វិស័យ​ឯកជន​នៃ​វិស័យ​ទេសចរណ៍​នៅ​សៀមរាប៖ ការ​ជួយ​ពី​រដ្ឋាភិបាល​នៅ​មាន​កម្រិត​នៅ​ឡើយ

រូបឯកសារ៖ ភ្ញៀវទេសចរដើរទស្សនាប្រាសាទតាព្រហ្មក្នុងខេត្តសៀមរាប ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។

ភ្នំពេញ — ក្រុម​អ្នក​ប្រកប​របរ​វិស័យ​ទេស​ចរណ៍​នៅ​ក្នុង​ខេត្ត​សៀមរាប​ បាន​អះអាង​ថា ​ការ​ជួយ​របស់រដ្ឋាភិបាល​នៅ​មិន​ទាន់​អាច​ស្រោច​ស្រង់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​នេះ​បាន​នៅ​ឡើយ ​នៅ​ក្នុង​អំឡុង​ពេល​មាន​ការ​ផ្ទុះ​មេរោគ​កូរ៉ូណា​ថ្មី (covid-19 )​នេះ។

កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​រ ដ្ឋា​ភិបាល​បាន​ប្រកាស​លើក​លែង​នូវ​ការ​បង់​ពន្ធ​ប្រចាំ​ខែ​គ្រប់​ប្រភេទ​រយៈពេល​ ៤​ខែ​ និង​មិន​ធ្វើ​សវនកម្ម​ពេញ​លេញ​ក្នុង​ឆ្នាំ​ ២០​២០​នេះ​សម្រាប់​សណ្ឋាគារ​និង​ផ្ទះ​សំណាក់​ នៅ​ក្នុង​ខេត្ត​សៀមរាប។ ចំណែក​ឯ​សំបុត្រ​ចូល​ទស្សនា​អង្គរ​សម្រាប់​ភ្ញៀវ​អន្តរ​ជាតិ​ទិញ​មួយ​ថ្ងៃ​អាច​ចូល​ទស្សនា​បាន​ ២​ថ្ងៃ។

ជា​មួយ​គ្នា​នេះ​ដែរ​ កាល​ពី​ដើម​ខែ​មីនា​នេះ​ ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ​មួយ​ដល់​និស្សិត​ក្នុង​រាជ​ធានី​ភ្នំពេញ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន ​សែន ​ក៏​បាន​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ទេសចរណ៍​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន និង​ជួល​មគ្គុទេសក៍​ទេសចរណ៍​នៅ​ក្នុង​ដំណើរ​កំសាន្ត​របស់​ខ្លួន​ផង​ដែរ។

រយៈ​ពេល​២​ខែ​កន្លង​មក​នេះ​យ៉ាង​ហោច​ណាស់​ សណ្ឋាគារ​ចំនួន​ប្រមាណ​ជា​ ២០​ត្រូវ​បាន​បិទ​ ដោយ​សារ​ការ​រីក​រាល​ដាល​នៃ​មេរោ​គ​កូរ៉ូណា​ថ្មី​នៅ​លើ​ពិភព​លោក។​ម្ចាស់​សណ្ឋា​គារ​មួយ​ចំនួន​កំពុង​ពិចារណា​ក្នុង​ការ​បន្ត​អាជីវកម្ម​ទៅ​មុខ​ទៀត​ ឬ​ក៏​ផ្អាក​ស្រប​ពេល​ដែល​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួន​កំពុង​ទទួល​រង​ការ​ខាត​បង់​ជា​ខ្លាំង​ក្នុង​អំឡុង​ពេល​នេះ។

អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​ទេស​ចរណ៍​ថា ​ការ​វិធាន​ការ​របស់​រដ្ឋា​ភិបាល​អាច​ជួយ​បាន​មួយ​កម្រិត​តិច​តួច​ ខណៈ​ម្ចាស់​សណ្ឋាគារ​ត្រូវ​ចំណាយ​លុយ​រាប់​ម៉ឺន​ដុល្លារ​ ដើម្បី​ចំណាយ​លើ​បុគ្គលិក​ និង​ថ្លៃ​ភ្លើង​អគ្គិសនី​ជា​ដើម​ ខណៈ​ពួក​គេ​មិន​មាន​ចំណូល​ចូល។

