អ្នក​ការទូត​កំពូល​អាមេរិក​និង​ចិន​ប៉ះទង្គិច​សម្តី​គ្នា​​​នៅ​​កិច្ច​ប្រជុំ​​ដំបូង​​ក្នុង​​អាណត្តិ​ប្រធានាធិបតី​ Biden

  • ​Reuters

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken (ស្តាំ) និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi (ឆ្វេង) អមដោយមន្ត្រីការទូតនានា ចូលរួមក្នុងកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិកនិងចិន នៅទីក្រុង Anchorage រដ្ឋ Alaska កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។

ការចរចា​កំពូលលើក​ទី ១​ របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Joe ​Biden រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន បាន​ចាប់ផ្តើម​ដោយ​មាន​ភាព​រកាំ​រកូស​គ្នា​យ៉ាង​ខ្លាំង ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ភាគី​ទាំងពីរ​បានស្តី​បន្ទោស​គ្នា​យ៉ាង​ខ្លាំងដាក់គ្នាទៅវិញទៅមក ទាក់ទងនឹង​គោល​នយោបាយ​របស់​ខ្លួន នៅ​ក្នុង​ការបង្ហាញ​ជា​សាធារណៈ​ដ៏​កម្រ​មួយ ​ដែល​បាន​បញ្ជាក់ពី​កម្រិតនៃភាព​តានតឹងខ្លាំង​រវាង​ប្រទេសមហាអំណាចទាំង​ពីរ។

ជំនួប​នៅ​ក្នុង​ទីក្រុង Anchorage រដ្ឋ Alaska ​សហរដ្ឋ​អាមេរិក​ ត្រូវបាន​ធ្វើឡើង​ ក្រោយ​ដំណើរ​ទស្សនកិច្ច​ដោយ​មន្ត្រី​អាមេរិក​ទៅ​កាន់​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​ ដូច​ជា​ជប៉ុន​ និង​កូរ៉េ​ខាង​ត្បូង។ នៅក្នុងដំណើរទស្សនកិច្ចនោះ មន្ត្រីរបស់រដ្ឋាភិបាលអាមេរិកបានកត់​សម្គាល់ចំណាត់ការ​យ៉ាង​ជ្រួល​ច្រាល​របស់​ខ្លួន​ ដែល​បាន​បង្ហាញពីការ​ប្រកាន់​ជំហរ​តឹងតែងជាមួយប្រទេសចិន ខណៈ​រដ្ឋាភិបាលចិន​ក៏​បាន​ថ្លែង​តប​ដោយមិន​លាក់លៀមដែរ។​

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken បាន​ប្រាប់​សមភាគី​ចិន​របស់​លោ ក​ក្នុង​ការ​ឆ្លើយ​ឆ្លង​ដ៏តានតឹង​និងដ៏​កម្រ​នៅ​មុខ​អ្នកសារព័ត៌មាន​ថា៖ «យើង​នឹង​ពិភាក្សា​ពី​ការព្រួយ​កង្វល់​យ៉ាង​ខ្លាំង​របស់​យើង ​ពី​ចំណាត់ការ​របស់​ចិន រួម​ទាំង​នៅ​ក្នុង​តំបន់​ Xinjiang ក្រុង​ហុងកុង កោះ​តៃវ៉ាន់ ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​កំព្យូទ័រ​លើ​សហរដ្ឋ​អាមេរិក ការ​បង្ខំ​ខាង​សេដ្ឋកិច្ច​លើ​សម្ព័ន្ធមិត្ត​របស់​យើង»។

លោក Blinken បាន​និយាយ​ទៀត​ថា៖ «ចំណាត់ការនីមួយៗ​សុទ្ធ​តែ​គំរាម​កំហែង​ដល់រចនាសម្ព័ន្ធផ្អែក​លើ​ច្បាប់​ដែល​រក្សា​ស្ថិរភាព​សកលលោក»។

ចំណែក​អ្នក​ការទូត​កំពូល​ចិន​លោក Yang Jiechi បាន​ឆ្លើយ​តប​វិញ ដោយ​អាន​សុន្ទរកថា​ជា​ភាសា​ចិន​ចំនួន ​១៥​ នាទី​ ខណៈ​ដែល​ភាគី​អាមេរិក​រង់​ចាំ​ការ​បកប្រែ ដោយលោក​បាន​រិះគន់​ចំពោះ​អ្វី​ដែល​លោក​បាន​ហៅថា ជា​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ត្រដាបត្រដួស​របស់​សហរដ្ឋ​អាមេរិក ការ​មិន​យក​ចិត្ត​ទុក​ដាក់លើ​ជនជាតិ​ភាគតិច។ លោក Yang Jiechi ក៏បាន​រិះគន់​គោលនយោបាយ​ការ​បរទេស​និង​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិកផងដែរ។

លោក Yang ថ្លែង​ថា៖ «សហរដ្ឋ​អាមេរិក​បាន​ប្រើ​កម្លាំង​យោធា​និង​ឧត្តមភាព​ហិរញ្ញវត្ថុ​របស់ខ្លួន ដើម្បី​គាប​សង្កត់​ប្រទេស​ផ្សេងៗ​ទៀត។

លោក​បាន​និយាយ​ទៀត​ថា៖ «[អាមេរិក]​បាន​រំលោភ​អ្វី​ដែលខ្លួន​ហៅ​ថា​សន្តិសុខ​ជាតិ​ ដើម្បី​រារាំង​ការផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ធម្មតា​ ហើយ​ញុះញង់​ប្រទេស​ខ្លះ​ឲ្យ​វាយ​ប្រហារ​ចិន»៕