពុងមានការវិវត្តយ៉ាងលឿន។
លោក វុត្ថា សុខឿន អ្នករត់ម៉ូតូកង់បី ក្នុងក្រុងសៀមរាបយល់ឃើញថា ដើម្បីកម្ពុជាអាចទទួលបានភ្ញៀវក្នុងចំនួនច្រើន ប្រទេសនេះគួរពិនិត្យលើគោលនយោបាយទេសចរណ៍របស់ថៃ ដែលបានលើកលែងទិដ្ឋាការទេសចរអន្តរជាតិ ដើម្បីជំរុញកំណើនទេសចររបស់ខ្លួន។
លោកថ្លែងថា៖ «ប្រមុខរដ្ឋាភិបាលហ្នឹងគួរតែ free visa [លើកលែងទិដ្ឋាការ] ឱ្យភ្ញៀវទេសចរ ដូចជាប្រទេសដែលល្បីៗ ដូចជាប្រទេសដែលមហាអំណាចមួយចំនួនហ្នឹងក៏យើង free visa [លើកលែងទិដ្ឋាការ] ឱ្យគេទៅ ដើម្បីជាបញ្ហាទាក់ទាញ ព្រោះថៃ គេអនុវត្តហើយ»។
លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជាក៏គួរខិតខំស្តារលម្ហប្រជាធិបតេយ្យឡើងវិញ ព្រោះសហគមន៍អន្តរជាតិខ្លះនៅបន្តរិះគន់កម្ពុជា ពេលដែលមានតែគណបក្សមួយកាន់អំណាចស្ទើរតែទាំងអស់។ លោកថា រដ្ឋាភិបាលក៏គួរយកចិត្តទុកដាក់ទប់ស្កាត់ ឬលុបបំបាត់អំពើឆបោកតាមប្រព័ន្ធអនឡាញដើម្បីធានាថា កម្ពុជាជាទីកន្លែងមានសុវត្ថិភាព និងសន្តិសុខពេញលេញ៕