លោក​ស្រី​ ឆាយ​ ស៊ីវលីន ​ប្រធាន​សមាគម​ទី​ភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ​ការ​ជួយ​របស់​រដ្ឋា​ភិបាល​រួម​ចំណែក​សំរាល​បន្ទុក​ប្រមាណ​ជា​ ១៥​ភាគរយ​តែ​ប៉ុណ្ណោះ។

​លោក​ស្រី​បាន​ឲ្យ​ដឹង​បន្ត​ថា ​សណ្ឋាគារ​នៅ​សៀមរាប​របស់​លោក​ស្រី​មាន​ចំនួន​១២០បន្ទប់ ​ជា​រៀង​រាល់​ថ្ងៃ​បើក​ដំណើរ​ការ​បាន​យ៉ាង​ច្រើន​ត្រឹម​តែ​ ៥​បន្ទប់​តែ​ប៉ុណ្ណោះ​ ដូច្នេះ​អ្នក​ស្រី​ត្រូវ​ខាត​យ៉ាង​ហោច​ណាស់​ចំនួន​ ៧ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។

«ចង់​បិទ​ណាស់​ខ្ញុំ​អត់​ចង់​បើក​ទេ​ គ្រាន់​តែ​កូរ៉ូណា​មក​ភ្លាម​ខ្ញុំ​រក​បិទ​ភ្លាម​ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​បិទ​ខ្ញុំ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​បង់​ទៅ​ឲ្យ​បុគ្គលិក​ដែរ​ ព្រោះ​បុគ្គលិក​គ្នា​ទៅ​ណា ​យើង​ក៏​មនោសញ្ចេតនា​ដែរ​ គ្នា​ទៅ​ណា​ ចឹង​ទៅ​មួយ​ណា​ខ្ញុំ​ខ្លួន​ឯង​ក៏​អត់​ដឹង​ថា​ទៅ​មួយ​ណា​ដែរ ​រហូត​មក​ដល់​ឥឡូវ ​ថា​ខ្ញុំ​បិទ​ឬ​ខ្ញុំ​នៅ ​ទី​ទើៗ មិន​ដឹង​ថា​ធ្វើ​ម៉េច​ល្អ​ទេ»។

រូបឯកសារ៖ ទិដ្ឋភាពផ្លូវទៅកាន់ប្រាសាទអង្គរវត្ត ថតនៅខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ធីតា វីន/VOA)

​លោក​ស្រី​បាន​ស្នើរ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​បន្ថែម​ទៀត​ ដើម្បី​ជួយ​ទប់​ទល់​ការ​ខាត​បង់​របស់​ក្រុម​អ្នក​ប្រកប​របរ​វិស័យ​ទេសចរណ៍​នេះ។

«ចំណាយ​ទៅ​លើ​ភ្លើង​នឹង​ខ្លាំង​ពេក​ ចឹង​ប្រឈម​មុខ​១ខែៗ ​ចង់​រាប់​ម៉ឺន​ដុល្លារ​ឯណោះ​ រាជ​រដ្ឋាភិបាល​ប្រសិន​បើ​អាច​ជួយ​ទឹក​ និង​ភ្លើង​ ធ្វើ​ម៉េច​ឲ្យ​បាន​ធូរ​ថយ​ទៅ​អាច​ជួយ​ឲ្យ​សណ្ឋាគារ​ទាំង​អស់​ហ្នឹង​ អាច​ឈរ​ជើង​បាន​ដោយ​មិន​ចាំ​បាច់​កាត់​បន្ថយ​នូវ​ការ​កាត់​បុគ្គលិក​ក៏​ដូច​ជា​បិទ​ទ្វារ ពី​ព្រោះ​ថា​បើ​យើង​បិទ​ទ្វា​ យើង​អាច​ប្រឈម​ នឹង​បុគ្គ​លិក​ទាំង​អស់​គាត់​ទៅ​ណា»។

ទោះ​បី​ការ​ជួយ​របស់​រដ្ឋា​ភិបាល​ក្នុង​វិស័យ​ទេសចរណ៍​នេះ​នៅ​មាន​កម្រិត​តិច​តួច​ក្តី​ ក៏​ក្រុម​វិស័យ​ឯកជន​ចាត់​ទុក​វិធានការ​នេះ​ជា​ការ​ជួយ​លើក​ទឹក​ចិត្ត​ដ៏​សំខាន់​ផង​ដែរ។

លោក ​កៅ ​ហ្វីលីព​ ( PHILIP KAO ) ​ប្រធាន​សមា​គម​ក្លឹប​ទេសចរណ៍​សៀមរាប​និយាយ​ថា សណ្ឋាគារ​របស់​លោក​នៅ​សៀម​រាប​មាន​ជិត ​២០០​បន្ទប់​កំពុង​ប្រឈម​មុខ​ការ​ខាត​បង់​យ៉ាងច្រើន ​ហើយ​ក៏​មិន​ប្រាកដ​ថា​អាច​បន្ត​ដំណើរ​អាជីវកម្ម​នេះ​ទៅ​មុខ​បាន​យ៉ាង​ណា​នោះ​ដែរ។

«ជាក់​ស្តែង​សម្រាប់​ខេត្ត​សៀម​រាប​យើង​ប៉ះ​ពាល់​ ២​ដង​ជាប់​គ្នា ​២០១៩​ និង​កូរ៉ូណា​ចឹង​នេះ​ជា​បញ្ហា​មួយ​ដែល​យើង​បាន​ព្យាយាម​រស់​យូរ​ខែ​មក​ហើយ​ ចឹង​ចុង​ក្រោយ​នេះ​យើង​ឃើញ​ថា​ ភ្ញៀវ​ដែល​មក​នេះ​គឺ​ពិត​ជា​តិច​ទៅៗ​មែន​ទែន ​ចឹង​បើ​សិន​ជា​ក្នុង​ឆ្នាំ​នេះ​តែ​ម្តង​ មិន​មា​ន​ការ​ប្រែ​ប្រួល​ទេ​ ខ្ញុំ​គិត​ថា​មិន​អាច​ទ្រាំ​ទ្រ​បន្ត​អាជីវកម្ម​ទៅ​មុខ​ទៀត​បាន​ទេ»។

លោក​បន្ត​ថា​ ក្រៅ​ពី​បញ្ហា​ទឹក​និង​ភ្លើង​ ក្រុម​អាជីវ​ករ​ចង់​បាន​បន្ថែម​មួយ​ទៀត​នោះ​គឺ​ស្នើ​សុំ​ឲ្យ​រដ្ឋា​ភិបាល​ជួយ​អន្តរាគមន៍​ជាមួយ​ធនាគារ។

«រឿង​ភ្លើង​បើ​សិន​ជា​អាច​ ចុះ​បាន​ត្រឹម​ប្រាក់​ដើម ​ហើយ​អាច​ពន្យា​ពេល​ពេល​នេះ​យើង​មិន​ទាន់​បង់​ យើង​បង់​នៅ​ពេល​ដែល​យើង​មាន​លុយ​វិញ​ ដើម្បី​យើង​ដក​ដង្ហើម​ទៅ​មុខ​ទៀត​បាន​យូរ​តិច។ ភាគ​ច្រើន​យើង​នៅ​ក្នុង​អាជីវកម្ម ​យើង​តែង​តែ​មាន​ខ្ចី​បំណុល​ ខ្ចី​អីចឹង​ទៅ​ ហើយ​ដល់​ពេល​ ជួប​បញ្ហា​ហ្នឹង​តាម​ពិត​គោលការណ៍​របស់​ធនាគារ​មាន​ ហើយ​បើ​យើង​ស្នើរ​ឲ្យ​បង់​ត្រឹម​តែ​ការ​ប្រាក់​ ក៏​ប៉ុន្តែ​ដល់​ដំណាក់​កាល​នេះ​ មិន​មែន​ជា​ដំណាក់​កាល​ធម្មតា​ចឹង​ សូម្បី​តែ​បង់​ការ​ប្រាក់​ក៏​វា​មាន​បញ្ហា​ដែរ​ ចឹង​អាច​ពន្យា​ពេល​ក្នុង​ការ​បង់»។

មេរោគ​កូរ៉ូណា​ថ្មី​នេះ​បាន​ឆ្លង​រាល​ដាល​យ៉ាង​ហោច​ណាស់​ជាង​ ៩០​ប្រទេស ​ដែល​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​ដល់​ជាង​មួយ​សែន​នាក់។​ ប្រទេស​កូរ៉េ​ខាងត្បូង​ អ៊ីតាលី​ និង​អ៊ីរ៉ង់ ​មាន​ករណី​ឆ្លង​ច្រើន​ជាង​គេ​បន្ទាប់​ពី​ប្រទេស​ចិន។មេរោគ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​ខ្លាំង​ដល់វិស័យ​ទេស​ចរណ៍​ជុំវិញ​ពិភព​លោក។

ខេត្ត​សៀមរាប​គឺជា​ខេត្ត​មួយ​របស់​កម្ពុជា​ដែល​ស្រូប​ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ច្រើន​ជាង​គេ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ចំណែក​ឯ​អ្នក​ទេសចរ​ជនជាតិ​ចិន​ក៏​ឈរ​លំដាប់ថ្នាក់​លេខ​១​ផង​ដែរ។​ នៅ​ក្នុង​អំឡុង​ពេល​មាន​ការ​ផ្ទុះ​មេរោគ​កូរ៉ូណា​ថ្មី​នេះ ​អ្នក​ទេសចរ​ភាគ​ច្រើន​ក៏​បាន​លុប​ចោល​ការ​ធ្វើ​ដំណើរ​របស់​ខ្លួន​មក​កម្ពុជា។

លោក​ កន ​ចាន់សត្យា ​អ្នក​គ្រប់​គ្រង​ទូ​ទៅ​នៅ​សណ្ឋាគារ​ លីនណាយាអង្គរ ​បាន​ឲ្យ​ដឹង​ដែរ​ថា​ ក្រុម​អ្នក​ប្រកប​របរ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បាន ​លុះ​ត្រា​តែ​មាន​ការ​ជួយ​ជ្រោមជ្រែង​បន្ថែម​ទៀត។

«រាជ​រដ្ឋាភិបាល​គាត់​ជួយ​ហ្នឹង ​គឺ​បាន​មួយ​រយៈពេល​ដែល​កំពុង​ត្រដាប​ត្រដួស​ចឹង​ដូច្នេះ​ចឹង​ថា ពន្ធ​ហ្នឹង​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​អាច​បន្ត​ ពីព្រោះ​ឥឡូវ​យើង​មិន​ទាន់​ដឹង​ថា​ អា​ហ្នឹង​វា​អាច​បញ្ចប់​ពេល​ណា​ពិត​ប្រាកដ ​ពាក់​ព័ន្ធ​ទឹក​ភ្លើង ​គាត់​អាច​ជួយ​បាន​ត្រឹម​៥០​ភាគរយ​អី​ក៏​អាច​ដែរ ​ដោយ​សារ​យើង​អត់​មាន​ភ្ញៀវ​ទាំងអស់​គ្នា​ចឹង​ យើង​បើក​ភ្លើង​បើក​អី​ចោល​ដើម្បី​លំអ​សម្រស់​យើង​»។

ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​សៀមរាប​ភាគ​ច្រើន​ប្រកប​របរ​ពឹង​ផ្អែក​លើ​វិស័យ​ទេសចរណ៍​ ដូច​ជា​មគ្គុទេសក៍​ទេសចរណ៍ វត្ថុអនុស្សារិ៍យ​ សណ្ឋាគារ ​ផ្ទះ​សំណាក់ ភោជនីយដ្ឋាន​ជា​ដើម។

ខេត្ត​សៀមរាប​មាន​មគ្គុទេសក៍​ទេសចរណ៍​ចំនួន​ជាង​៥០០០នាក់ ​ភាគ​ច្រើន​ជា​មគ្គុទេសក៍​ទេសចរណ៍​ភាសា​អង់​គ្លេស ​និង​ចិន។

លោក​ ខៀវ ​ធី​ ជា​ប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរណ៍អង្គរ ​និង​មគ្គុទេសក៍​ទេស​ចរណ៍​ភាសា​អង់គ្លេស​ បាន​ឲ្យ​ដឹង​ថា​ ការ​បំផុស​របស់​រដ្ឋាភិបាល​ជំរុញ​ឲ្យ​ភ្ញៀវទេសចរណ៍​ក្នុង​ស្រុក​ជួល​មគ្គុទេសក៍​ណែនាំ​ក្នុង​ដំណើរ​កំសាន្ត​នោះ​អាច​ជួយ​បាន​ប្រហែល​ ២០​ភាគរយ​ ពី​ព្រោះ​ប្រជាពលរដ្ឋ​ពេល​នេះ​ភាគ​ច្រើន​កំពុង​ជួប​បញ្ហា​ផ្នែក​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​ ដូច្នេះ​រាល់​ការ​ចំណាយ​មិន​ចាំ​បាច់​ត្រូវ​កាត់​បន្ថយ។

លោក​បញ្ជាក់​ថា​ រដ្ឋាភិបាល​គួរ​តែ​ជួយ​ដល់​វិស័យ​ទេស​ចរណ៍​ទាំង​មូល​មិន​មែន​ត្រឹម​តែម្ចាស់​សណ្ឋគារ ​និង​ផ្ទះ​សំណាក់​នោះ​ទេ។

«២០​ភាគរយ​ចំពោះ​អ្នក​ដែល​គេ​មាន​លុយ​សល់​ច្រើន​គេ​អាច​ដើរ។​ សំណូម​ពរ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ជួយ​អ្នក​រក​ស៊ី​វិស័យ​ទេសចរណ៍​គ្រប់​សេវាកម្ម​ចឹង ​រដ្ឋាភិបាល​មេត្តា​ជួយ​ដល់​ក្រុម​មគ្គុស​ទេសក៍​ទេសចរណ៍​ មេត្តា​បន្ធូរ​បន្ថយ​អាជ្ញាប័ណ ក៏ដូច​ជា​ជួយ​ដល់​សេវាកម្ម​បើកបរ​ រក​វិធី​ថា​ជួយ​គាត់​តាម​វីធី​ណា ​ដូច​ជា​ជួយ​ដល់​ក្រុម​ហ៊ុន​ទេសចរណ៍​ផងដែរ ​ក្រុមហ៊ុន​ទេសចរណ៍​ក៏​គាត់​ជា​អ្នករក​ភ្ញៀវ​ចូល​ក្នុង​ស្រុក​យើង​ដែរ»។

រូបឯកសារ៖ ខណៈចំនួនភ្ញៀវទេសចរធ្លាក់ចុះ សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់វត្ថុអនុស្សាវរីយ៍ ត្រូវបានដាក់ជួល ឬលក់ នៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ធីតា វីន/VOA)

ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ជា​ខ្លាំង​ដល់​ការ​រក​ប្រាក់​ចំណូល​របស់​ប្រជា​ពលរដ្ឋ​ទូទៅ​ជា​ប្រព័ន្ធ។

អ្នក​ស្រី​ ចាន់​ និមិល​ ជា​អាជីវករ​ម្នាក់​ក្នុង​ទី​ក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ ប្រាក់​ចំណូល​របស់​អ្នក​ស្រី​នៅ​ក្នុង​អំឡុង​ពេល​នេះ​មាន​ការ​ថម​ថយ​ ដូច​នេះ​ការ​ចំណាយ​មិន​ចាំ​បាច់​ត្រូវ​កាត់បន្ថយ​ ដូច​ជា​ការ​ដើរ​លេង​ជា​ដើម។

«សេដ្ឋ​កិច្ច​កំពុង​តែ​ចឹង​មាន​លុយ​ឯណា​ទៅ​ដើរ​លេង​ហើយ​មាន​លុយ​ឯណា​ទៅ​ជួល​[មគ្គុទេសក៍​ទេសចរណ៍]​ដើម្បី​ឲ្យ​គាត់​ជួយ​នាំ​ផ្លូវ​យើង​ទៅ​ដើរ​លេង​ គឺ​អត់​មាន​ទេ​ ពីព្រោះ​យើង​កំពុង​តែអត់​មាន​លុយ ​ចឹង​យើង​កាត់​បន្ថយ​ការ​ដើរ​លេង​ដែរ ។​និយាយ​រួម​ គឺ​យើង​អត់​លុយ​ អត់​ចង់ ​ដើរ​ លេង ​ប៉ុន្តែ​ឥឡូវ​ទទួល​មាន​ជំងឺ​ចឹង​ទៀត​គឺ​យើង​អត់​ហ៊ាន​ដើរ​លេង​ហ្មង»។

រៀង​រាល់​ពីរ​ឆ្នាំ​ម្តង​ មគ្គុទេសក៍​ទេសចរណ៍​ត្រូវ​បង់​ប្រាក់​ប្រមាណ​ជា​ ១០០​ដុល្លារ​អាមេរិក​ដើម្បី​បន្ត​សុពល​ភាព​អាជ្ញា​ប័ណ​មគ្គុទេសក៍​របស់​ខ្លួន។​ មួយ​វិញ​ទៀត​មគ្គុទេសក៍​ទេសចរណ៍​ភាគ​ច្រើន​កំពុង​ជាប់​បំណុល​ធនាគារ។

លោក​ ទៀ ​គីយូ​ មគ្គុទេសក៍​ទេសចរណ៍​ភាសា​ចិន​ បាន​ឲ្យ​ដឹង​ដែរ​ថា​ បញ្ហា​ទាំង​ពីរ​ខាង​លើ​នេះ​ កំពុង​ធ្វើ​ឲ្យ​មគ្គុទេសក៍​ទេសចរណ៍​ជួប​ការ​លំបាក​ជា​ខ្លាំង​នៅ​ក្នុង​អំឡុង​ពេល​នេះ។

«ចង់​ស្នើរ​សុំ​ឲ្យ​ខាង​មន្ទីរ​ក្រសួង​ហ្នឹង​ មាន​ការ​លើក​លែង​នូវ​ការ​ដូរ​អាជ្ញាប័ណ្ណ ​ដោយ​សារ​ភ្ញៀវយើង ​អត់​សូវ​សំបូរ​ចឹង​ មាន​ការ​សំណូម​ពរ​ឲ្យ​ខាង​មន្ទីរ​ ឬ​ក៏​ក្រសួង​ដែល​គាត់​អាច​ហ្នឹង​ជួយ​សម្រប​សម្រួល​បាន​ហ្នឹង​ គឺ​សំណូម​ពរ​ស្នើ​ទៅ​ខាង​ធនាគារ​អាច​បង់​តែ​ការ​ប្រាក់​សិន​ សម្រប​សម្រួល​កាត់​បន្ធូរ​បន្ថយ​ការ​ចំណាយ​របស់​គាត់​ចឹង»។

សណ្ឋាគារ ​ផ្ទះ​សំណាក់​ ហាង​លក់​នៅ​វត្ថុ​អនុស្សាវរីយ៍​មួយ​ចំនួន​ ដែល​មិន​ទាន់​បាន​បិទ​នោះ​ដើម្បី​កាត់​បន្ថយ​ការ​ប្រឈម​មុខ​ក្នុង​ការ​ខាត​បង់​ច្រើន​និង​បន្ត​ដំណើរ​អាជីវកម្ម​របស់​ខ្លួន​ទៅ​មុខ​ទៀត​ ម្ចាស់​អាជីវកម្ម​ខ្លះ​បាន​កាត់​បន្ថយ​បុគ្គលិក។ ​ចំណែក​ម្ចាស់​អាជីវកម្ម​ខ្លះ​ទៀត​ឲ្យ​បុគ្គលិក​ធ្វើ​ការ​ចែក​វេន​គ្នា​ ពោល​គឺ​ម្នាក់ៗ​ធ្វើ​ការ​១៥​ថ្ងៃ​ប៉ុណ្ណោះ ​ក្នុង​១​ខែ​ ដោយ​ប្រាក់​ខែ​ក៏​ត្រូវ​បាត់​អស់​ពាក់​កណ្តាល​ដែរ។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​អាជីវករ​ទាំង​នោះ។

លោក ​ទិត ​ចន្ថា​ រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ក្រសួង​ទេសចរណ៍​ បាន​មាន​ប្រសាសន៍​ថា វិធាន​ការណ៍​របស់​រដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​នោះ ​គ្រាន់​តែ​ជំហាន​ដំបូងតែ​ប៉ុណ្ណោះ​ នៅ​មាន​វិធានការណ៍​ផ្សេងៗ​ទៀត​ដែល​រដ្ឋា​ភិបាល​កំពុង​សិក្សា​ រក​ដំណោះ​បន្ថែម​ទៀត។

«នឹង​មាន​វិធានការ​ជា​បន្ត​បន្ទាប់​ទៀត​ នៅ​ក្នុង​ការ​បន្ទាប់​ពី​ធ្វើ​កិច្ចការ​នេះ​មិនមែន​ថា​យើង​ចេញ​ប៉ុណ្ណឹង​ទៅ ​ហើយ​ឈប់​ប៉ុណ្ណឹង​ទេ។ ​ផ្នែក​ពាក់​ព័ន​កំពុង​ធ្វើ​កិច្ចការ​ហ្នឹង​ហើយ ​ខាង​ភ្លើង​ ខាង​ទឹក​ ខាង​ធនាគារ​ ដែល​ស្នើរ​សុំ​ឲ្យ​មាន​ការ​បញ្ចុះ​ការ​ប្រាក់​ ឬ​ក៏​ស្នើរ​សុំ​ឲ្យ​មាន​ប្រព័ន​កែ​សម្រួល​អី​គេ​បាន​កំពុង​ធ្វើ​រឿង​នេះ»។

សម្រាប់​បុគ្គលិក​សណ្ឋាគារ​និង​ផ្ទះ​សំណាក់​ ដែល​បាន​បាត់​បង់​ការងារ​លោក​ បាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​មាន​ប្រាក់​ខ្លះ​សម្រាប់​ឧបត្ថម្ភ។

«បើ​ទោះ​បី​ថា ​គាត់​ផ្អាក​ពី​ការងារ​ហ្នឹង​ ក៏​គាត់​មិន​អត់​ជម្រើស​ដែរ ​ក៏​នៅ​តែ​មាន​ការ​ជួយ​ឧបត្ថម្ភ​គាំ​ទ្រជួយ​ឲ្យ​គាត់​បាន​រៀន​សូត្រ​ ហើយ​មាន​ប្រាក់​ឧបត្ថម្ភ​ក្នុង​ការ​រស់​នៅ​ ដោយ​ឆ្លង​កាត់​ដំណាក់​កាល​នេះ​មួយ​រយៈ គឺ​ឲ្យ​គាត់​ទាក់​ទង​ជា​មួយ​នឹង​មន្ទីរទេសចរណ៍​ មន្ទីរការងារ​ ឬ​រដ្ឋបាល​របស់​យើង​ យើង​បាន​កំពុង​ធ្វើ​នៅ​សៀមរាប​នេះ»។

លោក ​ទិត ​ចន្ថា បាន​ឲ្យ​ដឹង​បន្ថែម​ថា​ នៅ​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ក្រសួង​ទេសចរណ៍​និង​ក្រុម​មន្ត្រី​ពាក់​ព័ន្ធ​ដទៃ​ទៀត​រួម​ជា​មួយ​ក្រុម​វិស័យ​ឯកជន​ផង​នោះ​កំពុង​ជួប​គ្នា​ប្រជុំ​នៅ​ក្នុង​ខេត្ត​សៀមរាប​ ដើម្បី​រក​ដំណោះ​ស្រាយ​បន្ថែម​ទៀត​សម្រាប់​ការ​ជួយ​ដល់​អ្នក​ដែល​ប្រកប​របរ​ពឹង​ផ្អែក​លើ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប។

យោង​តាម​ស្ថិតិ​របស់​ក្រសួង​ទេសចរណ៍​ នៅ​ក្នុង​ខេត្ត​សៀមរាប​មាន​សណ្ឋាគារ​ចំនួន​ ២៣៤​ គិត​ជា​បន្ទប់​មាន​ប្រមាណ​ជាង​ ១៤០០០​បន្ទប់ ​ផ្ទះ​សំណាក់ ​៣១០​ គិត​ជា​បន្ទប់ ​ជាង​ ៤៦០០​បន្ទប់​ និង​ភោជនីយដ្ឋាន​មាន​ចំនួន​១៩៦។​ ជា​រៀង​រាល់​ឆ្នាំ​ភ្ញៀវ​ទេសចរណ៍​ប្រហែល​ជាង​ ២​លាន​នាក់​បាន​ទៅ​លេង​ខេត្ត​សៀមរាប ​ដែល​អាច​ផ្តល់​ចំណូល​ប្រហែល​ជាង ​១០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